មានរឿងឃាតកម្មដ៏សាហាវគួរឲ្យរន្ធត់តក់ស្លុតមួយបានកើតឡើងនាវេលាម៉ោង១៩និង២៥នាទី រាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នៅមុខហាងលក់ផ្លែឈើយីហោ ឡោ តិចសេង ផ្ទះលេខ៤៦៤BEo ផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបុរសដែលគេស្គាល់ថាជាថៅកែក្រុមហ៊ុនស៊ីម៉ងត៍ត្បូងពេជ្រ គឺលោកឧកញ៉ា អ៊ឹង ម៉េងជី ជិះរថយន្តទំនើបមួយគ្រឿងម៉ាក Lexus 570 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2M-1683 ត្រូវឃាតក២នាក់ជិះទោចក្រយានយន្តមួយគ្រឿងមិនស្គាល់ភិនភាគច្បាស់ ប្រដាប់ដោយអាវុធខ្លីបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈបុរសជាជនរងគ្រោះចុះពីលើរថយន្តរបស់ខ្លួនបម្រុងដើរចូលទិញផ្លែឈើក្នុងហាងខាងលើ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាជនរងគ្រោះបានបើករថយន្តស៊េរីទំនើបរបស់ខ្លួនតាមបណ្តោយផ្លូវលេខ២៧៤ ពេលមកដល់មុខហាងលក់ផ្លែឈើខាងលើ ក៏ឈប់រថយន្តចុះបម្រុងចូលទិញផ្លែឈើ ស្រាប់តែភ្លាមៗនោះមានជនសង្ស័យចំនួន២នាក់ជិះទោចក្រយានយន្តមួយគ្រឿងមិនចាំម៉ាក មកឈប់អែបនឹងបុរសជាជនរងគ្រោះ ហើយក៏ដកកាំភ្លើងបាញ់សំដៅស្រោចទៅលើជនរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅមុខហាងលក់ផ្លែឈើនោះតែម្តង ខណៈក្រុមឃាតកក្រោយពីបាញ់សម្លាប់ជនរងគ្រោះរួចហើយ ក៏បានជិះទោចក្រយានយន្តគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុអំពើឃាតកម្មនេះភ្លាមៗ សមត្ថកិច្ចចម្រុះបានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើអន្តរាគមន៍ និងធ្វើកំណត់ហេតុដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យជាឃាតក ខណៈជាជំហានបឋមសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីឃាតកម្មនេះអាចជារឿងគំនុំ ដោយជនល្មើសបានគិតទុកជាមុន និងបានតាមពីក្រោយជនរងគ្រោះរហូតមកដល់ចំណុចកើតហេតុ ក៏បាញ់ប្រហារតែម្តង ។
លោក អ៊ឹង ម៉េងជី ជាថៅកែក្រុមហ៊ុនស៊ីម៉ងត៍សញ្ញាត្បូងពេជ្រ និងជាថៅកែក្រុមហ៊ុនជាច្រើនទៀត ត្រូវបានតែងតាំងជា ឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៩/១០២៤ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៩ ៕