ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

បេក្ខជន​ចៅក្រម​-​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ចាញ់​ហាលអាវ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​

​បេក្ខជន​ចៅក្រម​-​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ដែល​បាន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​លើក​ទី​១​ ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ជា​តំណាង​ចៅក្រម​ និង​តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ដល់​ថ្ងៃ​ទី​០១-០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​មក​ គ្មាន​នរណា​ម្នាក់​បាន​ជាប់​ឆ្នោត​ឡើយ​ គឺ​ចាញ់​ហាលអាវ​ទាំងអស់​ ហើយ​បេក្ខជន​បាន​ជាប់​ឆ្នោត​សុទ្ធតែ​មាន​ប្រភព​មក​ពី​តុលាការ​កំពូល​(​បេក្ខជន​ ប្រាក់​ គឹ​ម​សាន​ អាយុ​៧១​ឆ្នាំ​១០​ខែ​ ចៅក្រម​តុលាការ​កំពូល​ ជាប់​ឆ្នោត​ជា​តំណាង​ចៅក្រម​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ និង​បេក្ខជន​ សេង​ ប៊ុ​ន​ឃាង​ អាយុ​៣៨​ឆ្នាំ​ អគ្គ​ព្រះរាជអាជ្ញា​រង​តុលាការ​កំពូល​ បាន​ជាប់​ឆ្នោត​ជា​តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​)​ ។​

​ចៅក្រម​សាលាឧទ្ធរណ៍​ដែល​បាន​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​តំណាង​ចៅក្រម​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ គឺ​លោក​ យូ​ ប៊ុ​ន​ណា​ អាយុ​៣៤​ឆ្នាំ​ ទើប​ផ្ទេរ​ចេញពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្មីៗ​ ត្រូវជា​កូនប្រុស​ឯកឧត្តម​ យូ​ ប៊ុ​ន​ឡេ​ង​ ប្រធាន​សាលាឧទ្ធរណ៍​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​ឧត្តម​ក្រុមប្រឹក្សា​បច្ចុប្បន្ន​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​២២​សំឡេង​ ខណៈ​បេក្ខជន​ ប្រាក់​ គឹ​ម​សាន​ ចៅក្រម​តុលាការ​កំពូល​ ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​២៦​សំឡេង​ ។​

​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ដែល​បាន​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ គឺ​លោក​ អ៊ឹម​ សុ​ផា​ន​ អាយុ​៤៦​ឆ្នាំ​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​០៧​សំឡេង​ ខណៈ​បេក្ខជន​ សេង​ ប៊ុ​ន​ឃាង​ អគ្គ​ព្រះរាជអាជ្ញា​រង​តុលាការ​កំពូល​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​១៥​សំឡេង​ ។​

​យោង​តាម​មាត្រា​៤​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​អនុម័ត​ដោយ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ នា​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៤​ និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៧១៤/០១៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ និង​តាម​លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​លើក​ទី​១​ សម្រាប់​ការ​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​ប្រកាស​ដោយ​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ តាម​សេចក្តី​ប្រកាស​លេខ​១៧១៨​ក​យ​.​រប​/១៤​ ចុះ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ហើយ​ព្រះរាជអាជ្ញា​ពេញ​សិទ្ធិ​ណាមួយ​ដែល​បម្រើ​ការងារ​នៅ​សាលាឧទ្ធរណ៍​មិន​ត្រូវ​បាន​ជ្រើសតាំង​ស្រប​តាម​មាត្រា​៤​ ចំណុច​ទី​៧​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទៀត​នោះ​ គឺ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​អាណត្តិ​ទី​១​មាន​រយៈពេល​៥​ឆ្នាំ​ នឹង​គ្មាន​វត្តមាន​ចៅក្រម​-​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ទាល់តែ​សោះ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ដែល​បាន​តាមដាន​ឃ្លាំមើល​ដំណើរការ​ប្រព័ន្ធ​តុលាការ​ និង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ចាប់តាំងពី​ឯកឧត្តម​ ជីវ​ កេង​ អាយុ​៦៣​ឆ្នាំ​០៨​ខែ​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បច្ចុប្បន្ន​ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​រួច​មក​ គឺ​ចៅក្រម​-​ព្រះរាជអាជ្ញា​តុលាការ​កំពូល​ក៏​ចាប់ផ្តើម​កើន​ឥទ្ធិពល​ជាមួយ​គ្នា​ដែរ​ ដ្បិត​ឯកឧត្តម​ ជីវ​ កេង​ ជា​ចៅក្រម​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​គ្រប់​ជាន់ថ្នាក់​(​ដូច​បាន​លើក​ឡើង​ក្នុង​របាយការណ៍​លេខ​ពិសេស​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ចៅ​ តុល​ មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ ដោយ​មានការ​ឯកភាព​ដឹង​ឮ​ពី​ឯកឧត្តម​ផ្កាយ​៤​ ហ៊ុយ​ ពិសិដ្ឋ​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ស្រាប់​)​ ។​

​ក្រុម​អ្នក​ច្បាប់​នៅ​កម្ពុជា​ បាន​លើក​ឡើង​ដែរ​ថា​ គិត​តាម​សមាសភាព​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​អាណត្តិ​ទី​១​នេះ​ គឺ​ឯកឧត្តម​ យូ​ ប៊ុ​ន​ឡេ​ង​ អាយុ​៥៦​ឆ្នាំ​ ប្រធាន​សាលាឧទ្ធរណ៍​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បច្ចុប្បន្ន​ និង​ឯកឧត្តម​ អ៊ុ​ក​ សា​វុ​ធ​ អាយុ​៥០​ឆ្នាំ​ អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ ព្រមទាំង​អ្នក​ធ្លាប់​ដង្ហែ​គាំទ្រ​មួយ​ចំនួន​អាច​នឹង​ចាប់ផ្តើម​រងា​លែង​កក់ក្តៅ​ដូច​ពី​អតីតកាល​ទៀត​ឡើយ​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.