ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ធ្លាយ​រឿងអាស្រូវ​លោកស្នងការ​នគរបាល​ខេត្តតាកែវ​ស៊ី​ឈ្មោះ​មន្ត្រី​ប៉ូលិស​ខ្មោច​ជាង​១០០​នាក់​

​បន្ទាប់​ពី​មន្ត្រី​នគរបាល​ខេត្តតាកែវ​ចាប់ផ្តើម​បើកប្រាក់​បៀវត្សរ៍​តាម​រយៈ​កាត​ ATM​ នៃ​ប្រព័ន្ធ​ធនាគារ​ ក៏​ស្រាប់តែ​នាំ​ឲ្យ​មានការ​បែកធ្លាយ​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុ​ក​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​ ស៊ី​ឈ្មោះ​មន្ត្រី​ប៉ូលិស​ខ្មោច​ជាង​១០០​នាក់​ ដោយ​អាច​កិបកេង​ប្រាក់​បាន​ជាង​៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំៗ​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​

​ប្រភព​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​ពី​មន្ត្រី​នគរបាល​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ឲ្យ​ដឹង​ថា​ ក្រោយ​ពី​បាន​ស្រង់​ឈ្មោះ​ និង​ត្រួតពិនិត្យ​មន្ត្រី​នគរបាល​ ដើម្បី​ធ្វើ​កាត​ ATM​ ឲ្យ​បើកប្រាកខែ​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​នោះ​ គេ​រក​ឃើញ​មានឈ្មោះ​មន្ត្រី​ប៉ូលិស​ខ្មោច​(​មន្ត្រី​មាន​តែ​ឈ្មោះ​ ប៉ុន្តែ​គ្មាន​មុខ​មក​ធ្វើការ​)​ចំនួន​១១​នាក់​ ខណៈ​នៅ​តាម​បណ្តា​ស្រុក​ផ្សេងៗ​ទៀត​ចំនួន​៩​ស្រុក​ គឺ​មានឈ្មោះ​មន្ត្រី​ខ្មោច​ប្រហាក់ប្រហែល​គ្នា​នឹង​ស្រុក​ត្រាំកក់​ដែរ​ ដោយ​ឈ្មោះ​មន្ត្រី​ខ្មោច​ទាំងអស់​ត្រូវ​បាន​លោកស្នងការ​ផ្ញើ​ទុក​នៅ​តាម​បណ្តា​ស្រុក​នីមួយៗ​ ឲ្យ​បើកប្រាក់​បៀវត្សរ៍​ជា​រៀង​រាល់​ខែ​ ។​

​ព័ត៌មាន​ទម្លាយ​ឲ្យ​ដឹង​ដែរ​ថា​ អំពើ​កិបកេង​ថវិកាជាតិ​តាម​រយៈ​ស៊ី​ឈ្មោះ​មន្ត្រី​ប៉ូលិស​ខ្មោច​នោះ​ អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​មានការ​សមគំនិត​គ្នា​ជា​ប្រព័ន្ធ​រវាង​លោកស្នងការ​នគរបាល​ខេត្ត​ និង​អធិការ​នគរបាល​ស្រុក​នីមួយៗ​ ដែល​អធិការ​ស្រុក​នីមួយៗ​ទទួល​បាន​ឈ្មោះ​មន្ត្រី​ខ្មោច​ចំនួន​២​នាក់​សម្រាប់​បើក​ប្រាក់ខែ​យក​ និង​អធិការរង​ស្រុក​នីមួយៗ​អាច​ទទួល​បាន​ឈ្មោះ​មន្ត្រី​ប៉ូលិស​ខ្មោច​ចំនួន​១​នាក់​ បើ​គិត​ជា​ប្រាក់​មាន​ចំនួន​ពី​២០​ម៉ឺន​រៀល​ទៅ​២៥​ម៉ឺន​រៀល​ក្នុង​១​ខែៗ​ ។​ ដូច្នេះ​ ក្នុង​ករណី​មានការ​ស៊ី​ឈ្មោះ​មន្ត្រី​ប៉ូលិស​ខ្មោច​ចំនួន​ជាង​១០០​នាក់​នោះ​ គឺ​លោកស្នងការ​នគរបាល​ខេត្ត​អាច​កិបកេង​ថវិកាជាតិ​បាន​ចំនួន​ប្រមាណ​ជាង​៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំៗ​យក​មក​ដាក់​ហោប៉ៅ​សម្រាប់​ចែក​គ្នា​ចាយ​យ៉ាង​ត្រជាក់ចិត្ត​ ។​

​មន្ត្រី​នគរបាល​ស្និទ្ធ​នឹង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ មន្ត្រី​នគរបាល​ខេត្តតាកែវ​ទាំងមូល​មាន​ចំនួន​សរុប​១.៩៣៧​នាក់​ និង​បាន​កាត់​ចេញ​ទៅ​វរ​ការពារ​ព្រំដែន​ចំនួន​២៦៨​នាក់​ ព្រមទាំង​បាន​បែងចែក​ជា​អធិការដ្ឋាន​ចំនួន​៩​ស្រុក​ និង​ក្រុង​ចំនួន​១​ ខណៈ​រឿងអាស្រូវ​ស៊ី​ឈ្មោះ​មន្ត្រី​ប៉ូលិស​ខ្មោច​បាន​កើត​មាន​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ដោយ​គ្មាន​ថ្នាក់លើ​អើពើ​ទាល់តែ​សោះ​ ។​

​ករណី​បែកធ្លាយ​រឿងអាស្រូវ​លោកស្នងការ​នគរបាល​ខេត្តតាកែវ​ស៊ី​ឈ្មោះ​មន្ត្រី​ប៉ូលិស​ខ្មោច​ជាង​១០០​នាក់​នោះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុ​ក​ សំណាង​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​១២១៥៥​ និង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​ នៅឡើយ​ត្រឹម​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ ដ្បិត​មិន​អាច​ទំនាក់ទំនង​បាន​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រុម​មន្ត្រី​នគរបាល​ភាគច្រើន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មេត្តា​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ និង​មាន​វិធានការ​ករណី​រឿងអាស្រូវ​ខាងលើ​នេះ​ផង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.