ប្រជាពលរដ្ឋជាង១០០នាក់ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីវេលាព្រឹក នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ម្សិលមិញនេះ បាននាំគ្នាតវ៉ាបិទផ្លូវសូមឲ្យអាជ្ញាធរក្រុងប៉ោយប៉ែតជួយដោះស្រាយជូនពួកគាត់ ដោយសារពួកគាត់រងគ្រោះព្រោះអំពើរបស់ក្រុមហ៊ុនអានកូផលិតទឹកស្អាត ដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់ឯកឧត្តមឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បិទទ្វារទឹក បណ្តាលឲ្យលិចលង់ភូមិករ និងស្រែស្រូវរបស់ពួកគាត់ប្រមាណជាង១ពាន់ហិកតា ។
លោក ញឹម លៀម អាយុ៥៨ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត តំណាងប្រជាពលរដ្ឋទាំង២ភូមិ បានរៀបរាប់ឲ្យដឹងថា ក្រុមហ៊ុនអានកូផលិតទឹកស្អាតបានបិទទ្វារទឹក ធ្វើឲ្យជន់លិចភូមិ និងដំណាំគ្រប់ប្រភេទ ជាពិសេសស្រូវប្រាំង និងស្រូវវស្សាជាង១ពាន់ហិកតា ខណៈដែលដំណាំស្រូវរបស់ពួកគាត់ដល់រដូវច្រូតកាត់ហើយ បែរជាទឹកនៅពាសពេញស្រែ ពិបាកក្នុងការប្រមូលផល និងស្រូវមួយចំនួនខ្លះទៀតក៏ត្រូវទទួលរងការរលួយខូចខាតទៀតផង ។
ក្រុមប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងទៀតថា កាលពីរយៈពេលប្រមាណ៥-៦ឆ្នាំមុន មិនទាន់មានក្រុមហ៊ុនអានកូផលិតទឹកស្អាតមកអភិវឌ្ឍន៍ ពួកគាត់ធ្វើស្រែស្រូវមិនដែលមានទឹកលិចភូមិករ និងស្រូវម្តងឡើយ ប៉ុន្តែតាំងពីមានក្រុមហ៊ុនមកអភិវឌ្ឍន៍នៅតំបន់នេះ ពេលរដូវវស្សាទឹកជន់លិចស្រូវ និងលិចភូមិរាល់ឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនូវការលំបាកក្នុងការប្រមូលផលស្រូវ និងខូចខាតស្រូវខាតបង់ប្រាក់រាប់ម៉ឺនបាត(ប្រាក់ថៃ)ក្នុង១គ្រួសារៗ ។
ប្រភពព័ត៌មានពីក្រុងប៉ោយប៉ែតបានឲ្យដឹងថា ខាងភាគីតំណាងក្រុមហ៊ុនអានកូផលិតទឹកស្អាតបានចេញមកដោះស្រាយ ដោយសន្យាជាមួយប្រជាពលរដ្ឋថា ក្រុមហ៊ុននឹងបើកទ្វារទឹកទាំង២កន្លែង ដើម្បីសម្រួលឲ្យប្រជាកសិករបានប្រមូលផលស្រូវក្នុងរដូវប្រាំងខាងមុខនេះឡើងវិញ ប៉ុន្តែគេមិនទាន់ដឹងថា ការសន្យារបស់តំណាងក្រុមហ៊ុននោះនឹងក្លាយជាការពិត ឬយ៉ាងណានោះនៅឡើយទេ ខណៈដែលលោក ង៉ោ ម៉េងជ្រួន អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានចេញមុខសន្យាដោះស្រាយក្នុងករណីនេះឲ្យខាងតែបាន ៕