ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

កើតរឿង​ឧកញ៉ា​សម្លាប់​ឧកញ៉ា​កក្រើក​សង្គម​ខ្មែរ​គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​

​ក្រៅពី​ធ្លាប់​ឮ​និង​ធ្លាប់​ឃើញ​មាន​ករណី​ឧកញ៉ា​រំលោភ​បំពាន​ដីធ្លី​ និង​គាបសង្កត់​ប្រជារាស្ត្រ​ក្រីក្រ​តូចតាច​ ឧកញ៉ា​ក្តីក្តាំ​ជាមួយ​ឧកញ៉ា​(​ឧទាហរណ៍​ ៖​ ឧកញ៉ា​ គិត​ ធៀង​ ជាមួយ​ឧកញ៉ា​ ទ្រី​ ហេង​,​ អ្នកឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ ជាមួយ​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​,​ ឧកញ៉ា​ ឈាង​ ប៉ាក់​សួរ​ ជាមួយ​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​…​។​ល​។​)​ ឧកញ៉ា​មានរឿង​អាស្រូវ​នៅ​ស្ថាប័ន​តុលាការ​រហូត​ដល់​ថ្នាក់​ជាប់​បណ្តឹងអាជ្ញា​ ឬ​ជាប់​ពន្ធនាគារ​(​ឧទាហរណ៍​ ៖​ ឧកញ៉ា​ តាន់​ សេង​ហាក់​,​ឧកញ៉ា​ ឈឿ​ន​ ចាន់​ថន​,​ ឧកញ៉ា​ ដេ​វី​ដ​ ឆា​ណាយ​វ៉ា​…​។​ល​។​)​ ឥឡូវនេះ​ ថ្វី​ដ្បិត​មិន​ទាន់​ចាប់ខ្លួន​បាន​យក​មក​ផ្តន្ទាទោស​ជា​ស្ថាពរ​ដោយ​ស្ថាប័ន​តុលាការ​ ប៉ុន្តែ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ចោទប្រកាន់​រួច​ហើយ​ថា​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ គឺជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​ឃាតក​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ។​ ដូច្នេះ​ វា​គឺជា​សំណុំរឿង​ឃាតកម្ម​ឧកញ៉ា​សម្លាប់​ឧកញ៉ា​ កើត​មាននៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ ជា​នាយក​រដ្ឋមន្ត្រី​ ខណៈ​ដែល​សម័យ​បុរស​ខ្លាំង​គ្រប់គ្រង​អំណាច​បាន​ផលិត​ឧកញ៉ា​ជិត​១.០០០​នាក់​ទៅ​ហើយ​ ។​

​បន្ទាប់​ពី​មានការ​ចាប់ខ្លួន​ក្រុម​អង្គរក្ស​របស់​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ចំនួន​៤​នាក់​រួច​មក​ ដែល​ក្នុង​នោះ​ចំនួន​២​នាក់​បាន​សារភាព​ និង​ម្នាក់​ទៀត​សង្ស័យ​ជា​អ្នក​ធ្វើ​សកម្មភាព​បើកបរ​ទោចក្រយានយន្ត​ដឹក​ឃាតក​ដែល​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នោះ​ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ថា​ លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ គឺជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​ឃាតក​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ខណៈ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​រត់គេច​ខ្លួន​ទៅ​ស្រុក​យួន​បាត់​ស្រមោល​កាលពី​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​ ។​ ដោយឡែក​ សកម្មភាព​នៃ​ការ​ឡោម​ព័ទ្ធ​ឆែកឆេរ​ភូមិ​គ្រឹះ​ និង​ទីតាំង​ផលិត​ប៉ា​តេ​មាន​ជ័យ​៩៩៩​ ឋិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ និង​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ នា​រាត្រី​ថ្ងៃ​ម្សិលមិញ​ គឺ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៤​នាក់​ រួម​ទាំង​ឈ្មោះ​ ថោ​ង​ ចំរើន​ (​មានឈ្មោះ​ដើម​ជា​ភាសា​វៀតណាម​ថា​ មិន​)​ ជា​ឪពុក​ និង​ឈ្មោះ​ កែវ​ សារី​ ជា​ម្តាយ​របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​មន្ត្រី​បម្រើការងារ នៅស្ថាប័នព្រឹទ្ធសភា​ផង​ ​ដកហូត​អាវុធ​ខ្លី​ចំនួន​៦​ដើម, រថយន្តទំនើបម៉ាក Mercedes២គ្រឿង, រថយន្តទំនើបម៉ាក Lexus470 ពាក់ស្លាកលេខខេមរភូមិន្ទ១គ្រឿង, រថយន្តទំនើបម៉ាក Range Rover ១គ្រឿង, រថយន្តទំនើបម៉ាក Lexus570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-9999 ១គ្រឿង, រថយន្ត Van ចំណុះ១២កៅអី ១គ្រឿង ។​

