ឯកឧត្តម ឱម យ៉ិនទៀង អាយុ៦០ឆ្នាំ០៤ខែ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលបានចំណេះដឹងសញ្ញាបត្រកម្រិតអនុបណ្ឌិត និងបណ្ឌិតពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានោះ ត្រូវបានព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ហើយ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៤/១២៣៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ។
ព្រះរាជក្រឹត្យលេខនស/រកត/១០១៤/១២៣៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ត្រង់មាត្រា១បានចែងថា "ដាក់ឯកឧត្តម ឱម យ៉ិនទៀង ឲ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤" ។
អនុលោមតាមព្រះរាជក្រឹត្យលេខនស/រកត/១០១៤/១២៣៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ត្រង់មាត្រា១ខាងលើ គឺឯកឧត្តម ឱម យ៉ិនទៀង ត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈហើយ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ប៉ុន្តែឯកឧត្តមរូបនេះត្រូវបានរក្សាទុកមុខតំណែងក្នុងក្របខ័ណ្ឌនយោបាយជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយដដែល ដូចករណីលោកជំទាវ ម៉ែន សំអន អាយុ៦១ឆ្នាំ០២ខែ ឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៤/៩៥០ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ តែរក្សាទុកមុខតំណែងក្នុងក្របខ័ណ្ឌនយោបាយ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដដែល (សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤បន្ថែម) ។
ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអត្តលេខ៥២២ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៦ និងបច្ចុប្បន្នជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈមេធាវី ។ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានតែងតាំងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១០/៣៦៧ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១០ និងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៤៩៩ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១០ ។ លើសពីនេះ ឯកឧត្តម ឱម យ៉ិនទៀង ដែលជាមនុស្សស្និទ្ធសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ហៅកាត់ថា "គជបភ" និងជាអនុប្រធានលេខាធិការដ្ឋាន គជបភ ផងដែរ ៕