ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អ្នក​ច្បាប់​រិះគន់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថា​ ជ្រើសតាំង​សមាជិកា​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ប៉ះ​ចំ​ព្រះរាជអាជ្ញា​ដែល​ធ្លាប់​មាន​កំហុសឆ្គង​ធ្ងន់ធ្ងរ​

​យោង​តាម​មាត្រា​៤​ ចំណុច​ទី​៧​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ អនុម័ត​ដោយ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ នា​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៤​ និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៧១៤/០១៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ បាន​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ស្វ័យប្រវត្តិ​រួច​ហើយ​នោះ​ ជ្រើសតាំង​ព្រះរាជអាជ្ញា​០១​នាក់​ក្នុង​ចំណោម​ព្រះរាជអាជ្ញា​ពេញ​សិទ្ធិ​ទាំងអស់​ ឲ្យ​ធ្វើ​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នៅ​ក្នុង​ចំណោម​១១​នាក់​ ។​

​ឥឡូវ​ព្រះរាជអាជ្ញា​ម្នាក់​ក្នុង​ចំណោម​ព្រះរាជអាជ្ញា​ពេញ​សិទ្ធិ​ទាំងអស់​ ដែល​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នោះ​ ត្រូវ​បាន​ជ្រើសតាំង​រួច​ហើយ​ ប៉ុន្តែ​រើស​ប៉ះ​ចំ​ព្រះរាជអាជ្ញា​ម្នាក់​ដែល​ធ្លាប់​មាន​កំហុសឆ្គង​ធ្ងន់ធ្ងរ​ រហូត​ដល់​ថ្នាក់​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ធ្លាប់​ដាក់​វិន័យ​ ក្រោម​រូបភាព​ផ្លាស់​ចេញ​ដោយ​បង្ខំ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​កន្លង​មក​ថែម​ទៀត​ ធ្វើ​ឲ្យ​មានការ​រិះគន់​ចំៗ​ពី​មជ្ឈដ្ឋាន​ក្រុម​អ្នក​ច្បាប់​នៅ​កម្ពុជា​ ក៏​ដូច​ជា​ពី​មជ្ឈដ្ឋាន​ព្រះរាជអាជ្ញា​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​តុលាការ​ទូ​ទាំង​ប្រទេស​ ។​

​លោកស្រី​ ប៊ុ​ន្នី​ញ​ ប៊ុ​ណ្ណា​រី​ អាយុ​៥៩​ឆ្នាំ​ ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​(​ទើប​ផ្ទេរ​មុខ​តំណែង​ពី​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​មក​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤)​ ត្រូវ​បាន​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​សមាជិកា​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ខណៈ​លោកស្រី​ព្រះរាជអាជ្ញា​រង​រូប​នេះ​ធ្លាប់​បាន​ប្រព្រឹត្ត​ខុសឆ្គង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បំពេញភារកិច្ច​ជា​អតីត​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ធ្លាប់​ត្រូវ​បាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដាក់​វិន័យ​ ក្រោម​រូបភាព​ផ្លាស់​ដោយ​បង្ខំ​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ (​អតីត​តុលាការក្រុង​ភ្នំពេញ​)​ ។​

​កាលពី​អំឡុង​ឆ្នាំ​២០០៥​ លោកស្រី​ ប៊ុ​ន្នី​ញ​ ប៊ុ​ណ្ណា​រី​ ជា​អតីត​ចៅក្រម​តុលាការក្រុង​ភ្នំពេញ​ ត្រូវ​បាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​មាន​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ជា​ប្រធាន​ រក​ឃើញ​នូវ​កំហុសឆ្គង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បំពេញភារកិច្ច​ ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​ជនជាប់ចោទ​មិន​ប្រក្រតី​ និង​ការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ហួសកំណត់​ច្បាប់​ ដែល​កំហុសឆ្គង​ទាំងនោះ​ក៏​ត្រូវ​បាន​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ធ្វើ​របាយការណ៍​ចុះ​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០០៥​ រាយការណ៍​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រោយមក​ត្រូវ​បាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ប្រជុំ​សម្រេច​ដាក់​វិន័យ​នា​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០០៥​ ក្រោម​រូបភាព​ផ្លាស់​ដោយ​បង្ខំ​ចេញពី​តុលាការក្រុង​ភ្នំពេញ​ (​បច្ចុប្បន្ន​ជា​សាលាដំបូង​រាជធានី​ភ្នំពេញ​)​ ដំណាលគ្នា​ជាមួយ​ប្តី​របស់​លោកស្រី​ គឺ​លោក​ចៅក្រម​ នុប​ សុ​ផុ​ន​ អតីត​អនុប្រធាន​តុលាការក្រុង​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៥/៤១៩​ ចុះ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០០៥​ ។​

​កំហុស​ធ្ងន់ធ្ងរ​របស់​លោកស្រី​ ប៊ុ​ន្នី​ញ​ ប៊ុ​ណ្ណា​រី​ ពេល​បំពេញការងារ​ជា​អតីត​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កន្លង​មក​ រួម​មាន​ ៖

