ក្រុមប្រជាពលរដ្ឋរស់នៅក្បែរទីតាំងរោងចក្រផលិតជីផ្កាយ៥ វិនិយោគដោយក្រុមហ៊ុនវៀតណាម ឋិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជាប់នឹងផ្លូវជាតិលេខ១) បានត្អូញត្អែរអំពីក្លិនស្អុយពិបាកទ្រាំភាយចេញពីរោងចក្រ ជះមកលើលំនៅឋានរបស់ពួកគាត់រៀងរាល់ថ្ងៃក្នុង២៤ម៉ោងលើ២៤ម៉ោង ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើមផង និងព្រួយបារម្ភអំពីជំងឺផ្លូវដកដង្ហើមទៅថ្ងៃអនាគត ដោយសារក្លិនស្អុយគីមីចេញពីរោងចក្រនោះផង ។
មិនត្រឹមតែក្រុមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងរោងចក្រផលិតជីផ្កាយ៥វិនិយោគដោយក្រុមហ៊ុនវៀតណាមនោះទេ សូម្បីអ្នកដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ១ មកដល់ខាងមុខចំណុចទីតាំងរោងចក្រផលិតជីផ្កាយ៥ ក៏មានអារម្មណ៍ពិបាកទ្រាំទៅនឹងក្លិនស្អុយភាយចេញពីរោងចក្រ មានភាពកខ្វក់បរិស្ថាន(កខ្វក់ខ្យល់)ដែរ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យោងតាមបណ្តឹងរបស់ប្រជាពលរដ្ឋ លោក ហេង ធៀម អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានធ្វើរបាយការណ៍គោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាលរួចហើយ ពាក់ព័ន្ធនឹងករណីកខ្វក់បរិស្ថាន បង្កដោយរោងចក្រផលិតជីផ្កាយ៥ ដើម្បីស្នើសុំឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យលើផលប៉ះពាល់បរិស្ថានឲ្យបានជាក់ស្តែង និងឈានទៅឲ្យមានវិធានការដោះស្រាយ ។
មជ្ឈដ្ឋានមន្ត្រីជំនាញមួយចំនួនបានសម្តែងនូវការរិះគន់ទៅលើប្រសិទ្ធភាពគ្រប់គ្រងផ្នែកបរិស្ថានរបស់រោងចក្រផលិតជីអន្តរជាតិផ្កាយ៥កម្ពុជា វិនិយោគដោយក្រុមហ៊ុនវៀតណាមនោះ ដែលមានឈ្មោះលំដាប់ថ្នាក់"ផ្កាយ៥" បែរជាបង្កឲ្យមានភាពកខ្វក់បរិស្ថាន(កខ្វក់ខ្យល់) ប៉ះពាល់ដល់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋទៅវិញ ខណៈសមត្ថកិច្ចពាក់ព័ន្ធហាក់មិនប្រញាប់រូតរះចុះត្រួតពិនិត្យ និងមានវិធានការទាន់ពេលវេលាទាល់តែសោះ ៕