ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

នំ​កញ្ចប់​យួន​ប្រហារជីវិត​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​គួរ​ឲ្យ​សង្វេគ​សោកស្តាយ​បំផុត​ មុន​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​សង្គ្រោះ​ កាលពី​វេលា​ម៉ោង​០៨​និង​១៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះ​បាន​ពុល​អាហារ​ដោយ​ហូប​នំ​កញ្ចប់​ម៉ាក​ Vong​ Na​ Tra​ តម្លៃ​២០០​រៀល​លុយ​ខ្មែរ​ ផលិត​នៅ​ប្រទេស​វៀតណាម​ ហើយ​ត្រូវ​បាន​ឈ្មួញ​វៀតណាម​នាំ​យក​មក​ដាក់​លក់​នៅ​តាម​ភូមិឋាន​ប្រជាពលរដ្ឋ​ ឋិត​នៅ​ភូមិ​ចំបក់​ ឃុំ​នាង​ទើត​ ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ ។​

​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ពុល​នំ​កញ្ចប់​ផលិត​នៅ​ប្រទេស​វៀតណាម​ ដែល​ឈ្មួញ​វៀតណាម​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​នោះ​ មានឈ្មោះ​ ភ័ក្ត្រ​ សា​វី​ អាយុ​៦​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​ ភ័​ណ្ឌ​ សុ​ភ័ក្ត្រ​ អាយុ​២៥​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​ វ៉េ​ត​ សា​វៀត​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​តំបែរ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ក្មេង​ស្រី​រង​គ្រោះ​បាន​សុំ​លុយ​ម្តាយ​របស់​នាង​ទៅ​ទិញ​នំ​កញ្ចប់​ម៉ាក​ Vong​ Na​ Tra​ ផលិត​នៅ​ប្រទេស​វៀតណាម​ បាន​ចំនួន​១​កញ្ចប់​តម្លៃ​២០០​រៀល​ នៅផ្ទះ​លក់​នំ​ឈ្មោះ​ ស្រ៊ុ​ន​ ធុ​យ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ។​ ក្រោយ​ទិញ​នំ​កញ្ចប់​នោះ​បាន​រួច​ហើយ​ ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​យក​មក​ហូប​អស់​ពាក់កណ្តាល​ ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួល​(​ពុល​)​ ហើយ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ដែរ​ ប៉ុន្តែ​ជា​អកុសល​ ក្មេង​ស្រី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ​យ៉ាង​អាណោចអាធ័ម​បំផុត​ ។​

​ក្រុម​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថែម​ទៀត​ថា​ ក្រោយ​ពេល​កើតហេតុ​ពុល​នំ​កញ្ចប់​បណ្តាល​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ សមត្ថកិច្ច​បាន​ប្រមូល​នំ​កញ្ចប់​ដែល​មាន​ភិនភាគ​ដូច​ក្មេង​ស្រី​រង​គ្រោះ​ហូប​បាន​ចំនួន​៣​កញ្ចប់​ ក្នុង​នោះ​១​កញ្ចប់​ទុកជា​វត្ថុ​តាង​ និង​២​កញ្ចប់​ទៀត​ប្រគល់​ឲ្យ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ពិនិត្យ​រក​មើល​សារធាតុពុល​ ដ្បិត​នំ​កញ្ចប់​នេះ​ផលិត​នៅ​ប្រទេស​វៀតណាម​ និង​ត្រូវ​បាន​ជនជាតិ​វៀតណាម​ដឹក​យក​មក​លក់​នៅ​ភូមិ​ចំបក់​តែ​ម្តង​ ។​ រីឯ​សព​ក្មេង​ស្រី​រង​គ្រោះ​ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យវិច័យ​ចប់​សព្វគ្រប់​ ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​លោក​វេជ្ជបណ្ឌិត​ កែវ​ វណ្ណៈ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា​ នំ​កញ្ចប់​ដែល​មាន​ភិនភាគ​ដូច​ក្មេង​ស្រី​រង​គ្រោះ​ហូប​ពុល​ស្លាប់​នោះ​ ខាង​មន្ទីរ​បាន​វេច​ខ្ចប់​បញ្ជូន​ទៅ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ពិនិត្យ​រក​សារធាតុពុល​រួច​ហើយ​ ។​

​សូម​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ ជា​ពិសេស​មន្ត្រី​ជំនាញ​កាំកុងត្រូល​មេត្តា​មាន​វិធានការ​ត្រួតពិនិត្យ​អំពី​សុវត្ថិភាព​ចំណីអាហារ​ឲ្យ​បាន​ម៉ឺងម៉ាត់​ផង​ ដើម្បី​ចូលរួម​ចំណែក​គិតគូរ​ការពារ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ កុំ​គិតតែ​ពី​ប្រមូល​យក​លុយ​ដាក់​ហោប៉ៅ​ខ្លាំង​ពេក​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.