១-​ការ​ដោះ​លែង​ជនជាប់ចោទ​មិន​ប្រក្រតី​ ៖​ លោកស្រី​អតីត​ចៅក្រម​រូប​នេះ​បាន​ដោះ​លែង​ជនល្មើស​ចំនួន​១៤​នាក់​ ក្នុង​នាម​ជា​ចៅក្រម​ស៊ើបអង្កេត​ផង​ និង​ក្នុង​នាម​ជា​ចៅក្រម​ជំនុំជម្រះ​ផង​ មាន​ជា​អាទិ៍​ ៖​ -​ពុំ​បាន​ចាត់ការ​សុំ​ចោទប្រកាន់​បន្ថែម​លើ​បទឧក្រិដ្ឋ​ទាំង​៦​លើក​ ដែល​ជនល្មើស​បាន​ឆ្លើយ​ថា​ ខ្លួន​ប្រព្រឹត្ត​បទល្មើស​ប្លន់​៦​លើក​បាន​សម្រេច​ទាំងអស់​ និង​បាន​បាញ់​សម្លាប់​មនុស្ស​២​នាក់​ស៊ីចង្វាក់​ជាមួយ​ចម្លើយ​គ្រួសារ​ជន​រង​គ្រោះ​ និង​សាក្សី​រួច​ហើយ​ ធ្វើ​ឲ្យ​ជនល្មើស​រួចខ្លួន​ពី​បទឧក្រិដ្ឋ​ទាំង​៦​លើក​ដោយ​ស្រួល​ ។​ -​មិន​បាន​បំបែកសំណុំរឿង​ទៅ​តាម​ពេលវេលា​ និង​ទីកន្លែង​ប្រព្រឹត្ត​បទ​លើ្ម​ស​ឲ្យ​បាន​ត្រឹមត្រូវ​ ព្រោះថា​ជនល្មើស​បាន​ឆ្លើយ​សារភាព​ ហើយ​លោកស្រី​ក៏​យល់​ឃើញ​ថា​ ជន​ចាប់​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ពី​បទ​ខុសៗ​គ្នា​ ។​ -​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ក្រោម​អប្បបរមា​នៃ​ទោស​ តែ​ការ​យល់​ឃើញ​របស់​លោកស្រី​ជា​ចៅក្រម​ជំនុំជម្រះ​មិន​បាន​លើកយក​មាត្រា​៦៨​មក​សម្រាលទោស​ដល់​ជន​ទាំងនោះ​ទេ​ ។​ មាន​ន័យ​ថា​ សម្រេច​ខ្វះ​សំអាង​ហេតុ​ ។​ -​មិន​បាន​ស៊ើបរក​អាយុ​ពិត​របស់​ជនជាប់ចោទ​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់​ ជឿ​តែ​តាម​ព័ស្តុតាង​ជនជាប់ចោទ​ ហើយ​ផ្តល់​ស្ថានសម្រាលទោស​ឲ្យ​ជនជាប់ចោទ​ឆាប់​រួចខ្លួន​ ។​ -​យល់​ឃើញ​ថា​ ជនជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​គាស់​ផ្ទះ​ លួច​យក​សម្ភារៈ​ដោយ​មាន​គ្នា​ច្រើន​ ជា​អំពើ​ប្លន់​ តាម​មាត្រា​៣៤​នៃ​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល​ ប៉ុន្តែ​លោកស្រី​បែរជា​ផ្តន្ទាទោស​ក្រោម​អប្បបរមា​នៃ​ទោស​ ។​ -​ការ​សម្រេច​ផ្តន្ទាទោស​ជនល្មើស​មាន​កម្រិត​ទាប​ពេក​ ផ្ទុយ​ពី​កម្រិត​នៃ​ទោស​ដែល​ជនល្មើស​បាន​ប្រព្រឹត្ត​ ។​ -​ពុំ​តាម​ពិចារណា​ក្នុង​ការ​ចោទប្រកាន់​លើ​បទល្មើស​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ឡើយ​ ។​ -​ការ​យល់​ឃើញ​របស់​ចៅក្រម​មិន​មាន​លក្ខណៈ​លើក​ពី​ស្ថានសម្រាលទោស​ណាមួយ​ជា​មូលហេតុ​ក្នុង​ការ​សម្រេចសេចក្តី​ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំទៅ​លើ​ជនជាប់ចោទ​ជា​បទ​ប្លន់​ទេ​ ។​ -​ការ​យល់​ឃើញ​ និង​ការ​សម្រេចសេចក្តី​មិន​មានការ​ស៊ីចង្វាក់​គ្នា​ឡើយ​ ។​ -​មិន​បាន​បង្គាប់​ឲ្យ​ចោទប្រកាន់​ពី​បទល្មើស​ថ្មី​ បទល្មើស​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ។​ -​គ្មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ ដើម្បី​រក​ព័ស្តុតាង​ដាក់បន្ទុក​លើ​ជនជាប់ចោទ​ទេ​ ព្រោះថា​ចៅក្រម​ស៊ើបអង្កេត​បាន​ស៊ើបអង្កេត​តែ​លើ​ជនជាប់ចោទ​ ចំណែក​សាក្សី​ជន​រង​គ្រោះ​មិន​បាន​សាកសួរ​ ។​ -​មិន​បាន​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​អំពី​សាវតា​ជាតិ​របស់​ឈ្មោះ​ ធី​ មុន​នឹង​ធ្វើ​ដីកា​ជូន​រឿង​មូល​ទៅ​ពិនិត្យ​ ទាល់តែ​អយ្យការ​បង្វិល​សំណុំរឿង​ចាត់​ឲ្យ​សួរ​បន្ថែម​ ទើប​ចាត់ការ​ស្រាវជ្រាវ​អំពី​សាវតា​ជាតិ​របស់​ឈ្មោះ​នេះ​ ។​ -​អង្កេត​តែ​លើ​អំពើ​ល្មើស​មួយ​ដែល​តំណាង​អយ្យការ​ផ្តើម​ចោទ​ ដោយ​មិន​សុំ​ឲ្យ​ផ្តើម​ចោទ​លើ​អំពើ​៣​ទៀត​ ទោះជា​ឃើញ​មាន​ចម្លើយ​សារភាព​នៅ​នគរបាល​ហើយ​ក៏​ដោយ​ ។​ -​ការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ ផេង​ ជី​រ៉ា​វុ​ឌ្ឍ​ មាន​រយៈពេល​១៥​ខែ​ ល្មើសច្បាប់​កំណត់​ ទើប​បញ្ជូន​ទៅ​ជម្រះ​ ។​

