ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

សេដ្ឋី​អា​រ៉ាប់​ទាក់ទង​ទិញ​រថយន្ត​កញ្ចាស់​របស់​ប្រធានាធិបតី​ក្រ​បំផុត​លើ​លោក​តម្លៃ​១​លាន​ដុល្លារ​

​មន្ត្រី​ស្និទ្ធ​នឹង​លោក​ Jose​ Mujica​ ប្រធានាធិបតី​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​(Uruguay)​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​បណ្តាញ​ព័ត៌មាន​ Busqueda​ ឲ្យ​ដឹង​ថា​ មាន​សេដ្ឋី​ជនជាតិ​អា​រ៉ាប់​ម្នាក់​ឈ្មោះ​ Sheikh​ បាន​ស្នើ​សុំ​ទាក់ទង​ទិញ​រថយន្ត​កញ្ចាស់​១​គ្រឿង​របស់​លោក​ប្រធានាធិបតី​ Jose​ Mujica​ ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ក្នុង​តម្លៃ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ថែម​ជូន​នូវ​រថយន្ត​ទំនើប​ថ្មី​១​គ្រឿង​ទៀត​ផង​ជា​កាដូ​ ។​

​រថយន្ត​កញ្ចាស់​របស់​ប្រធានាធិបតី​ Jose​ Mujica​ ដែល​ជាប់​រហស្សនាម​ថា​ជា​ប្រធានាធិបតី​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក​ និង​ត្រូវ​បាន​សេដ្ឋី​អា​រ៉ាប់​ទាក់ទង​ទិញ​នោះ​ជា​ប្រភេទ​រថយន្ត​ធុន​តូច​ម៉ាក​ Volkswagen​ Beetle​ ពណ៌​ខៀវ​ ផលិត​តាំងពី​ឆ្នាំ​១៩៨៧​ មាន​តម្លៃ​ប្រមាណ​១.៨០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​ជា​កិច្ច​ឆ្លើយ​តប​វិញ​ គឺ​លោក​ប្រធានាធិបតី​ Jose​ Mujica​ មិន​បាន​ចាប់អារម្មណ៍​ទៅ​នឹង​សំណើសុំ​ទិញ​រថយន្ត​របស់​លោក​ក្នុង​តម្លៃ​ដ៏​ថ្លៃ​នោះ​ឡើយ​ ដោយ​លោក​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ រថយន្ត​របស់​លោក​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ជីវិត​លោក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយៗ​លោក​គ្មាន​ហេតុផល​អ្វី​ត្រូវ​លក់​វា​ទេ​ តែបើ​លោក​ព្រមព្រៀង​លក់​វា​មែន​នោះ​ គឺ​លោក​នឹង​យក​ប្រាក់​ទាំងអស់​បរិច្ចាគ​ទៅ​ឲ្យ​អ្នក​ដែល​គ្មាន​ផ្ទះសម្បែង​ ។​

​សារព័ត៌មាន​ BBC​ របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា​ លោក​ប្រធានាធិបតី​អ៊ុយ​រ៉ា​ហ្គា​យ​ Jose​ Mujica​ អាយុ​៧៩​ឆ្នាំ​ បាន​បរិច្ចាគ​ប្រាក់ខែ​របស់​លោក​រហូត​ដល់​ទៅ​៩០​ភាគរយ​សម្រាប់​សកម្មភាព​មនុស្សធម៌​ ពោល​គឺ​លោក​ទុក​តែ​១០​ភាគរយ​ដើម្បី​ចាយវាយ​ក្នុង​គ្រួសារ​ដែល​គ្មាន​កូនចៅ​ ។​ មក​ដល់​ឆ្នាំ​២០១៤​នេះ​ ទ្រព្យសម្បត្តិ​របស់​លោក​ប្រធានាធិបតី​ Jose​ Mujica​ បាន​កើនឡើង​ច្រើន​ជាង​មុន​បន្តិច​ ដោយសារ​ភរិយា​របស់​លោក​ធ្វើ​កសិដ្ឋាន​ដាំ​ផ្កា​លក់​ ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.