ថ្ងៃ អង្គារ ទី ០៩ ខែ មីនា ឆ្នាំ ២០២១

ផ្ទុះ​រឿងអាស្រូវ​គ្រួសារ​ឧកញ៉ា មេខ្លោង​ឃាតក ថោង សារ៉ាត់ ពេញ​បណ្តាញ​ព័ត៌មាន​សង្គម Facebook

​ក្រៅពី​ជាប់​ឈ្មោះ ក្នុង​បញ្ជីខ្មៅ​របស់​ប៉ូលិស​ក្រោម​បទចោទប្រកាន់​ថា ជា​មេខ្លោង​នៅ​ពី​ក្រោយខ្នង​អង្គរក្ស​ជា​ឃាតក​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កណ្តាល​រាជធានី​ភ្នំពេញ​យ៉ាង​សាហាវព្រៃផ្សៃ​កាលពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នោះ ក្រុមគ្រួសារ​លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ថោង សារ៉ាត់ ទាំងមូល​បាន​ផ្ទុះ​បែកធ្លាយ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​ពាសពេញ​បណ្តាញ​ព័ត៌មាន​សង្គម Facebook ដ៏​ពេញនិយម​នៅ​កម្ពុជា ខណៈ​ទាំង​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាល​នៅ​រស់រានមានជីវិត ទាំង​លោក​ឧកញ៉ា ថោង សារ៉ាត់ សុទ្ធ​តែមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ដូចគ្នា​ជាមួយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស និង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ឧកញ៉ា​ទាំង​២​នាក់​នេះ ក៏​មានរឿង​ទំនាស់​ដីធ្លី​ជាមួយគ្នា​ទៀតផង​។​

​មិន​ត្រឹមតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា​វ័យក្មេង ថោង សារ៉ាត់ មាន​សាវតា​ដើម​ជា​ជនជាតិ​វៀតណាម ឈ្មោះ «​ប៊ិន ទឹង​» អាយុ​៣៨​ឆ្នាំ នាយក​ក្រុមហ៊ុន Meanchey International Investment ក្រុមហ៊ុន​បុរី​៩៩៩ និង​ក្រុមហ៊ុន​ប៉ា​តេ​មានជ័យ​៩៩៩ ប៉ុណ្ណោះ​ទេ ដែល​ល្បី​ពេញ Facebook ទាក់ទង​នឹង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ យ៉ាង​ព្រៃផ្សៃ​នោះ គឺ​សូម្បី​ឪពុក​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ ថោង ចំរើន ហៅ «​តាំង សុខ​» មាន​សាវតា​ដើម​ជា​ជនជាតិ​យួន​ឈ្មោះ «​មិន​» អាយុ​៦៧​ឆ្នាំ និង​ម្តាយ​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ កែវ សារី មាន​សាវតា​ដើម​ជា​ជនជាតិ​យួន​ឈ្មោះ «​ហាយ​» អាយុ​៥៥​ឆ្នាំ ដែល​ត្រូវបាន​ប៉ូលិស​ចាប់​ឃាត់ខ្លួន​រួច​ហើយក៏​ល្បីឈ្មោះ​ក្នុង Facebook ផងដែរ​គឺ​៖

១- ឈ្មោះ ថោង ចំរើន ហៅ តាំង សុខ និង​មានឈ្មោះ​ជា​ភាសា​យួន​ថា «​មិន​» ធ្លាប់​កាន់​តួនាទី​ជា​ជំនាញការ​យួន​នា​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ធ្លាប់​ព​បីបាច់រក្សា​សព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ហុក ឡងឌី សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​ជា​អគ្គស្នងការ​នគរបាល​ជាតិ​កាល​នៅមាន​ជីវិត តាំងពី​នៅ​តូចក្រូចឆ្មារ​មកម្ល៉េះ រួចហើយ​ក៏បាន​ក្លាយជា​មនុស្ស​មានអំណាច និង​មានទ្រព្យ​សម្បត្តិ​មហាសាល​នៅ​ស្រុក​ខ្មែរ​។ ឈ្មោះ ថោង ចំរើន នេះ​ចូលចិត្ត​លេង​កាំភ្លើង​ណាស់ ជួនកាល​យក​កាំភ្លើង​មក​បង្វិល​លេង​រួច​ហើយក៏​ចូលចិត្ត​បាញ់​១​គ្រាប់​២​គ្រាប់​ទុកជា​ការកម្សាន្ត​ជា​ហូរហែ​។​

