ឈ្មោះ ថោង ចំរើន ហៅ តាំង សុខ និងមានឈ្មោះដើមជាភាសាវៀតណាមថា «មិន» អាយុ៦៧ឆ្នាំ ត្រូវជាឪពុក និងឈ្មោះ កែវ សារី មានឈ្មោះដើមជាភាសាវៀតណាមថា «ហាយ» អាយុ៥៥ឆ្នាំ ត្រូវជាម្តាយរបស់ឧត្តមសេនីយ៍ឧកញ៉ា ថោង សារ៉ាត់ និងស្ត្រីឈ្មោះ ទាវ ធីតា អាយុ៣៣ឆ្នាំ ជាប្រពន្ធទី២របស់ឧកញ៉ា ថោង សារ៉ាត់ និងបុរសឈ្មោះ ថោង បូណា មានឈ្មោះដើមជាភាសាវៀតណាមថា «មិញ» អាយុ៣៣ ឆ្នាំ ជាប្អូនបង្កើតឧកញ៉ា ថោង សារ៉ាត់ ដែលជាប់សង្ស័យក្នុងសំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ហើយត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីរាត្រីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នោះ ត្រូវបានបញ្ជូនខ្លួនមកកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនៅវេលាព្រឹកនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤នេះ ហើយបើតាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងដែរថា ក្រុមជនសង្ស័យទាំង៤នាក់នេះ នឹងត្រូវចាត់នីតិវិធីសាកសួរបន្តនៅថ្ងៃស្អែកទី០៧ ខែធ្នូ ឆ្នាំ២០១៤ ទៀត។
ចំណុចគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងវត្តមានរបស់ក្រុមជនសង្ស័យជាគ្រួសាររបស់លោកឧកញ៉ា ថោង សារ៉ាត់ នៅក្នុងបរិវេណតុលាការសាលាដំបូងរាជធានីភ្នំពេញនោះ គឺឪពុកម្តាយរបស់ឧកញ៉ា ថោង សារ៉ាត់ ហាក់បានសម្តែងនូវការមិនខ្វល់ក្នុងចិត្តបន្តិចសោះឡើយ ហើយបែរជាសើចឌឺដាក់សមត្ថកិច្ច អ្នកសារព័ត៌មាន និងមហាជនទៅវិញ ធ្វើឲ្យមជ្ឈដ្ឋានទូទៅកត់សម្គាល់ថា ទំនងជាជនសង្ស័យនេះអាងមានខ្នងក្រាស់ និងអាងមានលុយកាក់ច្រើន សង្ឃឹមថា នឹងបានរួចខ្លួនវិញមើលទៅ។
លោកឧត្តមសេនីយ៍ទោយោធា ថោង សារ៉ាត់ មានឈ្មោះដើមជាភាសាវៀតណាមថា «ប៊ិន ទឹង» អាយុ៣៨ឆ្នាំ និងមានងារជាឧកញ៉ា និងក្រុមអង្គរក្ស ព្រមទាំងក្រុមគ្រួសារត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទអំពើឃាតកម្មគិតទុកជាមុន សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន រារាំងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច និងរក្សាទុកអាវុធខុសច្បាប់ ខណៈលោកឧកញ៉ា ថោង សារ៉ាត់ កំពុងរត់គេចទៅសំងំលាក់ខ្លួននៅស្រុកយួន។
មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ទោះបីអំពើរបស់ក្រុមគ្រួសារឧកញ៉ា ថោង សារ៉ាត់ កន្លងមកមានរូបភាពមិនសូវល្អក៏ពិតមែន ក៏ប៉ុន្តែគេមិនជឿថា ក្រុមជនសង្ស័យទាំងនោះមានការពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ឡើយ គឺទំនងអាចមានអ្នកធំប្រើល្បិច «ព្រួញ១បាញ់បានឧកញ៉ា២»៕