ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាទី២បានកកើតជារូបរាងមក តាមការកត់សម្គាល់ជាក់ស្តែងបានបង្ហាញឲ្យឃើញថា ទាំងស្រទាប់អ្នកនយោបាយ ទាំងស្រទាប់មន្ត្រីរាជការ ទាំងស្រទាប់អង្គការក្រៅរដ្ឋាភិបាល ទាំងមជ្ឈដ្ឋានប្រជារាស្ត្រមួយចំនួន បានប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាខុសឆ្គង មិនស្របទៅនឹងមាត្រា៦ វាក្យខណ្ឌទី២ ឧបសម្ព័ន្ធទី១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ហើយព័ស្តុតាងត្រូវបានរកឃើញថា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំដើរតួផ្តល់នូវគំរូអាក្រក់ជាចម្បង ដែលប្រើប្រាស់ទង់ជាតិព្រះរាជាណាចក្រកម្ពុជាខុសឆ្គង ទាំងនៅក្នុងភូមិគ្រឹះរបស់ខ្លួនក្បែរវិមានឯករាជ្យ ទាំងនៅវិមានសន្តិភាព ជាទីស្តីការនាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញ ។
រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៦ វាក្យខណ្ឌទី២ ឧបសម្ព័ន្ធទី១ បានកំណត់យ៉ាងច្បាស់លាស់អំពីអត្តសញ្ញាណទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលមាត្រា១៥០ថ្មី វាក្យខណ្ឌទី២នៃរដ្ឋធម្មនុញ្ញបានចែងដែរថា "ច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត" ។
បើធ្វើការប្រៀបប្រៀបរូបភាពនៃទង់ជាតិព្រះរាជាណាចក្រកម្ពុជា ដែលបុរសខ្លាំងប្រើប្រាស់នៅក្នុងភូមិគ្រឹះរបស់ខ្លួនក្បែរវិមានឯករាជ្យ និងប្រើប្រាស់នៅវិមានសន្តិភាពជាទីស្តីការនាយករដ្ឋមន្ត្រី ជាមួយអត្តសញ្ញាណទង់ជាតិព្រះរាជាណាចក្រកម្ពុជាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺទង់ជាតិដែលបុរសខ្លាំងប្រើប្រាស់មានលក្ខណៈខុសឆ្គង មិនស្របនឹងរដ្ឋធម្មនុញ្ញឡើយ ដោយសារ"គ្មានកាំជណ្តើរចូលខ្លោងទ្វារកំពូលប្រាសាទទាំងបី" ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា វាជារឿងអាម៉ាស់មួយដែលនាយករដ្ឋមន្ត្រីមិនយកចិត្តទុកដាក់ស្គាល់ឲ្យច្បាស់អំពីអត្តសញ្ញាណទង់ជាតិប្រទេសរបស់ខ្លួន ដែលមានចែងកំណត់ក្នុងរដ្ឋធម្មនុញ្ញ ហើយបែរជាប្រើប្រាស់ទាំងខុសឆ្គង ក្រោមរូបភាពផ្តល់នូវគំរូអាក្រក់ចម្បងគេទៅវិញ ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាឈ្វេងយល់ និងងាកមកប្រើប្រាស់ទង់ជាតិព្រះរាជាណាចក្រកម្ពុជាឲ្យមានភាពត្រឹមត្រូវ ដើម្បីធ្វើជាគំរូល្អក្នុងនាមជាថ្នាក់ដឹកនាំកំពូល ពោរពេញទៅដោយអំណាចផង បើពុំនោះសោតទេ នាយករដ្ឋមន្ត្រីកម្ពុជានឹងជាប់ឈ្មោះជាមនុស្សមិនស្គាល់អត្តសញ្ញាណទង់ជាតិប្រទេសខ្លួនឯងពិតប្រាកដ ៕