ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

បុរស​ម្នាក់​ស្លាប់​ក្រោយ​សម្រាក​ព្យួរសេរ៉ូម​ដោយ​គ្រូពេទ្យ​នៅ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ​

​មាន​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​ និង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ​ ឋិត​នៅ​អគារ​លេខ​៨០​ តាម​បណ្តោយ​វិ​ថី​ព្រះ​មុនី​រ៉េ​ត​ សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ នា​វេលា​ម៉ោង​០២​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ ដោយសារ​ក្រុម​គ្រូពេទ្យ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ​ចាក់​ព្យួរសេរ៉ូម​ បណ្តាល​ឲ្យ​បុរស​ជា​អ្នកជំងឺ​ម្នាក់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​មួយ​រំពេច​ ។​

​បុរស​ដែល​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ក្រុម​គ្រូពេទ្យ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ​ចាក់​ព្យួរសេរ៉ូម​រួច​នោះ​ មានឈ្មោះ​ ឈុ​ន​ សៅ​លី​ អាយុ​៥០​ឆ្នាំ​ មុខរបរ​ជា​អ្នកលក់​បន្លែ​នៅ​ផ្សារ​ដើម​គ​ រស់នៅ​ភូមិ​៧​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ នៅ​វេលា​ម៉ោង​ប្រមាណ​០១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ជន​រង​គ្រោះ​មាន​អាកា​រៈ​ឈឺចង្កេះ​ខ្លាំង​ពេក​ ទើប​ឲ្យ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ​ដើម្បី​ព្យាបាល​ជំងឺ​ ។​ នៅ​ពេល​ទៅ​ដល់​ភ្លាមៗ​ ស្រាប់តែ​គ្រូពេទ្យ​បាន​យក​សេរ៉ូម​មក​ចាក់​ព្យួរ​ឲ្យ​ជន​រង​គ្រោះ​ ខណៈ​អ្នកជំងឺ​នៅ​មាន​កម្លាំង​មាំមួន​នៅឡើយ​ គ្រាន់តែ​ឈឺចង្កេះ​ប៉ុណ្ណោះ​ និង​ប្រមាណ​ជាង​១​ម៉ោង​ក្រោយមក​ ជន​រង​គ្រោះ​បាន​ប្រកាច់​ត្រដរខ្យល់​ស្លាប់​តែ​ម្តង​ ធ្វើ​ឲ្យ​ទាំង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ទាំង​ក្រុម​គ្រូពេទ្យ​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​ ។​

​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពេល​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ​ បាន​ឆ្លើយ​ដោះសា​ថា​ ជន​រង​គ្រោះ​មាន​ជំងឺ​បេះដូង​ ហើយ​នៅ​ពេល​ព្យាបាល​មាន​ប្រតិកម្ម​ថ្នាំ​ ទើប​បណ្តាល​ឲ្យ​គាំងបេះដូង​ស្លាប់​ ។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​អះអាង​ថា​ នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ ដោយ​ប្តឹង​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ​នេះ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​គិត​ត្រឹម​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​អ្នកគ្រប់គ្រង​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ​ ទាក់ទង​នឹង​រឿងអាស្រូវ​ព្យួរសេរ៉ូម​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នោះ​ ដ្បិត​មិន​អាច​ទំនាក់ទំនង​បាន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.