ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

អង្គរក្ស​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ថោង សារ៉ាត់ ៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក នា​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤​នេះ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ចំនួន​៤​នាក់ ជា​អង្គរក្ស​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ថោង សារ៉ាត់ នៅត្រង់ចំណុច​តាម​បណ្តោយ​មហាវិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) ទល់មុខ​មន្ទីរ​ពេទ្យរុស្ស៊ី ឋិត​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​ការចាប់​ឃាត់ខ្លួន​បុរស​អង្គរក្ស​ចំនួន​៤​នាក់​នេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ និង​ជា​ម្ចាស់​ហាង​លក់​ពេជ្រ​ហុងកុង យ៉ាង​ព្រៃផ្សៃ​កាលពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅ ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​អង្គរក្ស​របស់លោក​ឧក​ញ៉ា ថោង សារ៉ាត់ យកមក​សាកសួរ​មែន ហើយ​លោក​ឧកញ៉ា ថោង សារ៉ាត់ ក៏បាន​មកកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចង់ដឹង​អំពី​មូលហេតុ ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​អង្គរក្ស​របស់គាត់​។​

​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ទាក់ទង​នឹង​ការចាប់​ឃាត់ខ្លួន​បុរស​៤​នាក់ ជា​អង្គរក្ស​លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ថោង សារ៉ាត់ នោះ គឺអាច​មាន​បុរស​២​នាក់ សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដោយ​សមត្ថកិច្ច​ដកហូត​បាន​អាវុធខ្លី​ទំនើប​១​ដើម ពី​អង្គរក្ស​លោក​ឧកញ៉ា ថោង សារ៉ាត់ យកទៅ​បាញ់​សាក​អស់​ជាច្រើន​គ្រាប់ ដើម្បី​ធ្វើ​កោសល​វិច័យ​ថា តើ​អាវុធខ្លី​ទំនើប​១​ដើម​ដែល​ដកហូត​បាន​នេះ អាច​ស៊ីចង្វាក់​នឹង​កាំភ្លើងខ្លី​ដែល​ឃាតក​ប្រើប្រាស់​ក្នុងការ​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែរឬទេ​?

​អស់​រយៈពេល​ជាង​១​សប្តាហ៍​កន្លងមកនេះ ករណី​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ អាយុ​៥៧​ឆ្នាំ ជា​ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ (​តែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០០៩/១០២៤ ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០០៩) ត្រូវបាន​ក្រុមអ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម Facebook ដ៏​ពេញនិយម​នៅ​កម្ពុជា ផ្តោត​អារម្មណ៍​សង្ស័យ​ទៅលើ​មន្ត្រីប៉ូលិស​ម្នាក់​ជា​កូនចៅ​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ថា ជា​ឃាតក​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ យ៉ាង​សាហាវព្រៃផ្សៃ​។​

​លោក ថោង សារ៉ាត់ អាយុ​៣៨​ឆ្នាំ មានឈ្មោះ​ដើម​ជា​ភាសា​វៀតណាម​ថា «​ប៊ិន ទឹង​» និង​មាន​ឪពុក​ឈ្មោះ ថោង ចំរើន ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា (​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០១/៤៣៦ ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០១) និង​ជា​ប្រធាន​ក្រុមហ៊ុន Meanchey International Investment និង ក្រុមហ៊ុន​ប៉ា​តេ​មានជ័យ​៩៩៩ គឺ​ឧកញ៉ា​វ័យក្មេង​រូបនេះ ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ទៀតផង​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា​វ័យក្មេង ថោង សារ៉ាត់ ធ្លាប់​មានរឿង​ក្តីក្តាំ​ជាច្រើន​ករណី​បូករួម​ទាំង​រឿង​វិវាទ​ដីធ្លី​ទាំង​នៅក្នុង​ស្ថាប័ន​តុលាការ ទាំង​នៅក្រៅ​ស្ថាប័ន​តុលាការ ប៉ុន្តែ​គេ​មិនទាន់​អាច​ដឹង​ប្រាកដ​បាន​ថា លោក​ឧកញ៉ា ថោង សារ៉ាត់ ធ្លាប់មាន​គំនុំ​ឬ​មានទំនាស់​ជាមួយ​លោក​ឧកញ៉ា អ៊ឺ​ង ម៉េង​ជឺ ឬ​យ៉ាងណា​នោះទេ ខណៈ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ក៏មាន​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​នៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ ដែលមាន​លោក​ឧកញ៉ា ឈាង ប៉ាក់​សួរ ជាដើម​បណ្តឹងរដ្ឋប្បវេណី​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.