ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​ត្រឹម​លើក​យោបល់​និង​សិក្សា​ រីឯ​ការ​សម្រេច​ប្រាក់ខែ​កម្មករ​ស្រេច​លើ​បុរស​ខ្លាំង​

​អនុលោម​តាម​មាត្រា​៣៥១,​ មាត្រា​៣៥២​ និង​មាត្រា​៣៥៧​ នៃ​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​តម្រូវ​ឲ្យ​បង្កើត​គណៈកម្មការ​ប្រឹក្សា​ការងារ​មួយ​(LAC)​ នៅ​អម​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ​ (​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​)​ដែល​មាន​សមាសភាព​ត្រីភាគី​ គឺ​ភាគី​រាជរដ្ឋាភិបាល​ជា​ប្រធាន​,​ ភាគី​តំណាង​និយោជក​ ជា​អនុប្រធាន​ និង​ភាគី​តំណាង​កម្មករ​ និយោជិត​ ជា​អនុប្រធាន​ ។​

​ដោយ​យោង​តាម​ច្បាប់​ស្តី​ពី​ការងារ​ត្រង់​មាត្រា​៣៥២​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​លេខ​៤៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០០៦​ ស្តី​ពី​សមាសភាព​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ប្រឹក្សា​ការងារ​ ដែល​មាន​បេសកកម្ម​ជា​អាទិ៍​ ៖​ សិក្សា​ស្រាវជ្រាវ​រាល់​បញ្ហា​ដែល​ទាក់ទង​នឹង​ការងារ​ មុខរបរ​នៃ​កម្មករ​ និយោជិត​ ប្រាក់​ឈ្នួល​ ការ​អប់រំ​វិជ្ជាជីវៈ​ ចលនា​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​ ទេសន្តរប្រវេសន៍​ ការ​រៀបចំ​ឲ្យ​រឹតតែ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ខាង​សម្ភារៈ​ និង​ខាង​ស្មារតី​នៃ​កម្មករ​ និយោជិត​ ហើយ​និង​បញ្ហា​អនាម័យ​ និង​សន្តិសុខ​ការងារ​ ។​ គណៈកម្មការ​ប្រឹក្សា​ការងារ​នេះ​មាន​ភារកិច្ច​ជា​អាទិ៍​ ៖​ -​លើក​យោបល់​ណែនាំ​អំពី​អត្រា​បៀវត្សរ៍​អប្បបរមា​ដែល​ត្រូវ​ធានា​,​ -​ផ្តល់​យោបល់​ជា​មុន​ដើម្បី​ពង្រីក​ដែន​អនុវត្តន៍​អនុសញ្ញា​រួម​ ឬ​ក្នុង​ករណី​ដែល​គ្មាន​អនុសញ្ញា​រួម​ទេ​ ផ្តល់​យោបល់​ជាយថាហេតុ​ជា​មុន​ចំពោះ​បទបញ្ជា​នៃ​លក្ខខណ្ឌ​មុខរបរ​ នៅ​ក្នុង​វិជ្ជាជីវៈ​មួយ​ ឬ​នៅ​ក្នុង​វិស័យ​សកម្មភាព​ណាមួយ​​          ជាក់លាក់​ ។​

​គណៈកម្មការ​ប្រឹក្សា​ការងារ​(LAC)​បច្ចុប្បន្ន​នេះ​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​ប្រធាន​,​ លោក​ឧកញ៉ា​ ណា​ង​ សុធី​ ភាគី​តំណាង​និយោជក​ ជា​អនុប្រធាន​ និង​លោក​ ជួន​ មុំ​ថុ​ល​ ភាគី​តំណាង​កម្មករ​ និយោជិត​ ជា​អនុប្រធាន​ ។​

​កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ គណៈកម្មការ​ប្រឹក្សា​ការងារ​អាណត្តិ​ទី​៨​ បាន​បើក​កិច្ចប្រជុំ​លើក​ទី​១១​របស់​ខ្លួន​ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​ការ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៥​ ដោយ​បាន​កំណត់​ចំនួន​១២៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ចំពោះ​កម្មករ​ និយោជិត​ពេញ​សិទ្ធិ​ ជូន​ឯកឧត្តម​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​ស្រាប់​ផង​ដែរ​នោះ​ ពិនិត្យ​និង​សម្រេច​ ខណៈ​លោក​ ជួន​ មុំ​ថុ​ល​ ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​ភាគី​តំណាង​កម្មករ​ និយោជិត​ដេ​ល​បាន​ចុះហត្ថលេខា​ក្នុង​លក្ខណៈ​ត្រីភាគី​ លើ​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​រួច​ហើយ​ សម្តែង​នូវ​ការ​មិន​ពេញចិត្ត​(Sic!)​ ។​

​នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ដដែល​នេះ​ដែរ​ ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​នោះ​ មិន​ហ៊ាន​សម្រេច​លើ​ការ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ និយោជិត​សម្រាប់​ឆ្នាំ​២០១៥​ទេ​ ក៏​បាន​ធ្វើ​របាយការណ៍​សុំ​ការ​សម្រេច​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទើប​ទទួល​បានការ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ដោយ​បន្ថែម​ទឹកប្រាក់​ចំនួន​៥​ដុល្លារ​អា​មេ​រិ​ក​ លើ​ចំនួន​ទឹកប្រាក់​១២៣​ដុល្លារ​អា​មេ​រិ​ក​ ដែល​ស្នើ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​ហេតុ​នាំ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ និយោជិត​ពេញ​សិទ្ធិ​ គឺ​១២៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ និង​កម្មករ​ និយោជិត​សាកល្បង​ចំនួន​១២៣​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ឆ្នាំ​២០១៥​ គិត​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៥​ខាង​មុខ​តទៅ​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កាលពី​ចុងឆ្នាំ​២០១៣​កន្លង​ទៅ​ គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ និយោជិត​សម្រាប់​ឆ្នាំ​២០១៤​រហូត​ដល់​ទៅ​ចំនួន​២​លើក​ គឺ​លើក​ទី​១​ចំនួន​៩៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ សម្រាប់​កម្មករ​ និយោជិត​ពេញ​សិទ្ធិ​ ដែល​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៤​តទៅ​ (​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៣)​ និង​លើក​ទី​២​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ សម្រាប់​កម្មករ​ និយោជិត​ពេញ​សិទ្ធិ​ ដែល​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​តទៅ​ (​ប្រកាស​លេខ​៣១៧​ក​.​ប​/​ប្រក​ ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​)​ ។​

​សរុបសេចក្តី​មក​ យោង​តាម​ដំណើរ​រឿងហេតុ​ខាងលើ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ និយោជិត​ គឺ​ស្រេច​លើ​ភាគី​រាជរដ្ឋាភិបាល​ដែល​មាន​បុរស​ខ្លាំង​ជា​ប្រមុខ​ ជា​អ្នក​សម្រេច​ ខណៈ​គណៈកម្មការ​ប្រឹក្សា​ការងារ​ជា​យន្តការ​ត្រីភាគី​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​ការងារ​នៅ​កម្ពុជា​រិះគន់​ថា​ ពិភាក្សា​និង​សម្រេច​គ្មាន​ភាព​ច្បាស់លាស់​ ត្រឡប់ត្រឡិន​ចុះឡើង​ ក្រោម​សម្ពាធ​គាបសង្កត់​ពី​ភាគី​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ទាំងស្រុង​ ៕​

Ith-Samheng05

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.