ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

រឿងអាស្រូវ​ពុក​រលួយ​របស់​មេ​ពន្ធដារ​ខណ្ឌមានជ័យ​កំពុង​តែ​”​ឌឺ​”​មេ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​គឃ្លើន​

​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​សាខា​ពន្ធដារ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​ផ្តល់​នូវ​ព័ស្តុតាង​ដាក់បន្ទុក​បន្ថែម​ ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិបកេង​ចំណូល​ប្រាក់​ពន្ធ​រដ្ឋ​ បង្ក​ដោយ​លោក​ សាយ​ សុផល​ ប្រធាន​សាខា​ពន្ធដារ​ខណ្ឌមានជ័យ​ គោរព​ជូន​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រធាន​សាខា​ពន្ធដារ​ខណ្ឌមានជ័យ​រូប​នោះ​កិបកេង​ប្រាក់​ពន្ធ​រដ្ឋ​ប្រមាណ​ជិត​៣៤​លាន​រៀល​ក្នុង​១​ខែៗ​ លើ​ការ​ប្រមូល​ពន្ធ​ពី​សត្តឃាតដ្ឋាន​ចំនួន​៤​កន្លែង​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ប្រមូល​ពន្ធ​មិន​ប្រក្រតី​ពី​ដេប៉ូ​លក់​គ្រឿងសំណង់​ធំៗ​ជាង​១០​កន្លែង​ សិប្បកម្ម​ផលិត​ទឹកស៊ីអ៊ីវ​សញ្ញា​រូប​គោ​ រោងចក្រ​-​សិប្បកម្ម​កាត់ដេរ​ និង​អាជីវកម្ម​ធំៗ​ជា​ច្រើន​កន្លែង​ទៀត​ផង​ ។​

​របាយការណ៍​ស្តី​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌមានជ័យ​ ដែល​បាន​គោរព​ជូន​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ នោះ​ បាន​អះអាង​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១២​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្លាប់​បាន​ចុះ​បង្ក្រាប​ម្តង​រួច​មក​ហើយ​ ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ពន្ធ​មិន​ប្រក្រតី​ពី​ស្ថានីយ៍​ប្រេង​ជិត​៥០​កន្លែង​ ប៉ុន្តែ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ សកម្មភាព​ និង​អំពើ​ពុក​រលួយ​របស់​លោក​ សាយ​ សុផល​ ប្រធាន​សាខា​ពន្ធដារ​ខណ្ឌមានជ័យ​ ជា​មេខ្លោង​ នៅ​តែ​ប្រព្រឹត្ត​កាន់តែ​ខ្លាំង​ឡើងៗ​របៀប​"​ឌឺ​"​ដាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តែ​ម្តង​ ។​

​ក្រុម​មន្ត្រីរាជការ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែរ​ថា​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ប្រចាំខែ​ ប្រចាំឆ្នាំ​ តាម​រយៈ​មិន​បញ្ចូល​ការ​ប្រមូល​ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស​ បង្ក​ដោយ​លោក​ សាយ​ សុផល​ ប្រធាន​សាខា​ពន្ធដារ​ខណ្ឌមានជ័យ​ បណ្តាល​ឲ្យ​បាត់​ចំណូល​ថវិការដ្ឋ​រាប់រយ​លាន​រៀល​ក្នុង​១​ខែៗ​ ខណៈ​អំពើ​ពុក​រលួយ​នេះ​ លោក​ សាយ​ សុផល​ បាន​ប្រើប្រាស់​មនុស្ស​ក្រៅ​អង្គភាព​ដែល​មិនមែន​ជា​មន្ត្រី​ពន្ធដារ​ ទៅ​ទារពន្ធ​ដើម្បី​ងាយស្រួល​លាក់បាំង​ពុតត្បុត​អំពើ​ពុក​រលួយ​របស់​ខ្លួន​ រួម​មាន​ជា​អាទិ៍​ ៖​ ១-​ឈ្មោះ​ កែវ​ គឹ​ម​សួរ​,​ ២-​ឈ្មោះ​ លូ​ង​ ស៊ឹ​ម​ឡេ​ង​,​ ៣-​ឈ្មោះ​ សាន្ត​ ពិ​រុំ​ និង​៤-​ឈ្មោះ​ អោ​ ស្រូ​យ​…​។​ល​។​

​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុក​រលួយ​របស់​មេ​ពន្ធដារ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​នេះ​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ ជា​ពិសេស​កំពុង​រង់ចាំ​តាមដាន​មើល​ថា​ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ អាច​ចាត់ការ​ទៅ​លើ​លោក​ សាយ​ សុផល​ ជា​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌមានជ័យ​ ដូច​ករណី​លោក​ ហ៊ី​ ណា​រិ​ន​ អតីត​អធិការ​នគរបាល​ខណ្ឌមានជ័យ​ ដែរ​ឬទេ​ ឬ​ក៏​លោក​ សាយ​ សុផល​ មាន​លុយ​ក្រាស់​ និង​ខ្នង​ធំ​ ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បង្ក្រាប​មិន​បាន​ ?​ ៕​

Kong-VibolACU-21-11

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.