ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

នរណា​ថ្លើមធំ​ពាសមេឃ​ហ៊ាន​គំរាម​សម្លាប់​មេ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ?

​អាច​ថា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក៏​ថា​បាន​ និង​អាច​ថា​ជា​ប្រការ​គួរ​ឲ្យ​អស់សំណើច​ក៏​ថា​បាន​ នៅ​ពេល​ដែល​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំង​ជា​មន្ត្រី​ស្និទ្ធ​នឹង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រកាស​កាលពី​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ឲ្យ​ដឹង​ថា​ ឯកឧត្តម​បាន​ទទួល​រង​ការ​គំរាម​សម្លាប់​រហូត​ដល់​ទៅ​ចំនួន​២​លើក​ ខណៈ​បាន​បំពេញបេសកកម្ម​បង្ក្រាប​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ។​

​សំណួរ​សួរ​ថា​ បើ​ការ​ប្រកាស​របស់​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​ការ​ពិត​ តើ​នរណា​ទៅ​មាន​ថ្លើម​ដុះ​មមីស​ ឬ​ថ្លើមធំ​ពាសមេឃ​ ហ៊ាន​គំរាម​សម្លាប់​មេ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ឬ​គ្រាន់តែ​ជា​ការ​ប្រកាស​មួយ​ចង់​បង្ហាញ​ឲ្យ​ឃើញ​អំពី​ឆន្ទៈ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​មេ​ប្រឆាំង​ពុក​រលួយ​ ដើម្បី​បាន​ល្បីឈ្មោះ​ ក្នុង​ខណៈ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទទួល​រង​នូវ​ការ​រិះគន់​ថា​ ចាត់ការ​បាន​ត្រឹម​មន្ត្រី​ពុក​រលួយ​ ឬ​ឈ្មួញ​ប្រព្រឹត្ត​ខុសច្បាប់​តូចតាច​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​ ?

​មន្ត្រី​ស្និទ្ធ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​លើក​ឡើង​ថា​ ទូរស័ព្ទ​របស់​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ មេ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មិនមែន​ចេះ​តែ​អាច​និយាយ​លេង​បាន​ស្រេច​នឹង​ចិត្ត​នោះ​ទេ​ ហើយ​បើ​ហ៊ាន​និយាយ​ផ្តេសផ្តាស​ គឺ​អាច​មាន​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់​គោលដៅ​កំពុងនិយាយ​ឆ្លង​ឆ្លើយ​តែ​ម្តង​ ។​ ដូច្នេះ​ បើ​មាន​អ្នក​ហ៊ាន​គំរាម​សម្លាប់​មេ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លុះត្រាតែ​ជា​អ្នកមាន​បុណ្យស័ក្តិ​អំណាច​ធំ​ជាង​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ទៅ​ទៀត​ ទើប​ឯកឧត្តម​មិន​អាច​ ឬ​មិន​ហ៊ាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​រាជរដ្ឋាភិបាល​ស៊ើបអង្កេត​ស្រាវជ្រាវ​ ។​

​ក្រុម​មន្ត្រី​មួយ​ចំនួន​បាន​និយាយ​ឲ្យ​ដឹង​ថា​ ដោយសារ​អំណាច​ទាំងមូល​គ្រប់គ្រង​ដោយ​មន្ត្រី​ប្រភព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ឈ្មួញ​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ តែ​ក្នុង​បក្ស​មាន​ពួក​ថែម​ទៀត​ ដូច្នេះ​ ការ​បង្ក្រាប​មន្ត្រី​ពុក​រលួយ​តែ​ប៉ះពាល់​ទៅ​ដល់​ពួក​អ្នក​នេះ​ ឬ​ពួក​អ្នក​នោះ​ អាច​ធ្វើ​ឲ្យ​មានការ​ខឹងសម្បា​កើតការ​គំរាម​សម្លាប់​មេ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ម្យ៉ាង​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ មិនមែន​ជា​មន្ត្រី​ស្អាតស្អំ​ថែម​ទៀត​ ក៏​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ទំនាស់​ផលប្រយោជន៍​ផង​ដែរ​ ។​

​ក្រោម​ស្លាក​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៤១០/០០៤​ ចុះ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១០​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ អាយុ​៦០​ឆ្នាំ​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១០/៣៦៧​ ចុះ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១០​ ។​

​ទោះបី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​មេដឹកនាំ​មិន​ឯករាជ្យ​ និង​ចាត់ការ​បាន​តែ​ទៅ​លើ​មន្ត្រី​មានបុណ្យ​ស័ក្តិ​តូចតាច​ក៏​ដោយ​ ក៏​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ត្រូវ​តែ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ ស្វែងរក​ជន​ដែល​មាន​ថ្លើមធំ​ពាសមេឃ​ ហ៊ាន​គំរាម​សម្លាប់​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ជា​មេ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន​ បើ​ពុំ​ដូច្នេះ​ទេ​ រាជរដ្ឋាភិបាល​បុរស​ខ្លាំង​នឹង​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ ជា​រាជរដ្ឋាភិបាល​អសមត្ថភាព​រៀង​រហូត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.