ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ឆេះ​ផ្សារ​ចាស់​ព្រឹក​មិ​ញ​ អាជ្ញាធរ​បដិសេធ​ការ​លួច​ដុត​ និង​ប៉ាន់ស្មាន​បឋម​ថា​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​១,៥​លាន​ដុល្លារ​

​ទាក់ទង​នឹង​ករណី​ឆេះ​ផ្សារ​ចាស់​ ឋិត​ក្នុង​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ព្រឹក​មិ​ញ​នេះ​ លោក​ គួ​ច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ បាន​ធ្វើការ​ប៉ាន់ស្មាន​ជាបឋម​ថា​ ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ ទំនិញ​គ្រប់​ប្រភេទ​របស់​អាជីវករ​ក្នុង​ផ្សារ​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​១,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ឆេះ​តូប​អស់​ចំនួន​២២៩​តូប​ ក្នុង​ចំណោម​តូប​សុ​រប​ចំនួន​៩១៤​តូប​ ខណៈ​លោក​អភិបាល​ខណ្ឌ​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា​ ទោះ​យ៉ាងណា​ តួលេខ​អំពី​ទំហំ​ខូចខាត​ពិតប្រាកដ​មិន​ទាន់​អាច​កំណត់​បាន​ទេ​ ពីព្រោះ​ការ​ស្រង់​ស្ថិតិ​ដែល​រង​ការ​ខូចខាត​ និង​ផល​ប៉ះពាល់​របស់​អាជីវករ​ផ្សារ​ចាស់​មិន​ទាន់​បាន​ចប់​រួចរាល់​នៅឡើយ​ ។​

​លោក​ គួ​ច​ ចំរើន​ បាន​បញ្ជាក់​ប្រាប់​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ស្ថិតិ​ដែល​រង​ការ​ខូចខាត​ និង​ផល​ប៉ះពាល់​របស់​អាជីវករ​ពី​ការ​ឆេះ​ផ្សារ​ចាស់​ថា​ នៅ​ព្រឹកស្អែក​គឺ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ អាជ្ញាធរ​នឹង​ចុះ​ទៅ​ជួប​ប្រជុំ​ជាមួយ​ក្រុម​អាជីវករ​ផ្សារ​ចាស់​ នៅ​ទីតាំង​កន្លែង​ឆេះ​តែ​ម្តង​ ដើម្បី​ប្រមូល​យក​ព័ត៌មាន​ថា​តើ​ត្រូវធ្វើ​យ៉ាងណា​ (​ត្រូវ​កសាង​ធ្វើ​តូប​ដោយ​ខ្លួនឯង​ឡើង​វិញ​ ឬ​អាជ្ញាធរ​ត្រូវ​រៀបចំ​ជូន​ពួក​គាត់​ ?)​ ស្តាប់​អារម្មណ៍​ និង​សំណូមពរ​របស់​ក្រុម​អាជីវករ​ ព្រមទាំង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ក្រុម​អាជីវករ​ឲ្យ​បាន​ឆាប់រហ័ស​ ក្នុង​ការ​ប្រកប​របរ​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ​ ។​

​មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ដែល​មាន​សភាព​យឺតយ៉ាវ​ និង​អសមត្ថភាព​ធ្វើការ​គ្មាន​បច្ចេកទេស​ក្នុង​ការ​ចាត់វិធានការ​សម​ស្រប​ ដើម្បី​ពន្លត់​អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្សារ​ចាស់​នៅ​វេលា​ម៉ោង​ប្រមាណ​០៧​ និង​១០​នាទី​ទាំង​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ​ ទើប​បណ្តាល​ឲ្យ​ទំហំ​នៃ​ការ​ខូចខាត​មាន​កម្រិត​រហូត​ដល់​ទៅ​ជាង​៧០​ភាគរយ​។​

​ទន្ទឹម​នឹង​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​លើក​អំពី​ហេតុផល​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ជួប​ការ​លំបាក​ គឺ​ ៖​ ១-​កត្តា​ភូមិសាស្ត្រ​ ៖​ ដំបូល​ផ្សារ​សុទ្ធតែ​ប្រក់​ស័ង្កសី​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បាញ់​ទឹក​មិន​បាន​ដល់​ក្នុង​នៃ​ផ្ទៃ​តូប​ ។​ ២-​ស្ថានភាព​តូប​ផ្សារ​ ៖​ តូប​ផ្សារ​ដែល​នៅ​ជុំវិញ​ គឺ​មាន​ព័ទ្ធ​ដែក​ជុំវិញ​ ជា​ហេតុ​បណ្តាល​ឲ្យ​កម្លាំង​ពន្លត់​អ​គ្កិ​ភ័យ​ពិបាក​ចូល​ទៅ​ខាងក្នុង​ ។​ ៣-​កត្តា​អគ្គិភ័យ​ ៖​ អគ្គិភ័យ​បាន​ឆេះ​តូប​មុង​ ភួយ​ កំណាត់​ និង​ពូក​ ដែល​ចំ​កណ្តាល​ផ្សារ​ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ឆេះ​ងំ​ និង​បាន​ពង្រីក​យ៉ាង​លឿន​នៅ​តំបន់​ជុំវិញ​ ។​

​ដោយឡែក​ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ដែរ​ ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ចាស់​កាលពី​ព្រឹក​មិ​ញ​ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​បំភ្លឺ​បដិសេធ​ទៅ​នឹង​សាធារណ​មតិ​ដែល​បាន​លើក​ឡើង​ថា​ មាន​អ្នក​លួច​ដុត​ផ្សារ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ថ្មី​ (​ដោយហេតុ​អាជីវករ​មិន​យល់ព្រម​)​ និង​បាន​បញ្ជាក់​ថា​ អគ្គិភ័យ​នេះ​បាន​បណ្តាល​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ (​ទុ​ស្សេ​ខ្សែភ្លើង​)​ចេញពី​តូប​លេខ​០១​ចាស់​លក់​ថង់​ប្លា​ស្ទិ​ក​ដែល​នៅ​ក្បែរ​ខ្លោងទ្វារ​ចេញ​-​ចូល​ខាងកើត​ ក្រោយ​តូប​លក់​ផ្លែ​ឈើ​ ៕​

Old-MarketOld-Market1 Old-Market2Old-Market3Old-Market4Old-Market5

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.