កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ម្សិលមិញនេះ គណៈកម្មការរៀបចំការបោះឆ្នោតលើកទី១ សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលគេដឹងថា មានឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន បានចេញសេចក្តីជូនដំណឹងមួយលេខ៣៤កយ.សជណ/១៤ ជម្រាបជូនចៅក្រម-ព្រះរាជអាជ្ញាដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ឲ្យបានជ្រាបថា ដើម្បីធានានូវការសម្ងាត់នៃការបោះឆ្នោតលើកទី១ សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យយកចូលនូវទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗដែលអាចថតយករូបភាព ឬសំឡេងចូលទៅក្នុងបន្ទប់បោះឆ្នោតបានឡើយ ។
ជាមួយនឹងលិខិតសេចក្តីជូនដំណឹងនេះ គណៈកម្មការរៀបចំការបោះឆ្នោតក៏បានអំពាវនាវឲ្យចៅក្រម-ព្រះរាជអាជ្ញាដែលជាអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ពាក់ព័ន្ធនឹងការចេញលិខិតសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោតលើកទី១ សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមខាងលើនេះ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកច្បាប់មានការចាប់អារម្មណ៍ពោរពេញទៅដោយការរិះគន់ ពីព្រោះសេចក្តីជូនដំណឹងទាំងមូលដែលបានប្រើប្រាស់ស្លាកសញ្ញាក្រសួងយុត្តិធម៌ជាស្ថាប័នច្បាប់ បែរជាគ្មានចុះហត្ថលេខា និងឈ្មោះអ្នកទទួលខុសត្រូវឡើយ គឺមានត្រឹមតែបោះត្រាក្រសួងយុត្តិធម៌ប៉ុណ្ណោះ ។ មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា ក៏បានសម្តែងនូវការហួសចិត្តពន់ពេកចំពោះចំណាត់ការរបស់គណៈកម្មការរៀបចំការបោះឆ្មោតលើកទី១ សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបានចេញសេចក្តីជូនដំណឹងគ្មានបញ្ជាក់អំពីអ្នកទទួលខុសត្រូវ ប្រដូចបានទៅនឹងក្មេងធ្វើលេងសើចទៅវិញ ដែលមិនស័ក្តិសមជាថ្នាក់ដឹកនាំក្នុងស្ថាប័នច្បាប់សោះឡើយ ៕