ចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជានាយករដ្ឋមន្ត្រី កកើតមករហូតទល់នឹងពេលនេះ គឺមានរយៈពេល១ឆ្នាំ០២ខែហើយៗត្រឹមរយៈពេលតែ១ឆ្នាំសោះ រាជរដ្ឋាភិបាលបុរសខ្លាំងមានទីប្រឹក្សាចំនួន១៩៤នាក់ ក្នុងនោះ០៣នាក់មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី, ០៦នាក់មានឋានៈស្មើទេសរដ្ឋមន្ត្រី, ៧៤នាក់មានឋានៈស្មើរដ្ឋមន្ត្រី, ៣៣នាក់មានឋានៈស្មើរដ្ឋលេខាធិការ និង៧៨នាក់មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយចំនួនទីប្រឹក្សារាជរដ្ឋាភិបាលដ៏ច្រើនគគោកនេះបានចាយលុយជាតិអស់ចំនួនប្រមាណជាង១លានដុល្លារអាមេរិក (រាជរដ្ឋាភិបាលបុរសខ្លាំងអាណត្តិទី៥ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣) ។
សមាសភាពមនុស្សដែលទទួលបានការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលបុរសខ្លាំងជាហូរហែជិត២០០នាក់ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំនោះ គ្មានមុខប្លែកពីណាមកទេ គឺភាគច្រើនអតីតជាមន្ត្រីធ្លាប់ធ្វើរដ្ឋមន្ត្រី-រដ្ឋលេខាធិការក្រសួង-អនុរដ្ឋលេខាធិការនៃបណ្តាក្រសួង ធ្លាប់ធ្វើជាអភិបាលខេត្ត និងអតីតជាមន្ត្រីគណបក្សនយោបាយប្រឆាំង ដែលចុះចូលមកក្នុងគណបក្សប្រជាជនកម្ពុជា ។
យោងតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២៧៧អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលមាត្រា២នៃអនុក្រឹត្យលេខ៦២អនក្រ.បក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីប្រាក់បំណាច់របស់សមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ ទីប្រឹក្សា ព្រមទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធចាប់ពីថ្នាក់អនុលេខាធិការឡើងទៅនោះ គឺក្នុងចំណោមទីប្រឹក្សារាជរដ្ឋាភិបាលចំនួន១៩៤នាក់ ត្រូវចាយលុយជាតិអស់ចំនួនប្រមាណ៣៤៥.៤៥០.០០០រៀល(ប្រមាណចំនួន៨៦.៣០០ដុល្លារអាមេរិក)ក្នុងមួយខែ ឬចំនួនប្រមាណ១.០៣៥.៦០០ដុល្លារអាមេរិកក្នុង១ឆ្នាំ ។
ការចំណាយថវិកាជាតិទៅលើទីប្រឹក្សារាជរដ្ឋាភិបាលចំនួន១៩៤នាក់នោះ គឺមានចំនួនច្រើនជាងការចំណាយលុយជាតិនៅស្ថាប័នតុលាការកំពូល ឬជិតស្មើនឹងការចាយលុយជាតិនៅស្ថាប័នតុលាការកំពូល និងតុលាការសាលាឧទ្ធរណ៍បូកបញ្ចូលគ្នា ឬស្មើនឹងប្រមាណ១ភាគ៧នៃថវិកាចំណាយប្រចាំឆ្នាំ២០១៤ របស់ស្ថាប័នប្រឆាំងអំពើពុករលួយនៅកម្ពុជា (សម្រាប់ឆ្នាំ២០១៤ ស្ថាប័នប្រឆាំងអំពើពុករលួយមានគម្រោងចំណាយជាង៧លានដុល្លារអាមេរិក និងតុលាការកំពូលមានគម្រោងចំណាយប្រមាណ៧៨៩.០០០ដុល្លារអាមេរិក និងសាលាឧទ្ធរណ៍ មានគម្រោងចំណាយប្រមាណ៨៤៤.០០០ដុល្លារ អាមេរិក) ។
មជ្ឈដ្ឋានអ្នកវិភាគព្រឹត្តិការណ៍នយោបាយបានលើកថា ដើម្បីនិរន្តរភាពអំណាចរបស់ខ្លួន និងបក្ខពួក បុរសខ្លាំងមិនញញើតនឹងការចាយវាយថវិកាជាតិខ្ជះខ្ជាយទៅលើទីប្រឹក្សា ដែលមានចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នោះឡើយ (មិនទាន់គិតទៅដល់ទីប្រឹក្សាក្រសួង-ស្ថាប័ន និងទីប្រឹក្សាថ្នាក់ដឹកនាំនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិផង) ក្នុងហេតុផលកៀរគរ ប្រមែប្រមូលក្រុមមន្ត្រីទាំងនោះឲ្យមកឋិតនៅក្នុងកញ្ចប់គណបក្សប្រជាជនកម្ពុជាតែមួយ និងទទួលបានលាភសក្ការៈរៀងៗខ្លួន តាមឋានានុក្រមចាត់តាំងដោយបុរសខ្លាំង ៕