សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសម្តែងនូវការហួសចិត្តឥតឧបមាចំពោះក្រុមហ៊ុនប្រមូលសំរាមឈ្មោះ ស៊ីនទ្រី(CINTRI) លាក់បាំងសមត្ថកិច្ច ករណីកម្មករប្រមូលសំរាមវេនយប់របស់ក្រុមហ៊ុនម្នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់ក្នុងយានដ្ឋានក្រុមហ៊ុន ឋិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ម្សិលមិញនេះ ខណៈកម្មកររងគ្រោះកំពុងលាងសម្អាតរថយន្ត ហើយខាងភាគីក្រុមហ៊ុនបែរជាប្រញាប់ប្រញាល់ដឹកសាកសពកម្មកររងគ្រោះចេញពីកន្លែងកើតហេតុ ឆ្ពោះទៅស្រុកំណើតរបស់សពតែម្តង ពោលគឺមិនបានឆ្លងកាត់ការធ្វើកោសល្យវិច័យពីសំណាក់សមត្ថកិច្ចជំនាញអ្វីឡើយ ។
កម្មករក្រុមហ៊ុនស៊ីនទ្រីដែលប្រមូលសំរាមវេនយប់រងគ្រោះស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ចរន្តភ្លើងឆក់ ក្នុងយានដ្ឋានរបស់ក្រុមហ៊ុននោះ មានឈ្មោះ ឌឿក សារ៉េន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិរស្មីសាមគ្គី ឃុំព្រៃព្រះវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីកម្មកររួមការងារបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាមួយរថយន្តបានវិលត្រឡប់ចូលយានដ្ឋានវិញ ហើយអ្នកបើកបរក៏ចាត់ចែងលាងសម្អាតរថយន្តជាធម្មតា មុនយកទៅចតក្នុងបេន ។ នៅពេលជនរងគ្រោះបើកភ្លើងម៉ូទ័របាញ់ទឹកលាងសម្អាតរថយន្ត ទំនងជាឆ្លងចរន្ត ក៏បណ្តាលឲ្យឆក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងលាងរថយន្តរបស់ក្រុមហ៊ុនតែម្តង ។ ក្រោយពេលកើតហេតុភ្លាមៗ ក្រុមហ៊ុនបានយករថយន្តដឹកសពជនរងគ្រោះឆ្ពោះទៅស្រុកកំណើត ដោយមិនឆ្លងកាត់ការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យជាមុនពីសមត្ថកិច្ចណាមួយទេ ។
ព័ត៌មានពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា សមត្ថកិច្ចមូលដ្ឋានទើបដឹងហេតុការណ៍ឆក់កម្មករក្រុមហ៊ុនស៊ីនទ្រីស្លាប់ម្នាក់ក្នុងយានដ្ឋានក្រុមហ៊ុន នៅវេលាព្រឹកនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ម្សិលមិញប៉ុណ្ណោះ ហើយសមត្ថកិច្ចក៏បានចុះទៅធ្វើកំណត់ហេតុលើករណីនេះដែរ ដោយគ្មានវត្តមានសាកសពរបស់ជនរងគ្រោះ ព្រោះអ្នកគ្រប់គ្រងក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីបានលាក់បាំងនឹងសមត្ថកិច្ច និងដឹកសាកសពចេញពីកន្លែងកើតហេតុទៅបាត់ដោយចិត្តឯង ៕