ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

លទ្ធផល​ឆ្នោត​គាំទ្រ​០៥​សំឡេង​ធ្វើ​ឲ្យ​បេក្ខជន​ ហ៊ី​ សោភា​ តំណាង​ព្រះរាជអាជ្ញា​ជាន់ខ្ពស់​នៃ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​”​ក្អួត​ឈាម​”

​ឯកឧត្តម​ ហ៊ី​ សោភា​ អាយុ​៥៧​ឆ្នាំ​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ឋិត​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ក្រសួងយុត្តិធម៌​ និង​ជា​គ្រូបង្រៀន​ច្បាប់​ដ៏​ល្បីឈ្មោះ​ ព្រមទាំង​ជា​អតីត​ចៅក្រម​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ មាន​កិត្តិយស​ល្អ​ប្រសើរ​ម្នាក់​ មិន​ត្រឹម​ធ្លាក់​ឆ្នោត​ក្នុង​នាម​ជា​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​លើក​ទី​១​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ តំណាង​ព្រះរាជអាជ្ញា​នែ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ដល់​ថ្ងៃ​ទី​០១-០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ប៉ុណ្ណោះ​ទេ​ គឺ​បេក្ខជន​ ហ៊ី​ សោភា​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​តិច​ជាងគេ​ក្នុង​ចំណោម​បេក្ខជន​ចូលរួម​បោះ​ឆ្នោត​ចំនួន​៤​នាក់​(​បេក្ខជន​ សេង​ ប៊ុ​ន​ឃាង​ អគ្គ​ព្រះរាជអាជ្ញា​រង​តុលាការ​កំពូល​ ទទួល​បាន​១៥​សំឡេង​,​ បេក្ខជន​ គង់​ សែត​ ព្រះរាជអាជ្ញា​ក្រសួងយុត្តិធម៌​ ទទួល​បាន​១០​សំឡេង​ និង​បេក្ខជន​ អ៊ឹម​ សុ​ផា​ន​ ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ ទទួល​បាន​០៧​សំឡេង​)​ ដោយ​ទទួល​បាន​ចំនួន​០៥​សំឡេង​ ដែល​ជា​លទ្ធផល​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នឹក​ស្មាន​មិន​ដល់​ ធ្វើ​ឲ្យ​ឯកឧត្តម​ ហ៊ី​ សោភា​ ដែល​ជា​សមាជិក​រាជរដ្ឋាភិបាល​ និង​ជា​អាណាព្យាបាល​រដ្ឋបាល​នៃ​ស្ថាប័ន​តុលាការ​"​ក្អួត​ឈាម​"​ និយាយ​លែង​ចេញ​តែ​ម្តង​ ។​

​ក្រុម​អ្នក​តាមដាន​ឃ្លាំមើល​ដំណើរការ​រៀបចំ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​លើក​ឡើង​ថា​ មានរឿង​ភ្ញាក់ផ្អើល​មិន​នឹក​ស្មាន​ដល់​ចំនួន​៣​ ទាក់ទង​នឹង​លទ្ធផល​ឆ្នោត​តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ គឺ​ ៖​ ១-​បេក្ខជន​ សេង​ ប៊ុ​ន​ឃាង​ អាយុ​៣៨​ឆ្នាំ​ ជា​អគ្គ​ព្រះរាជអាជ្ញា​រង​តុលាការ​កំពូល​ និង​ជា​កូនប្រសា​របស់​លោក​ជំទាវ​ លី​ វួ​ច​ឡេ​ង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អតីត​ជា​ប្រធាន​សាលាឧទ្ធរណ៍​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាងគេ​រហូត​ដល់​១៥​សំឡេង​(​ជាប់​ឆ្នោត​)​ ២-​បេក្ខជន​ គង់​ សែត​ អាយុ​៥៩​ឆ្នាំ​ ជា​ព្រះរាជអាជ្ញា​ក្រសួងយុត្តិធម៌​ ល្បីល្បាញ​ខាង​មានរឿង​អាស្រូវ​កាល​បម្រើ​ការងារ​នៅ​សាលា​ជម្រះក្តី​ ប៉ុន្តែ​មាន​លុយកាក់​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​រហូត​ដល់​១០​សំឡេង​ និង​៣-​បេក្ខជន​ ហ៊ី​ សោភា​ ជា​មន្ត្រី​មាន​កេរ្តិ៍​ល្អ​ បែរជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ត្រឹម​០៥​សំឡេង​ ចាញ់​សំឡេង​ឆ្នោត​របស់​បេក្ខជន​ គង់​ សែត​ ទៀត​ទៅ​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ សំឡេង​ឆ្នោត​គាំទ្រ​ដែល​ឯកឧត្តម​ ហ៊ី​ សោភា​ ទទួល​បាន​ គឺ​ធ្វើ​ឲ្យ​ឯកឧត្តម​រូប​នេះ​ទទួល​រង​នូវ​ភាព​អាម៉ាស់​ធ្ងន់ធ្ងរ​ណាស់​ និង​ក៏​ធ្វើ​ឲ្យ​ស្រទាប់​ចៅក្រម​-​ព្រះរាជអាជ្ញា​មួយ​ចំនួន​បម្រើ​ការងារ​នៅ​តាម​សាលា​ជម្រះក្តី​ជាន់​ទាប​ សម្តែង​នូវ​ការ​ខកចិត្ត​ពន់ពេក​ ខណៈ​មាន​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យ​ថា​ ការ​បោះ​ឆ្នោត​លើក​ទី​១​សម្រាប់​ការ​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ អាច​ត្រូវ​បាន​មានការ​រៀបចំ​ទុកជា​មុន​ដោយ​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​ស្ថាប័ន​តុលាការ​ ជា​ពិសេស​សាលា​ជម្រះក្តី​          ជាន់ខ្ពស់​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.