ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ទំនងជា​ដឹង​កំហុស​ទាំង​អាម៉ាស់​ទើប​លោក​ជំទាវ​ សម​ មុន្នី​កា​ សុំ​លាលែង​ពីមុខ​តំណែង​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​

​ទំនងជា​ដឹង​កំហុសឆ្គង​ទាំង​អាម៉ាស់​ បន្ទាប់​ពី​ហួងហែង​ជំរិត​ទារប្រាក់​សំណង​ចំនួន​៤.០០០​ដុល្លារ​អា​មេ​រិ​ក​ ពី​អ្នក​រត់​រថយន្តឈ្នួល​រាជធានី​ភ្នំពេញ​-​ខេត្តរតនគិរី​ ម្នាក់​ រហូត​ដល់​ថ្នាក់​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ដាក់​រហស្សនាម​ថា​ "​ជំទាវ​មុខលុយ​"​ និង​ត្រូវ​"​ព្រនង់​"​កាកបាទក្រហមកម្ពុជា​ តាម​រយៈ​សេចក្តីជូនដំណឹង​លេខ​២៤០​ក​ក្រក​.​ទ​ទ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ចុះហត្ថលេខា​ដោយ​លោក​ជំទាវ​ ពុំ​ ចន្ទី​នី​ អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៦​រួច​មក​ ទើប​លោក​ជំទាវ​ សម​ មុន្នី​កា​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ជា​សមាជិកា​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ និង​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ ប៉ុ​ល​ លឹ​ម​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ស្ម័គ្រចិត្ត​សុំ​លាលែង​ពីមុខ​តំណែង​ដោយ​ខ្លួនឯង​ ។​

​យោង​តាម​សំណើ​របស់​សាមីខ្លួន​ដែល​សុំ​លាលែង​ពីមុខ​តំណែង​នោះ​ ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​លោក​ជំទាវ​ សម​ មុន្នី​កា​ ពី​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៤/១៣៧៦​ ចុះ​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​លោក​ជំទាវ​ សម​ មុន្នី​កា​ ដែល​ជា​ភរិយា​របស់​ឯកឧត្តម​ ប៉ុ​ល​ លឹ​ម​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ជា​សមាជិកា​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​ បន្ទាប់​ពី​កាន់​តំណែង​បាន​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​សោះ​ លោក​ជំទាវ​រូប​នេះ​បាន​ជួប​ប្រទះ​នឹង​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ហួងហែង​ទារប្រាក់​សំណង​ចំនួន​៤.០០០​ដុល្លារ​អា​មេ​រិ​ក​ ពី​អ្នក​រត់​រថយន្តឈ្នួល​ម្នាក់​ ដែល​រថយន្ត​ខូច​តាម​ផ្លូវ​ជាយថាហេតុ​ ធ្វើ​ឲ្យ​លោក​ជំទាវ​ និង​គូកន​ ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​នោះ​ទទួល​រង​ការ​ភ័យ​ខ្លាច​ រហូត​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ពុះកញ្ជ្រោល​ពី​អ្នកលេង​ Facebook​ និង​ពី​កាកបាទក្រហមកម្ពុជា​ផង​ដែរ​ (​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ចុះ​ផ្សាយ​នា​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​បន្ថែម​)​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.