ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ផ្អើល​ក្នុង​ Facebook​ ថា​ ប្អូនស្រី​បង្កើត​បុរស​ខ្លាំង​”​ច្បាំង​ចាញ់​”​ឯកឧត្តម​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ រួច​សុំ​លាលែង​ពីមុខ​តំណែង​

​នៅ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ជា​ពិសេស​អ្នក​ដែល​បាន​គាំទ្រ​លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​(​ហៅ​កាត់​ថា​ក្រសួង​អធិការកិច្ច​)​និង​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ និង​បាន​បញ្ចេញ​មតិយោបល់​រៀងៗ​ខ្លួន​ នៅ​ពេល​ដែល​ពួក​គេ​បានឃើញ​ព័ត៌មាន​មួយ​ Post​ ក្នុង​ Timeline​ នៃ​Account​ Facebook​ ឈ្មោះ​ Sinath​ Hun​ ដោយ​បញ្ជាក់​ថា​ លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ស្ម័គ្រ​លាលែង​ពីមុខ​តំណែង​ ដោយសារ​តែ​មិន​អាច​ដោះស្រាយ​ទំនាស់​ដីធ្លី​មួយ​កន្លែង​ឋិត​នៅ​ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ រវាង​ក្រុម​ប្រជាពលរដ្ឋ​ និង​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ អគ្គនាយក​ក្រុមហ៊ុន​ LYP​ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​ព័ត៌មាន​ដែល​ថា​ លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ លាលែង​ពីមុខ​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច​នោះ​ ត្រូវ​បាន​អ្នកលេង​ Facebook​ ធ្វើការ​ Share​ ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​ ហើយ​ក៏​ត្រូវ​បាន​អ្នកគាំទ្រ​លោក​ជំទាវ​ ដែល​ជា​ប្អូនស្រី​បង្កើត​របស់​បុរស​ខ្លាំង​រូប​នេះ​ បញ្ចេញមតិ​(Comment)​សម្តែង​នូវ​ការ​សោកស្តាយ​មិន​ចង់​ឲ្យ​លោក​ជំទាវ​ លាលែង​ពីមុខ​តំណែង​ផង​ដែរ​ ។​

​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នោះ​ គឺ​នៅ​ត្រង់​ថា​ លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ត្រូវ​បាន​អ្នកលេង​ Facebook​ មួយ​ចំនួន​ដាក់​រហស្សនាម​ឲ្យ​ថា​ ជា​"​តុលាការ​មុខ​ដែក​"​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ មួយ​ចំនួន​បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ដែរ​ថា​ លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​បុរស​ខ្លាំង​ ហើយ​ក៏​ជា​មន្ត្រី​ជំនិត​ជាមួយ​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ផង​ដែរ​ បែរជា​"​ច្បាំង​ចាញ់​"​ ឯកឧត្តម​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រឿង​ទំនាស់​ដីធ្លី​ទៅ​វិញ​ ។​ តើ​រឿង​នេះ​ពិត​ឬ​ក៏​មិន​ពិត​ ?

​លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ដែល​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ នឹម​ ច័ន្ទ​តារា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពត​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ អតីត​ជា​អនុប្រធាន​នាយកដ្ឋាន​ពិធីការ​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​អគ្គ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​ក្រុង​ឆុង​ឈី​ង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​អនុក្រឹត្យ​លេខ​៣៥០​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០០៤​ និង​ធ្លាប់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​៦​ ទៅ​ជា​ឧត្តមមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​៦​ នៃ​ក្របខ័ណ្ឌ​មន្ត្រី​ការទូត​ជាន់ខ្ពស់​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៩/៥៣៨​ ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០០៩​ ។​ ក្រោយមក​ លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៣/១៣៣៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ និង​ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ ពី​ឧត្តមមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​៦​ ទៅ​ជា​ឧត្តមមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​៤​ នៃ​ក្របខ័ណ្ឌ​ការទូត​ជាន់ខ្ពស់​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​(​ជា​ករណី​ពិសេស​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៤/៦៩៥​ ចុះ​ថ្ងៃ​ទី​ឥ​៤​ ខែមិថុនា​ ឆ្នាំ​២០១៤​ ពោល​គឺ​មាន​ន័យ​ថា​ លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី​ការ​បរទេស​"​ផ្លោះ​ថ្នាក់​"​ ។​

លោក លី យ៉ុងផាត់ ជាឈ្មួញដ៏មានឥទ្ធិពលមួយរូប ត្រូវបានតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត /០៨៩៨/៥៨ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៩៨ និងក្រោយមកលោកឧកញ៉ារូបនេះក៏ត្រូវបានគណបក្សប្រជាជនកម្ពុជា​ចាត់ចែង ឲ្យធ្វើជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាបុរសខ្លាំង និងជាសមាជិកកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាភរិយាបុរសខ្លាំង ជាប្រធានផងដែរ ។

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​ជឿ​ទេ​ថា​  លោក​ជំទាវ​  ហ៊ុន​ ស៊ី​ណាត​ ប្អូនស្រី​បង្កើត​បុរស់​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​មាន​ស្វាមី​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពត​  ស័ក្តិសម​នឹង​ផ្តល់​រហស្សនាម​ឲ្យ​ថា​ ជា​"​តុលាការ​មុខ​ដែក​ប៉ាវ​ចិន​ស្រុក​ខ្មែរ​"​ និង​"​ច្បាំង​ចាញ់​"​ ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ជា​អ្នកជំនួញ​ម្នាក់​ និង​ជា​សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្តកំពង់ស្ពឺ​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.