ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

សមាជិក​-​សមាជិកា​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចំនួន​២​នាក់​ដែល​ល្បីឈ្មោះ​លេចធ្លោ​ក្នុង​ឆ្នាំ​២០១៤​ក្នុង​រឿង​”​មិនសូវ​ថ្លៃថ្នូរ​”

​នា​ឆ្នាំ​២០១៤​នេះ​ ទំនងជា​មាន​សមាជិក​-​សមាជិកា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ ចំនួន​២​នាក់​ ដែល​ល្បីឈ្មោះ​លេចធ្លោ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ក្នុង​រឿង​"​មិនសូវ​ថ្លៃថ្នូរ​"​ គឺ​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ អនុប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​លោក​ជំទាវ​ សម​ មុន្នី​កា​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ និង​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ ប៉ុ​ល​ លឹ​ម​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ដែល​រឿងរ៉ាវ​"​មិនសូវ​ថ្លៃថ្នូរ​"​របស់​សមាជិក​-​សមាជិកា​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ទាំង​២​នាក់​មាន​ដូច​តទៅ​ ៖

I-​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ បាន​ល្បីឈ្មោះ​លេចធ្លោ​ក្នុង​ឆ្នាំ​២០១៤​ ដោយសារ​ ៖​ ក​-​បញ្ចេញ​ទ្រឹស្តី​ដ៏​ពេញ​និយម​មួយ​ឃ្លា​ថា​ "​មាន​លុយ​ មាន​យុត្តិធម៌​"​ ។​ ខ​-​រៀប​ការ​ភរិយា​ក្មេងខ្ចី​ល្បី​ពេញ​ Facebook​ កាលពី​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​ គ​-​លេច​ធ្លាយ​រឿងអាស្រូវ​ជំពាក់​លុយ​ថ្លៃ​ព្យាបាល​ និង​ដាក់​ធ្មេញ​មាស​ នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​ម៉ា​ស្ទ័​រ​ឃែ​រ​(Master​ Care​ Dental​ Clinic)​ ចំនួន​១.៤៦២​ដុល្លារ​អា​មេ​រិ​ក​ អស់​រយៈពេល​ជិត​២​ឆ្នាំ​ រហូត​ដល់​ថ្នាក់​ម្ចាស់បំណុល​សម្រេច​ទារ​លុយ​ជំពាក់​តាម​វិទ្យុ​អាស៊ី​សេរី​ មាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក​ (​យោង​តាម​ឯកសារ​ព័ស្តុតាង​បាន​បង្ហាញ​ថា​ ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ បាន​ទៅ​ព្យាបាល​ និង​ដាក់​ធ្មេញ​មាស​ចំនួន​១​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​ម៉ា​ស្ទ័​រ​ឃែ​រ​ នា​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៣​ គឺ​មុន​ពេល​រៀប​ការ​ភរិយា​ក្មេង​)​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ បាន​ធ្វើការ​រិះគន់​ថា​ អំពើ​ជំពាក់​ប្រាក់​ថ្លៃ​ព្យាបាល​ និង​ដាក់​ធ្មេញ​មាស​របស់​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ រហូត​ដល់​ថ្នាក់​ម្ចាស់បំណុល​សម្រេចចិត្ត​ទារ​តាម​វិទ្យុ​នោះ​ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រាជរដ្ឋាភិបាល​ កិត្តិយស​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​កិត្តិយស​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ដន្លងដងស្នែង​បុរស​ខ្លាំង​ ដែល​ជា​"​មេ​កើយ​"​ ឲ្យ​អាប់ឱន​រឹតតែ​ខ្លាំង​ទៅ​ទាំង​ព្រម​ជាមួយ​គ្នា​ ។​

