រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី បានបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះមួយ ទទួលបន្ទុកការកំណត់ព្រំដែន និងការអភិវឌ្ឍន៍រួមគ្នាលើធនធានប្រេងកាត នៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ តាមសេចក្តីសម្រេចលេខ១៤៨សសរ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ដែលមានសមាសភាពចំនួន២៣នាក់ ក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាដន្លងដងស្នែងបុរសខ្លាំងជាប្រធាន និងមានអនុប្រធានចំនួន៣នាក់ ក្នុងនោះមានឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែនផង, ទីប្រឹក្សាជាន់ខ្ពស់ចំនួន៣នាក់, សមាជិកចំនួន១៤នាក់ និងលេខាធិការចំនួន២នាក់ ។
គណៈកម្មាធិការបច្ចេកទេសចម្រុះទទួលបន្ទុកការកំណត់ព្រំដែន និងការអភិវឌ្ឍន៍រួមគ្នាលើធនធានប្រេងកាត នៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ មានភារកិច្ចដូចខាងក្រោម ៖
១-ចរចារៀបចំសន្ធិសញ្ញា ប្រព័ន្ធច្បាប់គ្រប់គ្រងបទប្បញ្ញត្តិ គោលការណ៍ លិខិតបទដ្ឋានទាំងឡាយពាក់ព័ន្ធនឹងការអភិវឌ្ឍន៍រួមគ្នានៃធនធានប្រេងកាត ដែលមានផលប្រយោជន៍ទៅវិញទៅមក និងអាចទទួលយកបានដោយភាគីទាំងពីរ ក្នុងការបែងចែកការចំណាយ និងផលចំណេញនៃការធ្វើអាជីវកម្មធនធានប្រេងកាតដែលឋិតនៅក្នុងតំបន់នៃការអភិវឌ្ឍន៍រួមគ្នា ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច ។
២-ចរចារៀបចំសន្ធិសញ្ញា កំណត់ព្រំដែនសមុទ្រ ដែនដីខ្ពងរាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលឋិតចន្លោះបន្ទាត់នៃការទាមទារអះអាងដែនសមុទ្របច្ចុប្បន្នរៀងៗខ្លួនរបស់ប្រទេសទាំង២ នៅក្នុងតំបន់ដែលត្រូវបែងចែកព្រំដែន អនុលោមទៅតាមបណ្តាគោលការណ៍ទាំងឡាយដែលអាចអនុវត្តន៍បាននៃច្បាប់អន្តរជាតិ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ។
៣-ផ្អែកលើតម្រូវការចាំបាច់ គណៈកម្មាធិការបច្ចេកទេសចម្រុះនេះត្រូវចុះអង្កេតផ្ទៀងផ្ទាត់រួមគ្នាលើនិយាមកា(កូអ័រដោណេ)នៃកោះ ថ្មប៉ប្រះទឹក ចំណុចនីមួយៗ និងអ្វីៗទាំងអស់ដែលមានលក្ខណៈពេស និងចរិតប្រវត្តិសាស្ត្រ ពាក់ព័ន្ធឋិតនៅក្នុងដែនដីគោក និងដែនសមុទ្រកម្ពុជា-ថៃ ។
៤-តាមដាននិងត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀង និងលិខិតបទដ្ឋាននានា ។
គណៈកម្មាធិការបច្ចេកទេសចម្រុះនេះមានទីស្នាក់ការរបស់ខ្លួននៅទីស្តីការគណៈរដ្ឋមន្ត្រី និងមានសិទ្ធិប្រើប្រាស់ត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងមានសិទ្ធិប្រើប្រាស់មូលនិធិដែលជាចំណូលពីវិស័យប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ក្នុងការបំពេញការងាររបស់ខ្លួន តាមការសម្រេចរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ។
គួររំលឹកជូនដែរថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ថា នៅតំបន់ត្រួតគ្នាក្នុងដែនសមុទ្ររវាងកម្ពុជានិងថៃ ត្រូវបានអ្នកវិភាគវាយតម្លៃថា មានធនធានប្រេងច្រើនជាងគេ ធៀបនឹងតំបន់នានាក្នុងដែនសមុទ្រកម្ពុជា ខណៈឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏ធ្លាប់បានមានប្រសាសន៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅថា កម្ពុជាអាចនឹងទទួលបានចំណូលជាង១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប្រសិនបើការបូមប្រេងនៅប្លុក A រុករកឃើញដោយក្រុមហ៊ុនអាជីវកម្មប្រេងរបស់សហរដ្ឋអាមេរិកឈ្មោះ Chevron បានសម្រេច ។
ទោះយ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ មានរយៈពេលជិត២ឆ្នាំហើយ កម្ពុជាមិនទាន់ទទួលបានតំណក់ប្រេងដំបូងរបស់ខ្លួននៅឡើយ គិតចាប់ពីវេលាម៉ោង១២យប់ ថ្ងៃទី១២ ខែធ្នូ(១២) ឆ្នាំ២០១២ ដែលបុរសខ្លាំងជានាយករដ្ឋមន្ត្រីធ្លាប់បានមានប្រសាសន៍ជាសាធារណៈកាលពីអំឡុងខែកក្កដា ឆ្នាំ២០១១ថា កម្ពុជានឹងទទួលបានតំណក់ប្រេងដំបូងនៅវេលាម៉ោង១២យប់ នាថ្ងៃទី១២ ខែ១២(ធ្នូ) ឆ្នាំ២០១២នោះ ៕