ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

ខាង​ប្រុស​ចាក់​សម្លាប់​ខាង​ស្រី​ដោយ​ប្រើ​ល្បិច​ហៅ​មក​ជួប​នៅផ្ទះ​សំណាក់​ រួច​អា​រក​សម្លាប់​ខ្លួនឯង​ព្រោះ​សង្សារ​សុំ​ចែកផ្លូវ​

​កាលពី​វេលា​ម៉ោង​១៨​និង​១៥​នាទី​ល្ងាច​ នា​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​បន្ទប់​លេខ​៣០៤​ ជាន់​ទី​៣​ នៃ​ផ្ទះសំណាក់​យីហោ​ រិ​ទ្ធី​ហេង​ ឋិត​នៅ​បណ្តោយ​ផ្លូវ​លេខ​១៣​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ (​ក្បែរ​ទីស្តីការក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​)​ ដោយ​អំពើ​ឃាតកម្ម​ក្នុង​រង្វង់​សង្សារ​មួយគូ​ គឺ​ខាង​ប្រុស​ប្រើ​ល្បិច​ហៅ​ខាង​ស្រី​ឲ្យ​មក​ជួប​មុខ​គ្នា​ចុង​ក្រោយ​នៅផ្ទះ​សំណាក់​ រួច​ហើយ​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​នាង​ជា​សង្សារ​ចំនួន​៤​កាំបិត​ និង​បន្ទាប់​មក​ខាង​ប្រុស​ក៏​យក​កាំបិត​អា​រក​ និង​ចាក់​ចុងដង្ហើម​ខ្លួនឯង​បំណង​បញ្ចប់ជីវិត​ទាំង​២​នាក់​ ប៉ុន្តែ​សំណាង​នៅ​មាន​មិន​ឈាន​ដល់​ថ្នាក់​ស្លាប់​បាត់បង់​ជីវិត​ទេ​ បាន​ត្រឹម​ខាង​ស្រី​រង​របួសធ្ងន់​ឈាម​ប្រឡាក់​ជោក​ខ្លួន​ និង​ខាង​ប្រុស​ចិត្តសឿង​ដែល​បង្ហាញ​បេះដូង​ស្មោះ​ ក្នុង​រឿង​សង្សារ​សុំ​ចែកផ្លូវ​នេះ​ សល់​ត្រឹម​ដង្ហើមចង្រិត​ ។​

​សង្សារ​មួយគូ​ដែល​ខាង​ប្រុស​ប៉ុនប៉ង​ចាក់​សម្លាប់​ខាង​ស្រី​ និង​ធ្វើ​អត្តឃាត​ខ្លួនឯង​តាម​ក្រោយ​ តែ​មិន​ទាន់​ស្លាប់​បាត់បង់​ជីវិត​នេះ​ ខាង​ប្រុស​មានឈ្មោះ​ ហួត​ ស​ក្ខិ​ណា​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ជាមួយ​បងស្រី​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ និង​ខាង​ស្រី​មានឈ្មោះ​ សៅ​ យៀ​ក​ម៉ី​ អាយុ​១៧​ឆ្នាំ​ ជា​សិស្សសាលា​ភាសា​អង់គ្លេស​នៃ​វិទ្យាស្ថាន​ឯកជន​មួយ​ ស្នាក់​នៅ​សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ នា​វេលា​ម៉ោង​ប្រមាណ​១៣​និង​១៥​នាទី​រសៀល​ បុរស​ឈ្មោះ​ ហួត​ ស​ក្ខិ​ណា​ បាន​មក​ជួល​បន្ទប់​លេខ​៣០៤​ ជាន់​ទី​៣​ដើម្បី​ស្នាក់​នៅ​ ។​ ប្រមាណ​កន្លះ​ម៉ោង​ក្រោយមក​ ឃើញ​មាន​នារី​ម្នាក់​ឈ្មោះ​ សៅ​ យៀ​ក​ម៉ី​ ដែល​ជា​មិត្ត​ស្រី​(​សង្សារ​)​របស់​បុរស​ខាងលើ​បាន​មក​ដល់​ដែរ​ រួច​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​លេខ​៣០៤​ជាមួយ​គ្នា​ ដោយ​គ្មាន​រឿងរ៉ាវ​អ្វី​កើតឡើង​ទេ​ ។​ លុះ​មក​ដល់​ពេល​កើតហេតុ​ ស្រាប់តែ​ឃើញ​នារី​ឈ្មោះ​ សៅ​ យៀ​ក​ម៉ី​ បាន​រត់​ចេញពី​បន្ទប់​ជួល​ទាំង​តក់ក្រហល់​ ដោយ​មាន​ប្រឡាក់​ពេញ​ខ្លួន​ ព្រមទាំង​ស្រែក​ឲ្យ​គេ​ជួយ​ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ ហើយ​ភ្លាមៗ​នោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។​ ដំណាលគ្នា​នេះ​ដែរ​ ម្ចាស់ផ្ទះ​សំណាក់​បាន​ឡើង​ទៅ​បន្ទប់​កើតហេតុ​ និង​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ពិនិត្យ​ឃើញ​ភាគី​ខាង​ប្រុស​កំពុង​ដេក​ផ្កាប់មុខ​ក្នុង​បន្ទប់ទឹក​ទាំង​ឈាម​ប្រឡាក់​ពេញ​ខ្លួន​ សល់​តែ​ដង្ហើមចង្រិត​ និង​មានកូន​កាំបិត​ចុង​ស្រួច​មួយ​នៅ​ក្បែរ​នោះ​ ហើយ​ក៏​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ ។​

​ករណី​ប៉ុនប៉ង​ចាក់​សម្លាប់​ដៃគូ​ស្នេហា​ក្នុង​រង្វង់​គូសង្សារ​វ័យក្មេង​នេះ​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា​ ជា​ករណី​ខាង​ស្រី​សុំ​ខាង​ប្រុស​ចែកផ្លូវ​ឈប់​ទាក់ទង​គ្នា​ ធ្វើ​ឲ្យ​ខាង​ប្រុស​ខឹងសម្បា​បែកគំនិត​ចាក់​សម្លាប់​ខាង​ស្រី​ ដើម្បី​បង្ហាញ​ចិត្ត​ស្មោះ​ រួច​ហើយ​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ ប៉ុន្តែ​អាយុ​នៅ​ថ្លៃ​មិន​ឈាន​ដល់​ថ្នាក់​ស្លាប់​បាត់បង់​ជីវិត​តាម​បំណង​របស់​ភាគី​ខាង​ប្រុស​ទេ​ ។​

​បច្ចុប្បន្ន​ សង្សារ​មួយគូ​ដែល​ខាង​ប្រុស​ចិត្តសឿង​ និង​គិត​ខ្លី​ហ៊ានសម្លាប់ដៃគូស្នេហារបស់ខ្លួននេះ​ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​នៅឡើយ​ ៕​

Rithy-Heng.2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.