២- ឈ្មោះ កែវ សារី និង​មានឈ្មោះ​ជា​ភាសា​យួន​ថា «​ហាយ​» ទទួលបាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ​០១០៤១៨៩៤១ និង​បាន​ក្លាយជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៤៣១៧២ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ ព្រមទាំង​កាន់កាប់​តំណែង​ជាទី​ប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ទទួល​បាន​ងារ​ជា «​លោកជំទាវ​» ទៀតផង​។​

៣- លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា «​ផ្កាយ​២» ថោង សារ៉ាត់ និង​មាន​ងារ​ជា​ឧកញ៉ា «​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០១/៤៣៦ ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០១» ដែល​កំពុង​រត់គេចខ្លួន​ទៅ​ស្រុក​យួន​នោះ​មានរឿង​អាស្រូវ​ក្តីក្តាំ​គ្នា​ជាច្រើន​ករណី មាន​ទាំង​នៅ​ស្ថាប័ន​តុលាការ ទាំង​ក្រៅ​ស្ថាប័ន​តុលាការ បូករួម​ទាំង​ករណី​ទំនាស់​ដីធ្លី​ផង ខណៈ​នាពេល​កន្លងមក​នៅពេល​រាសី​មិនទាន់​ស្រុតចុះ​នោះ គឺ​លោក​ឧកញ៉ា វ័យក្មេង​រូបនេះ ក្តីក្តាំ​មិនដែល​ចាញ់​នរណាម្នាក់​ឡើយ​ដោយសារតែ​អំណាច​បក្ខពួក និង​អំណាច​ទឹក​លុយ​។​

៤- លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ថោង សារ៉ាត់ បាន​បង្កើត​ក្រុម​អង្គរក្ស​មាន​ចំនួន​ច្រើន​គ​គោក និង​បំពាក់​ដោយ​អាវុធ​ទំនើបៗ  ហើយ​មាន​ចរិត​កាច​សាហាវ ដើម្បី​ការពារ​ខ្លួន​ដែល​សម្បូណ៌​រឿងអាស្រូវ​ផង និង​ដើម្បី​ប្រើ​អំណាច​គាបសង្កត់់​ទៅលើ​អ្នកដទៃ​ក្នុងន័យ​ការពារ​ផលប្រយោជន៍​មុខ​ជំនួញ​របស់ខ្លួន​ផង​។​

​ប្រភពព័ត៌មាន​ច្បាស់ការ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​លោក​ឧកញ៉ា ថោង សារ៉ាត់ រួមមាន​ទាំង​ឪពុក​-​ម្តាយ ទាំង​បងប្អូន​ចំនួន​៥​នាក់ ដែលមាន​សាវតា​ដើម​ជា​ជនជាតិ​យួន​នោះ បាន​ចុះ​ក្នុង​បញ្ជី​ជំរឿន​ស្ថិតិ​ជនអន្តោប្រវេសន៍​យួន​រួចហើយ​នាពេល​កន្លងទៅ​ថ្មីៗ​នេះ គឺ​ឋិត​ក្នុង​បញ្ជី​ជា​ជនជាតិ​យួន ប៉ុន្តែ​ប្លែក​ជាពិសេស​នៅត្រង់ថា ក្រុមគ្រួសារ​ជា​ជនជាតិ​យួន​នេះ​អាច​កាន់កាប់​អំណាច​មានមុខ​តំណែង​ក្នុង​ស្ថាប័ន​ជាតិខ្មែរ ព្រមទាំង​មានឱកាស​កើប​ទ្រព្យសម្បត្តិ​ធ្វើជា​សេដ្ឋី​នៅ​ស្រុក​ខ្មែរ​បាន​យ៉ាង​ពេញទំហឹង​៕​

 

 

     

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.