ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

បញ្ចេញ​កំហឹង​តាម​ Facebook​ ត្រូវ​ស្រី​ស្រស់​ក្មេង​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​និង​ទាមទារ​សំណង​ជាង​៥០​ម៉ឺន​ដុល្លារ​

​រឿងរ៉ាវ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ចេះ​តែ​កើត​ឡើងជា​បណ្តើរៗ​ និង​ប្លែកៗ​ ជា​ពិសេស​ទាក់ទង​នឹង​ករណី​បរិហារកេរ្តិ៍​ ជេរ​ប្រមាថ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ តួយ៉ាង​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ពេល​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា​ អ្នកលេង​ Facebook​ ម្នាក់​ឈ្មោះ​ ល​.​ក​.​ណ​ ដោយ​ប្រើប្រាស់​ Account​ ឈ្មោះ​ Linlin​ Lay​ ព្រោះតែ​បញ្ចេញ​កំហឹង​តាម​ Facebook​ ត្រូវ​ស្រី​ស្រស់​ក្មេង​ម្នាក់​ឈ្មោះ​ ខ​.​ម​.​រ​ អាយុ​២៤​ឆ្នាំ​ ប្តឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៤​ ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ និង​ជេរ​ប្រមាថ​ជា​សាធារណៈ​ កាលពី​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៤​ និង​ទាមទារ​ប្រាក់​សំណង​ការ​ខូចខាត​ ព្រមទាំង​ជំងឺ​ចិត្ត​រហូត​ដល់​ទៅ​មាន​ចំនួន​ជាង​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ អ្នកលេង​ Facebook​ ឈ្មោះ​ ល​.​ក​.​ណ​ ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Linlin​ Lay​ ជា​ចុង​ចម្លើយ​ នឹង​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួល​ន្ទុ​ក​សំណុំរឿង​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ដោះ​បន្ទុក​នៅ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ខាង​មុខ​នេះ​ ។​

​ដំណើរ​សាច់​រឿង​សង្ខេប​ក្នុង​ករណី​ប្តឹងផ្តល់​គ្នា​ព្រោះតែ​បញ្ចេញ​កំហឹង​តាម​ Facebook​ នេះ​ ត្រូវ​បាន​ភាគី​ដើមចោទ​ឈ្មោះ​ ខ​.​ម​.​រ​ ជា​អ្នកលេង​ Facebook​ និង​អះអាង​ថា​ ជា​ម្ចាស់​ហាង​ Bi​ Salon​ ជាទី​ប្រឹក្សា​អង្គការ​ជប៉ុន​មួយ​ឈ្មោះ​ NEDO​ រៀបរាប់​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ខ្លួន​ថា​ នា​ឆ្នាំ​២០១២​ ឈ្មោះ​ ល​.​ក​.​ណ​ បាន​ស្គាល់​ខ្លួន​តាម​រយៈ​មិត្តភក្តិ​ដែល​រកស៊ី​ផ្នែក​សណ្ឋាគារ​ជាមួយ​ខ្លួន​ និង​ឈ្មោះ​ ល​.​ក​.​ណ​ ក៏​បាន​ណែនាំ​ខ្លួន​ឲ្យ​ស្គាល់​ប្តី​របស់​គេ​ឈ្មោះ​ ឃ​.​ស​.​រ​ ជា​ពាណិជ្ជករ​ ហើយ​ក៏​រាប់អាន​គ្នា​ជា​ប្រក្រតី​ ។​ នៅ​ចុងឆ្នាំ​២០១៣​ ឈ្មោះ​ ឃ​.​ស​.​រ​ ជា​ប្តី​ឈ្មោះ​ ល​.​ក​.​ណ​ បាន​ខ្ចីប្រាក់​ខ្លួន​ចំនួន​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ភ្ជាប់​ជាមួយនឹង​ការ​ប្រាក់​ និង​មានការ​ដឹង​ឮ​ពី​ឈ្មោះ​ ល​.​ក​.​ណ​ ជា​ប្រពន្ធ​ផង​ដែរ​ ។​ ទាក់ទង​នឹង​ការ​ខ្ចីប្រាក់​នេះ​ ឈ្មោះ​ ឃ​.​ស​.​រ​ បាន​បង់ការ​ប្រាក់​មួយ​ចំនួន​ តែ​មិន​ទាន់​បាន​បង់ប្រាក់​ដើម​ឲ្យ​ខ្លួន​តាម​កាលកំណត់​ទេ​ ទើប​ធ្វើ​ឲ្យ​ខ្លួន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ប្តី​-​ប្រពន្ធ​ទាំង​២​នាក់​ឲ្យ​សង​ប្រាក់​ដែល​ជំពាក់​ តែ​ពួក​គេ​ព្យាយាម​គេចវេះ​ ។​ ដោយ​អស់​លទ្ធភាព​ក្នុង​ការ​ទារប្រាក់​ជំពាក់​នេះ​ ខ្លួន​បាន​ប្រគល់​សិទ្ធិ​ជូន​មេធាវី​រៀបចំ​លិខិត​ជូនដំណឹង​ឲ្យ​ឈ្មោះ​ ឃ​.​ស​.​រ​ បង់ប្រាក់​ដែល​ជំពាក់​មក​ឲ្យ​ខ្លួន​ ។​ ក្រោយ​ការ​ជូនដំណឹង​នេះ​ ឈ្មោះ​ ឃ​.​ស​.​រ​ ក៏​មិន​បាន​សង​ប្រាក់​ឲ្យ​មក​ខ្លួន​ដែរ​ ហើយ​ថែម​ទាំង​ឈ្មោះ​ ល​.​ក​.​ណ​ ជា​ប្រពន្ធ​មាន​អារម្មណ៍​ក្តៅក្រហាយ​ ក៏​បាន​បញ្ចេញ​កំហឹង​តាម​ Facebook​ នា​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៤​ ដោយ​ប្រើប្រាស់​ Account​ ឈ្មោះ​ Linlin​ Lay​ សរសេរ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ ដែល​ជា​ការ​បរិហារកេរ្តិ៍​បង្ខូចកេរ្តិ៍​ និង​ជេរ​ប្រមាថ​ជា​សាធារណៈ​ ។​

