ចាប់តាំងពីថ្ងៃទី៣១ ខែតុលា រហូតមកដល់ថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតលើកទី១ សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងក្របខ័ណ្ឌចៅក្រម-ព្រះរាជអាជ្ញាទូទាំងប្រទេស ដែលមានឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបច្ចុប្បន្ន និងជាប្រធានគណៈកម្មការ បានរៀបចំឲ្យមានការបោះឆ្នោតសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងក្របខ័ណ្ឌចៅក្រម-ព្រះរាជអាជ្ញាទូទាំងប្រទេស ដោយបែងចែកជាតំណាងចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់, តំណាងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់, តំណាងចៅក្រមនៃសាលាជម្រះក្តីជាន់ទាប និងតំណាងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ទាប ដោយបានប្រកាសលទ្ធផលបណ្តោះអាសន្នដូចខាងក្រោម ៖
១-តំណាងចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់ គឺបានទៅលើលោក ប្រាក់ គឹមសាន អាយុ៧១ឆ្នាំ ចៅក្រមតុលាការកំពូល ដែលទទួលបានការគាំទ្រចំនួន២៦សំឡេង ។
២-តំណាងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ គឺបានទៅលើឯកឧត្តម សេង ប៊ុនឃាង អាយុ៣៨ឆ្នាំ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល និងជាកូនប្រសាលោកជំទាវ លី វួចឡេង សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានសាលាឧទ្ធរណ៍ ទទួលបានការគាំទ្រចំនួន១៥សំឡេង ។
៣-តំណាងចៅក្រមនៃសាលាជម្រះក្តីជាន់ទាប គឺបានទៅលើលោក សម ប៊ុនថុន អាយុ៤១ឆ្នាំ ចៅក្រមសាលាដំបូងខេត្តកំពង់ចាម ដែលទទួលបានការគាំទ្រចំនួន៤៩សំឡេង ។
៤-តំណាងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ទាប គឺបានទៅលើលោក ស្រ៊ា រតនៈ អាយុ៣៥ឆ្នាំ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលទទួលបានការគាំទ្រចំនួន៥៣សំឡេង ៕