II-​លោក​ជំទាវ​ សម​ មុន្នី​កា​ បាន​ល្បីឈ្មោះ​លេច​ធ្លា​នា​ចុងឆ្នាំ​២០១៤​នេះ​ រហូត​ដល់​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ដាក់​រហស្សនាម​ឲ្យ​ថា​ជា​"​ជំទាវ​មុខលុយ​"​ បន្ទាប់​ពី​លោក​ជំទាវ​សមាជិកា​រាជរដ្ឋាភិបាល​រូប​នេះ​សង្ខុញ​ជំរិត​ទារប្រាក់​ចំនួន​៤​​០០០​ដុល្លារ​អា​មេ​រិ​ក​ ពី​បុរស​អ្នក​រត់​រថយន្តឈ្នួល​ម្នាក់​ ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តរតនគិរី​ ក្រោយ​មាន​ហេតុការណ៍​រថយន្ត​ខូច​ដោយ​អ​ចេតនា​ នា​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​ លោក​ជំទាវ​ សម​ មុន្នី​កា​ បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ឲ្យ​ឃាត់​រថយន្តឈ្នួល​នោះ​ទុក​រហូត​ដល់​ជិត​រយៈពេល​មួយ​ខែ​ ទោះបី​ម្ចាស់​រថយន្តឈ្នួល​បាន​ធ្វើ​លិខិត​សុំ​ទោស​ក៏​ដោយ​ (​លោក​ជំទាវ​និង​គូកន​គ្មាន​រងគ្រោះថ្នាក់​អ្វី​ទេ​ គ្រាន់តែ​បណ្តាល​ឲ្យ​មានការ​ភ័យ​ខ្លាច​ ខណៈ​អ្នកដំណើរ​ដទៃ​ទៀត​មិន​បាន​រករឿង​អ្នកបើកបរ​រថយន្តឈ្នួល​នោះ​ឡើយ​)​ លុះដល់​ពេល​បាន​លុយ​គ្រប់​ចំនួន​៤​​​​​​​​​​​​​​​​​០០០​ដុល្លារ​អា​មេ​រិ​ក​ ពី​ម្ចាស់​រថយន្តឈ្នួល​(​ម្ចាស់​រថយន្តឈ្នួល​ទទួល​បាន​ប្រាក់​ពី​សប្បុរសជន​នានា​ជា​ច្រើន​នាក់​ បូក​រួម​ទាំង​ពី​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផង​…)​ ទើប​លោក​ជំទាវ​ សម​ មុន្នី​កា​ ព្រមព្រៀង​ដក​ពាក្យបណ្តឹង​ពី​សមត្ថកិច្ច​នគរបាល​ នា​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ។​

​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ពិសេស​ទៀត​នោះ​ គឺ​កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ លោក​ជំទាវ​ សម​ មុន្នី​កា​ បាន​ធ្វើ​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​ BTV​ Top​ Story​ Live​ ជាមួយ​ទូរទស្សន៍​បាយ័ន​ ដោយ​បាន​គូសបញ្ជាក់​ថា​ នឹង​យក​ថវិកា​ចំនួន​៤​០០០​ដុល្លារ​អា​មេ​រិ​ក​ដែល​ជា​សំណង​ទទួល​បាន​ពី​អ្នកបើកបរ​តាក់ស៊ី​ មក​បរិច្ចាគ​ដល់​កាកបាទក្រហមកម្ពុជា​(Sic!)​ ។​

​រំលង​តែ​មួយ​ថ្ងៃ​ក្រោយមក​ អគ្គលេខាធិការដ្ឋាន​កាកបាទក្រហមកម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​២៤០​ក​ក្រក​.​ទ​ទ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​អំពើ​របស់​លោក​ជំទាវ​ សម​ មុន្នី​កា​ និង​បាន​បដិសេធ​មិន​ទទួលយក​ថវិកា​នោះ​ឡើយ​ ដោយ​ចាត់​ទុក​ថា​ ជា​"​ប្រាក់​មិន​ស្អាត​"​ ។​

​ប្រតិកម្ម​របស់​អគ្គលេខាធិការដ្ឋាន​កាកបាទក្រហមកម្ពុជា​ ប្រៀប​ដូច​ជា​ដំបង​មួយ​យ៉ាង​ធំ​"​សំពង​"​ទៅ​លើ​លោក​ជំទាវ​ សម​ មុន្នី​កា​ ឲ្យ​"​ទក់​មុខ​"​ និង​"​ទ្រោម​ខ្លួន​"​ ដែល​ស័ក្តិសម​ទៅ​នឹង​អ្នកលេង​ Facebook​ ដាក់​រហស្សនាម​ឲ្យ​លោក​ជំទាវ សមាជិការាជរដ្ឋាភិបាល​រូប​នេះ​ថា​ជា ​"​ជំទាវ​មុខលុយ​"​ ។​

​រឿងអាស្រូវ​នេះ​បាន​ញ៉ាំង​ឲ្យ​លោក​ជំទាវ​ សម​ មុន្នី​កា​ ដែល​ជា​សមាជិកា​បុរស​ខ្លាំង​ បាន​ល្បីឈ្មោះ​លេចធ្លោ​នា​ចុងឆ្នាំ​២០១៤​ ក្នុង​រឿង​"​មិនសូវ​ថ្លៃថ្នូរ​"​ ។​

​តើ​បុរស​ខ្លាំង​ប្រមុខ​រាជរដ្ឋាភិបាល​យល់​ឃើញ​ និង​មាន​វិធានការ​បែប​ណា​ នៅ​ពេល​ដែល​មាន​សមាជិក​-​សមាជិកា​រាជរដ្ឋាភិបាល​របស់​ខ្លួន​មួយ​ចំនួន​ ក្លាយជា​អ្នក​ល្បីឈ្មោះ​លេចធ្លោ​ក្នុង​រឿង​"​មិនសូវ​ថ្លៃថ្នូរ​"​ ដូច្នេះ​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.