​ពាក្យបណ្តឹង​របស់​ដើមចោទ​ជា​ស្រី​ស្រស់​ក្មេង​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​ បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​ ការ​បញ្ចេញ​កំហឹង​ជា​អំពើ​បរិហារកេរ្តិ៍​ និង​ជេរ​ប្រមាថ​របស់​អ្នកលេង​ Facebook​ មាន​ Account​ ឈ្មោះ​ Linlin​ Lay​ បាន​ធ្វើ​ឲ្យ​ខ្លួន​ខាតបង់​ផលប្រយោជន៍​ដូច​តទៅ​ ៖

១-​រាំងស្ទះ​គម្រោង​វិនិយោគ​ក្នុង​ទំហំ​ដើមទុន​ជា​ទឹកប្រាក់​ចំនួន​៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​នោះ​ខ្លួន​មាន​ភាគហ៊ុន​៣០%​ ស្មើនឹង​១៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ នាំ​ឲ្យ​ខ្លួន​ខាតបង់​ប្រាក់​អស់​ចំនួន​៧២.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

២-​រាំងស្ទះ​សកម្មភាព​ទិញ​-​លក់​ដីធ្លី​ មាន​តម្លៃ​២​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ក្នុង​នោះ​ខ្លួន​ត្រូវ​ទទួល​បាន​ប្រាក់​កម្រៃ​សេវាកម្ម​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

៣-​គាំង​ដំណើរការ​ផ្តល់​ជំនួយ​របស់​អង្គការ​ជប៉ុន​ឈ្មោះ​ Nippon​ Foundation​ ដែល​គ្រោង​ត្រូវ​ផ្តល់​មូលនិធិ​ដល់​អាជីវកម្ម​ Bi​ Salon​ របស់​ខ្លួន​ ធ្វើ​ឲ្យ​ខាតបង់​ទឹកប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ដូច្នេះ​ ក្រៅពី​សំណូមពរ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ទៅ​លើ​អ្នកលេង​ Facebook​ ឈ្មោះ​ ល​.​ក​.​ណ​ អាយុ​៣៤​ឆ្នាំ​ ប្រើប្រាស់​ Account​ ឈ្មោះ​ Linlin​ Lay​ ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ និង​ជេរ​ប្រមាថ​ជា​សាធារណៈ​តាម​ Facebook​ នោះ​ គឺ​ស្រី​ស្រស់​ក្មេង​ឈ្មោះ​ ខ​.​ម​.​រ​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ បាន​ប្តឹង​ទាមទារ​សំណង​ការ​ខូចខាត​ចំនួន​៤៧២.០០០​ដុល្លារ​អា​មេ​រិ​ក​,​ សំណង​ជំងឺ​ចិត្ត​ចំនួន​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ និង​ការ​ចំណាយ​លើ​សេវា​ផ្លូវច្បាប់​ចំនួន​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដែល​សរុប​ចំនួន​៥៣២.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​មិន​ទាន់​ដឹង​ថា​ តើ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​អ្នកលេង​ Facebook​ ឈ្មោះ​ ល​.​ក​.​ណ​ ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Linlin​ Lay​ តាម​បណ្តឹង​របស់​ឈ្មោះ​ ខ​.​ម​.​រ​ ក្នុង​រឿង​បញ្ចេញ​កំហឹង​តាម​ Facebook​ ឬ​យ៉ាងណា​នោះ​នៅឡើយ​ទេ​ គឺ​ត្រូវ​ចូលរួម​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​តទៅ​ទៀត​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.