ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

វត្តមាន​មនុស្ស​ស្លាប់​និង​របួស​ក្នុង​ព្រះរាជ​ពិធីបុណ្យ​របស់​ជាតិ​ទាំងមូល​បែរជា​គ្មាន​អ្នក​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​

​មាន​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៣៥៣​នាក់​ និង​រង​របួស​ជាង​៤០០​នាក់​ ក្នុង​ហេតុការណ៍​ដ៏​សែន​រន្ធត់​ និង​តក់ស្លុត​កើតឡើង​នា​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១០​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ នៅ​លើ​ស្ពាន​ពេជ្រ​ នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ របស់​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ ជា​អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ OCIC​ ។​

​ដោយឡែក​ ក្នុង​ឱកាស​អុជ​កាំជ្រួច​អបអរសាទរ​ព្រះរាជ​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​ខួប​១០​ឆ្នាំ​ នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​រាត្រី​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ដោយសារ​ការ​ធ្វ​ស​ប្រហែស​ បាន​បណ្តាល​ឲ្យ​មាន​យុវជន​ម្នាក់​មានមុខរ​បរជា​និស្សិត​ស្លាប់​បាត់បង់​ជីវិត​ និង​មនុស្ស​ជិត​១០​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទោះបី​មាន​មនុស្ស​ស្លាប់​ និង​របួស​ក្នុង​ព្រះរាជ​ពិធីបុណ្យ​របស់​ជាតិ​ជា​បន្តបន្ទាប់​ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​ មាន​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អនុប្រធាន​ និង​ឯកឧត្តម​ មិន​ ឃិ​ន​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អនុប្រធាន​ក៏​ដោយ​ ក៏​ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​(​គ​.​ជ​.​ប​.​អ​)​ ដែល​ជា​ស្ថាប័ន​ជាតិ​ចំណុះ​ផ្ទាល់​រាជរដ្ឋាភិបាល​ មាន​តួនាទី​ជា​សេនាធិការ​ ជំនួយការ​ផ្តល់​យោបល់​ជូន​រាជរដ្ឋាភិបាល​ ក្នុង​ការ​រៀបចំ​បុណ្យ​ជាតិ​-​បុណ្យ​អន្តរជាតិ​ មិន​ត្រូវ​បាន​ដកហូត​មុខ​តំណែង​ ឬ​ផ្តន្ទាទោស​តាម​ច្បាប់​ ក្នុង​ន័យ​ជា​អ្នក​ទទួលខុសត្រូវ​ឡើយ​ គឺ​បាន​ត្រឹម​ប្រមុខ​រាជរដ្ឋាភិបាល​ និង​ក្រុមការងារ​ចេញ​មុខ​សង​សំណង​ជា​លុយកាក់​មួយ​ចំនួន​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ ។​ លើស​ពី​នេះ​ ស្ថាប័ន​អយ្យការ​ គឺ​អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​តំណាង​ឲ្យ​ផលប្រយោជន៍​សាធារណៈ​ទាំងមូល​នោះ​ក៏​មិន​បាន​ប្រើ ប្រាស់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ធ្វើ​បណ្តឹងអាជ្ញា​ធានា​ចំពោះ​ផលប្រយោជន៍​ច្បាប់​ និង​ផលប្រយោជន៍​ជន​រង​គ្រោះ​តាម​នីតិវិធី​ថែម​ទៀត​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ពិភពលោក​ បាន​លើក​ឡើង​ថា​ នៅ​បណ្តា​ប្រទេស​រីក​ចម្រើន​សឹងតែ​ទាំងអស់​នៅ​ក្នុង​ពិភពលោក​ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងមូល​បាន​ផ្តល់​តម្លៃ​ឲ្យ​អាយុជីវិត​មនុស្ស​ក្នុង​ប្រទេស​របស់​គេ​ខ្លាំង​ណាស់​ ពោល​គឺ​បើ​ពលរដ្ឋ​របស់​គេ​ ឬ​ភ្ញៀវ​ទេសចរ​ទទួល​រង​គ្រោះ​ដោយ​ប្រការ​ណាមួយ​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់​មន្ត្រី​ពាក់ព័ន្ធ​ មន្ត្រី​ទាំងនោះ​ស្ម័គ្រចិត្ត​លាលែង​ចេញពី​មុខ​តំណែង​តែ​ម្តង​ ហើយ​អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​តាម​ច្បាប់​ទៀត​ផង​ ដោយ​មិន​ចាំបាច់​បណ្តេញ​ចេញពី​តំណែង​ឡើយ​ ខណៈ​ថ្នាក់ដឹកនាំ​នៅ​កម្ពុជា​វិញ​កុំ​ថា​ត្រឹម​មាន​ឆន្ទៈ​ និង​មនសិការ​លាលែង​ចេញពី​តំណែង​ សូ​ម្បី​បើ​បណ្តេញចេញ​ក៏​មិន​ព្រម​ចុះ​ចេញពី​កៅអី​អំណាច​ដែរ​ (Sic!)​ ។​

​សរុបសេចក្តី​មក​ អាយុជីវិត​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ គឺ​អាស្រ័យ​លើ​អំណាច​ និង​ទឹក​លុយ​របស់​បុរស​ខ្លាំង​ និង​ភរិយា​ ព្រមទាំង​បក្ខពួក​ ក្រុម​គ្រួសារ​បុរស​ខ្លាំង​ទាំងស្រុង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.