​កាលពី​រសៀល​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ឪពុក​ម្តាយ​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​មាន​សាវតា​ដើម​ជា​ជនជាតិ​យួន​ តែ​អាច​និយាយ​ភាសា​ខ្មែរ​បាន​ប៉ៃឡាំៗ​នោះ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ ដោយ​បាន​បដិសេធ​ថា​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​កូន​របស់​ខ្លួន​ និង​ក្រុម​អង្គរក្ស​មិន​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នោះ​ឡើយ​ ហើយ​បាន​ប្រកាស​ថា​ នឹង​ប្តឹង​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ទៅ​ស្ថាប័ន​តុលាការ​ ពី​បទ​ប្រើ​អំណាច​សំឡុត​គំរាមកំហែង​ និង​ចាប់ខ្លួន​អង្គរក្ស​ ព្រមទាំង​ប៉ុនប៉ង​ចាប់ខ្លួន​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ទៀត​ផង​ ។​ ប៉ុន្តែ​ឥឡូវនេះ​ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ឪពុក​ម្តាយ​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មុន​ពេល​អ្នក​ទាំង​ពីរ​ប្តឹង​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ បាត់​ទៅ​ហើយ​ ។​

​លោក​ ថោ​ង​ សា​រ៉ាត់​ អាយុ​៣៨​ឆ្នាំ​ មានឈ្មោះ​ដើម​ជា​ភាសា​វៀតណាម​ថា​ "​ប៊ិ​ន​ ទឹង​"​ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា​(​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០១/៤៣៦​ ចុះ​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០០១)​ ក្នុង​នាម​ជា​អគ្គនាយក​ក្រុមហ៊ុន​ Meanchey​ International​ Investment​ និង​ក្រុមហ៊ុន​បុរី​៩៩៩​ និង​ក្រុមហ៊ុន​មាន​ជ័យ​ប៉ា​តេ​៩៩៩​ គឺ​ឧកញ៉ា​វ័យក្មេង​រូប​នេះ​ ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ទៀត​ផង​ ។​ លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​មា​នា​អង្គរក្ស​ច្រើន​ហែហម​ និង​ប្រើប្រាស់​កាំភ្លើង​ទំនើបៗ​ ធ្លាប់​មានរឿង​ក្តីក្តាំ​ជា​ច្រើន​ករណី​ បូក​រួម​ទាំង​រឿង​ទំនាស់​ដីធ្លី​ ទាំង​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ ទាំង​នៅ​ក្រៅ​ស្ថាប័ន​តុលាការ​ ។​

​លោក​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ អាយុ​៥៧​ឆ្នាំ​ ជា​ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ​ និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៩/១០២៤​ ចុះ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០០៩​ ។​ លោក​ឧកញ៉ា​រូប​នេះ​ក៏​មាន​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​នៅ​ស្ថាប័ន​តុលាការ​ផង​ដែរ​ ដែល​មាន​លោក​ឧកញ៉ា​ ឈាង​ ប៉ាក់​សួរ​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ ។​ ជា​អកុសល​ លោក​ឧកញ៉ា​រូប​នេះ​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ ខណៈ​លោក​ឧកញ៉ា​ចុះ​ពីលើ​រថយន្ត​ទំនើប​របស់​ខ្លួន​ម៉ាក​ Lexus570​ បម្រុង​ចូល​ទិញ​ផ្លែ​ឈើ​នៅ​ហាង​លក់​ផ្លែ​ឈើ​យីហោ​ ឡោ​ តិច​សេង​ ឋិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​នេះ​គឺជា​សំណុំរឿង​ឃាតកម្ម​ឧកញ៉ា​សម្លាប់​ឧកញ៉ា​យ៉ាង​កក្រើក​សង្គម​ខ្មែរ​សម័យ​ព្រះរាជាណាចក្រ​ទី​២​ គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​ ប្រៀបប្រដូច​ទៅ​នឹង​អំពើ​បាញ់​កាប់​ចាក់​របស់​ក្រុម​បង​តូច​-​បងធំ​នៅ​ក្នុង​រឿងកុន​ចិន​បេះបិទ​តែ​ម្តង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.