ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អាជ្ញាធរ​អប្សរា​ប្រកាស​ឲ្យ​ដឹង​ពី​ចំណូល​ដុល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ត​ដោយ​ក្រុមហ៊ុន​អ្នកឧកញ៉ា​ សុខ​ គង់​ ​

​អាជ្ញាធរ​អប្សរា​ដែល​មាន​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រធាន​នោះ​ នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ បាន​ប្រកាស​ឲ្យ​ដឹង​ពី​ចំណូល​ដុល​បាន​មក​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ ដោយ​ក្រុមហ៊ុន​សុខា​អូ​តែ​ល​ មាន​អ្នកឧកញ៉ា​ សុខ​ គង់​ ថៅកែ​ក្រុមហ៊ុន​ប្រេង​សូ​គី​ម៉ិច​ ជា​អ្នកគ្រប់គ្រង​ធំ​នោះ​ ចំនួន​៥​ឆ្នាំ​ជាប់ៗ​គ្នា​ ដូច​ខាងក្រោម​ ៖

-​ឆ្នាំ​២០១០​ តួលេខ​ចំណូល​ដុល​ ស្មើនឹង​៣៣.១១៣.៥០០​ដុល្លារ​អា​មេ​រិ​ក​

-​ឆ្នាំ​២០១១​ តួលេខ​ចំណូល​ដុល​ ស្មើនឹង​៤២.១៨៥.៣០០​ដុល្លារ​អា​មេ​រិ​ក​

-​ឆ្នាំ​២០១២​ តួលេខ​ចំណូល​ដុល​ ស្មើនឹង​៥១.៣១៩.១៨០​ដុល្លារ​អា​មេ​រិ​ក​

-​ឆ្នាំ​២០១៣​ តួលេខ​ចំណូល​ដុល​ ស្មើនឹង​៥៧.៦៨៧.៦៨០​ដុល្លារ​អា​មេ​រិ​ក​

-​ឆ្នាំ​២០១៤(​រយៈពេល​១០​ខែ​)​ តួលេខ​ចំណូល​ដុល​ស្មើនឹង​៤៧.៣៨៧.៥០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​តាម​ការ​ប្រកាស​របស់​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា​ កិច្ចសន្យា​សម្បទាន​ដែល​អាជ្ញាធរ​អប្សរា​ប្រគល់​សិទ្ធិ​ជូន​ក្រុមហ៊ុន​សុខា​អូ​តែ​ល​ ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ត​ បាន​ពិនិត្យ​កិច្ចសន្យា​នៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង​ ដោយ​ចំណូល​ដុល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ត្រូវ​បង់ពន្ធ​លើ​អាករ​តម្លៃបន្ថែម​(VAT10%)​ បង្កើត​មូលនិធិ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​(១៥%)​ ដក​ចំណែក​របស់​ក្រុមហ៊ុន​(១៥%)​ ហើយ​សល់​ពី​នោះ​ ត្រូវ​បង់​ចូល​ថវិការដ្ឋ​ទាំងស្រុង​ តាម​រយៈ​ការ​បង់​ផ្ទាល់​ជូន​រតនាគារ​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​តែ​ម្តង​ ។​

​អាជ្ញាធរ​អប្សរា​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ ម៉​ម​ សូណ​ង់​ដូ​ តាម​រយៈ​វិទ្យុ​សំបុក​ឃ្មុំ​ ក្រោម​ចំណងជើង​ថា​ អង្គរវត្ត​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ក្រុមហ៊ុន​បរទេស​ ដាក់បញ្ចាំ​ និង​ជួល​រយៈពេល​៩៩​ឆ្នាំ​នោះ​ គឺជា​ការ​មិន​ពិត​ ដោយ​អាជ្ញាធរ​អប្សរា​ត្រឹមតែ​បាន​ជួល​ឲ្យ​ក្រុមហ៊ុន​សុខា​អូ​តែ​ល​ធ្វើ​សេវា​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ ជំនួស​អាជ្ញាធរ​អប្សរា​ប៉ុណ្ណោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.