ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ថ្ងៃនេះ​ខួបកំណើត​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២​រូប​ គឺ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ និង​ឯកឧត្តម​ ឌិ​ត​ មុន្ទី​

​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ ជា​ថ្ងៃ​ប្រារព្ធ​ខួបកំណើត​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ល្បីឈ្មោះ​ចំនួន​២​រូប​ គឺ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​គម្រប់​អាយុ​៨២​ឆ្នាំ​ឈាន​ចូល​៨៣​ឆ្នាំ​ និង​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​តុលាកា​ករំ​ពូ​ល​ ក្នុង​គម្រប់​អាយុ​៧៣​ឆ្នាំ​ឈាន​ចូល​៧៤​ឆ្នាំ​(​បើ​គិត​តាម​ទិន្នន័យ​ថ្ងៃខែ​ឆ្នាំ​កំណើត​ចូល​ធ្វើ​ជា​សមា​ ជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​ និង​គម្រប់​អាយុ​៧០​ឆ្នាំ​ឈាន​ចូល​៧១​ឆ្នាំ​(​ទិន្នន័យ​ឋិត​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​)​។​

​ដោយសារ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទៅ​ហើយ​នោះ​ ដូច្នេះ​នៅ​ទី​នេះ​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ សូម​លើកយក​តែ​ករណី​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ មក​អធិប្បាយ​ប៉ុណ្ណោះ​ ទុកជា​ការ​អបអរ សាទរ​ក្នុង​ឱកាស​ប្រារព្ធ​ខួបកំណើត​របស់​ឯកឧត្តម​ប្រធាន​តុលាការ​កំពូល​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទៅ​ចុះ​ ។​

​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ អាយុ​៧៣​ឆ្នាំ​(​គិត​តាម​ទិន្នន័យ​សច្ចាប្រណិធាន​ចូល​ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​ និង​មាន​អាយុ​៧០​ឆ្នាំ​(​គិត​តាម​ទិន្នន័យ​ឋិត​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​)​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​អំឡុង​ឆ្នាំ​១៩៦៧​ និង​បាន​ក្លាយជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ ឯកឧត្តម​ ឌិ​ត​ មុន្ទី​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​១៩៩៧​ ដោយ​មាន​អត្តលេខ​១២០(​បច្ចុប្បន្ន​ជា​មេធាវី​សុំ​នៅ​ក្រៅបញ្ជី​គណៈមេធាវី​)​ ។​ ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​តុលាការ​កំពូល​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥៩៨/១៨​ ចុះ​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​១៩៩៨​ និង​ក៏​បាន​ក្លាយជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដោយ​ស្វ័យប្រវត្តិ​ ហើយ​បំពេញ​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ប្រៀបប្រដូច​ទៅ​នឹង​"​ជា​កីឡាករ​ផង​ និង​ជា​អាជ្ញាកណ្តាល​ផង​"​ ។​ ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​សហ​ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ ជាមួយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​បាន​រំសាយ​ចោល​វិញ​ហើយ​ ។​

​យោង​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​នីតិកាល​ទី​៣​នៃ​រដ្ឋសភា​ និង​មាត្រា​១​នៃ​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៤០៣​ ចុះ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០០៥​ ដែល​បាន​ចែង​ថា​ "​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើយ​ទៅ​"​ គឺ​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំទៅ​ហើយ​នោះ​ ត្រូវ​តែ​ដាក់​ឲ្យ​ចូល​និវត្តន៍​ ប៉ុន្តែ​ឯកឧត្តម​រូប​នេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ទេ​ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅ​ទៀត​រៀង​រហូត​មក​ តាម​មាត្រា​២​នៃ​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៤០៣​ ចុះ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០០៥​ដដែល​ ដែល​បាន​ចែង​ថា​ "​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា​មួយ​ចំនួន​អាច​នៅ​បន្តការងារ​តាម​ការ​ចាំបាច់​"​ និង​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៤​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១​ និង​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៧​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ឃ្លាំមើល​ដំណើរការ​វិស័យ​តុលាការ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ជា​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ស្ថាប័ន​តុលាការ​ គឺជា​ឧបករណ៍​ការពារ​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​សំខាន់​ ដូច្នេះ​ហើយ​ទើប​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ទោះបី​មាន​អាយុ​ជាង​៧០​ឆ្នាំ​ហើយ​ក៏​ដោយ​ ក៏​ត្រូវ​បាន​រក្សា​មុខ​តំណែង​ឲ្យ​ធ្វើ​ជា​ប្រធាន​តុលាការ​កំពូល​រហូត​ទល់​បច្ចុប្បន្ន​ ខណៈ​ឯកឧត្តម​ចៅក្រម​ម្នាក់​ទៀត​ គឺ​ឯកឧត្តម​ ឃឹម​ ប៉ុណ្ណ​ អាយុ​៧៤​ឆ្នាំ​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ត្រូវ​បាន​រក្សា​មុខ​តំណែង​ជា​អនុប្រធាន​តុលាការ​កំពូល​ដុះ​ស្នឹម​ផង​ដែរ​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.