២-​ការ​ឃុំខ្លួន​ហួសកំណត់​ច្បាប់​ ៖​ លោកស្រី​អតីត​ចៅក្រម​រូប​នេះ​បាន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ហួសកំណត់​ច្បាប់​ដល់​ទៅ​០៦​នាក់​ ។​ ការ​ឃុំខ្លួន​ហួស​នេះ​មាន​រយៈពេល​យូរ​ពេក​ ។​ ករណី​ធ្ងន់ធ្ងរ​ គឺ​ការ​ឃុំខ្លួន​ឈ្មោះ​ សាត​ ដា​រ៉ា​,​ ឈ្មោះ​ ផា​ន់​ ឆិ​រី​នៈ​ និង​ឈ្មោះ​ លុយ​ សំបុក​ ដែល​ត្រូវ​ចោទ​ពី​បទមជ្ឈិម​តូចតាច​ អាច​ផ្តន្ទាទោស​ត្រឹមតែ​ព្យួរ​បាន​ បែរជា​ឃុំខ្លួន​រហូត​ដល់​ជាង​១​ឆ្នាំ​ ខ្លះ​ជិត​២​ឆ្នាំ​ ពិសេស​ឈ្មោះ​ ផា​ន់​ ឆិ​រិ​នៈ​ ដែល​មានទោស​ពី​បទ​ប្រើប្រាស់​ថ្នាំ​ញៀន​ ច្បាប់​កំណត់​ផ្តន្ទាទោស​ពី​០៦​ថ្ងៃ​ទៅ​០១​ខែ​សោះ​ ប៉ុន្តែ​ឃុំខ្លួន​រហូត​ដល់​ជាង​១​ឆ្នាំ​ មិន​ទាន់​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ​ផង​ ។​

​ដោយសារ​លោកស្រី​ ប៊ុ​ន្នី​ញ​ ប៊ុ​ណ្ណា​រី​ ធ្លាប់​បាន​ប្រព្រឹត្ត​ខុសឆ្គង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បំពេញភារកិច្ច​ និង​ធ្លាប់​ត្រូវ​បាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដាក់​វិន័យ​ដូច្នេះ​ហើយ​ ទើប​មជ្ឈដ្ឋាន​ក្រុម​អ្នក​ច្បាប់​ និង​មជ្ឈដ្ឋាន​ព្រះរាជអាជ្ញា​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​ទាំងមូល​ ធ្វើការ​បរិហារ​រិះគន់​ទៅ​លើ​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ដែល​បាន​សម្រេច​ជ្រើសតាំង​លោកស្រី​រូប​នេះ​ឲ្យ​ធ្វើ​ជា​សមាជិកា​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ហាក់ដូចជា​ខ្វះ​ធនធាន​ព្រះរាជអាជ្ញា​ដែល​មាន​សមត្ថភាព​ និង​មាន​មនសិការ​វិជ្ជាជីវៈ​ ព្រមទាំង​មាន​កិត្តិយស​ល្អ​ដទៃ​ទៀត​ទៅ​វិញ​ (Sic!)​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.