ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ជាប់​ឈ្មោះ​ជា​ថ្នាក់ដឹកនាំ​រដ្ឋសភា​ដែល​ឆ្ងាញ់​នឹង​ទីប្រឹក្សា​ច្រើន​

​ពេញ​មួយ​អាណត្តិ​ទី​៤នៃ​រដ្ឋសភា​(២០០៨-២០១៣)​ ដែល​ភាគច្រើន​បំផុត​ផ្ទុក​ដោយ​អ្នកតំណាង​រាស្ត្រ​ប្រភព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កន្លង​មក​ ឯកឧត្តម​ ងួ​ន​ ញ៉ិល​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​ បាន​កាន់កាប់​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ ដោយ​មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ចំនួន​ជាង​៦០​នាក់​ និង​លុះ​មក​ដល់​អាណត្តិ​ទី​៥​នៃ​រដ្ឋសភា​(២០១៣-២០១៨)​ នៅ​មុន​ពេល​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​កាន់​តំណែង​នោះ​ ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ក៏​បាន​បន្តកាន់កាប់​មុខ​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​បាន​រយៈពេល​ប្រមាណ​ជិត​១​ឆ្នាំ​ ដោយ​មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ចំនួន​ជាង​៦០​នាក់​រួច​ទៅ​ហើយ​ ខណៈ​លោក​ជំទាវ​ ឃួ​ន​ សុ​ដា​រី​ អតីត​អនុប្រធាន​ទី​២​រដ្ឋសភា​ មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ចំនួន​៤៤​នាក់​ ។​

​បន្ទាប់​ពី​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​នាក់​ បាន​ចូល​កាន់​មុខ​តំណែង​ គឺ​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ទទួល​បាន​មុខ​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ ហើយ​មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ចំនួន​១៤​នាក់​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៤/១១១៧​ ចុះ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៤)​ ។​ រីឯ​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ក៏​បាន​មក​ទទួល​តំណែង​ជា​អនុប្រធាន​ទី​២​រដ្ឋសភា​ ជា​អតីត​កៅអី​លោក​ជំទាវ​ ឃួ​ន​ សុ​ដា​រី​ វិញ​ ដោយ​មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ចំនួន​៦៣​នាក់​ ក្នុង​នោះ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ចំនួន​១៧​នាក់​,​ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ចំនួន​២៣​នាក់​,​ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​២២​នាក់​ និង​ឋានៈ​ស្មើ​អគ្គនាយក​ចំនួន​០១​នាក់​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៤/១១៥៧​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៤)​ ។​

​បើ​ធ្វើការ​ប្រៀបធៀប​ចំនួន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ក្នុង​តំណែង​ជា​អនុប្រធាន​ទី​២​រដ្ឋសភា​ ជាមួយ​លោក​ជំទាវ​ ឃួ​ន​ សុ​ដា​រី​ អតីត​អនុប្រធាន​ទី​២​រដ្ឋសភា​ដូច​គ្នា​ គឺ​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ មាន​ទីប្រឹក្សា​ច្រើន​ជាង​រហូត​ដល់​ចំនួន​១៩​នាក់​ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឯកឧត្តម​ កឹ​ម​ សុខា​ ក្នុង​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ដូច​គ្នា​ គឺ​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ អតីត​អនុប្រធាន​ទី​១​រដ្ឋសភា​ មាន​ទីប្រឹក្សា​ច្រើន​ជាង​រហូត​ដល់​ចំនួន​៤៩​នាក់​ ។​

​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ក្នុង​មុខ​តំណែង​ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​វិញ​ គឺ​លែង​និយាយ​ទៅ​ហើយ​ ដ្បិត​មាន​ទីប្រឹក្សា​ជា​បឋម​រហូត​ដល់​ចំនួន​១២៩​នាក់​ក្នុង​រយៈពេល​ប្រមាណ​ត្រឹមតែ​១​ឆ្នាំ​ ។​

​សរុបសេចក្តី​មក​ ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ទោះបី​ធ្លាក់​តំណែង​ពី​អនុប្រធាន​ទី​១​ មក​ជា​អនុប្រធាន​ទី​២​រដ្ឋសភា​ក៏​ដោយ​ ក៏​ឯកឧត្តម​រូប​នេះ​ជាប់​ឈ្មោះ​ជា​ថ្នាក់ដឹកនាំ​រដ្ឋសភា​ដែល​ឆ្ងាញ់​នឹង​ទីប្រឹក្សា​ច្រើន​ដដែល​ ដោយ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ទៅ​លើ​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.