ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ឡោមព័ទ្ធភូមិគ្រឹះនិងទីតាំងផលិតប៉ាតេមានជ័យ៩៩៩របស់ឧត្តមសេនីយ៍ឧកញ៉ា ថោង សារ៉ាត់ ទាំងយប់ ខណៈសមត្ថកិច្ចអះអាងថា ថោង សារ៉ាត់ ជាមេខ្លោងឃាតកសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ

នៅ​រាត្រី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៤​នេះ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​តំណាង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់ បាន​ចុះ​ឡោមព័ទ្ធ​ភូមិគ្រឹះ​ច្រើន​កន្លែង ឋិត​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​បឹងទំពុន និង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ទីតាំង​ឡ​ផលិត​សាច់​ប៉ា​តេ មានជ័យ​៩៩៩ របស់​ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​២ និង​មាន​ងារ​ជា​ឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ​ដើម​ជា​ភាសា​វៀតណាម​ថា "​ប៊ិន ទឹង​" ដើម្បី​ស៊ើបអង្កេត​រក​ព័ស្តុតាង​បន្ថែម និង​ស្វែងរក​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ បន្ទាប់ពី​សមត្ថកិច្ច​ស្រាវជ្រាវ​តាមដាន​ជា​បន្តបន្ទាប់​ឃើញ​មាន​តម្រុយ​ថា លោក​ឧកញ៉ា​វ័យក្មេង​រូបនេះ​មានការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ ជា​ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ កាលពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងមក ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​មានប្រសាសន៍ប្រាប់​បណ្តាញ​សារព័ត៌មាន​នា​ល្ងាច​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ថា លោក​ឧកញ៉ា ថោង សារ៉ាត់ គឺជា​មេខ្លោង​ឃាតក​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ។ ការសន្និដ្ឋាន​របស់លោក​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បែបនេះ គឺ​បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​ចម្លើយសារភាព​ពី​ក្រុម​អង្គរក្ស​ចំនួន​២​នាក់ ក្នុងចំណោម​អង្គរក្ស​ចំនួន​៤​នាក់ ហើយ​អង្គរក្ស​ម្នាក់ទៀត​របស់លោក​ឧក​ញ៉ា ថោង សារ៉ាត់ ឈ្មោះ លី សៅ ហៅ វី ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​នា​រសៀល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៤​នេះ ត្រូវបាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ថា ជា​អ្នកធ្វើ​សកម្មភាព​បើកបរ​ទោចក្រយានយន្ត​ដឹក​ឃាតក​ដែល​បាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ យ៉ាង​សាហាវព្រៃផ្សៃ ។​

​គិត​ត្រឹម​វេលា​ម៉ោង​២០​និង​១៥​នាទី នា​រាត្រី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៤​នេះ សមត្ថកិច្ច​មិនទាន់​ដឹង​ព័ត៌មាន​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ​ដែលថា លោក​ឧកញ៉ា ថោង សារ៉ាត់ ជា​មេខ្លោង​នៃ​អំពើ​ឃាតកម្ម​នោះ ពួន​សំងំ​លាក់ខ្លួន​នៅក្នុង​ភូមិគ្រឹះ​ណាមួយ ខណៈ​មាន​ប្រភពព័ត៌មាន​អាច​យកជាការបាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា ថោង សារ៉ាត់ ជា​ថៅកែ​ក្រុមហ៊ុន​មានជ័យ អ៊ិន​ធើ​ណេ​សិ​នណល អ៊ិន​វេស​មេន និង​ជា​ថៅកែ​ក្រុមហ៊ុន​បុរី​៩៩៩ និង​ក្រុមហ៊ុន​មានជ័យ​ប៉ា​តេ​៩៩៩ មាន​រត់គេចខ្លួន​ទៅ​ស្រុក​យួន​បាត់ទៅហើយ កាលពី​វេលា​ព្រឹក​មិញ​នេះ ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ក៏បាន​ចាប់​ឃាត់ខ្លួន​ឪពុក​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ ថោង ចំរើន និង​ម្តាយ​របស់លោក​ឧកញ៉ា​រូបនេះ​ឈ្មោះ កែវ សារី ដែលមាន​សាវតា​ដើម​ជា​ជនជាតិ​យួន​ផងដែរ ដោយ​ចោទប្រកាន់​ក្នុង​អំពើ​សមគំនិត​ណាមួយ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ ដែល​មនុស្ស​ភាគច្រើន​មិន​នឹកស្មាន​ដល់​នោះ ។​

​ទោះយ៉ាងណា​ក៏ដោយ ទាក់ទង​នឹង​ព័ត៌មាន​ស៊ើបអង្កេត​ស្រាវជ្រាវ​ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​រសើប​នេះ គេហទំព័រ​សារព័ត៌មាន​នឹង​បន្ត​តាមដាន​ចុះផ្សាយ​ព័ត៌មាន​ជូន​ប្រិយមិត្ត​អ្នកអាន​បាន​ស្វែងយល់​ជា​បន្តបន្ទាប់​ទៀត ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.