ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ព្រះរាជ​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​របស់​ក្សត្រ​ បាញ់​កាំជ្រួច​អបអរ​សប្បាយ​ក្លាយជា​ទុក្ខ​សម្លាប់​និស្សិត​ម្នាក់​ និង​រង​របួស​៤​នាក់​

​មាន​ហេតុការណ៍​ដ៏​ក្រៀមក្រំ​មួយ​បាន​កើតឡើង​ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​យាង​ឡើង​គ្រង​រាជសម្បត្តិ​គម្រប់​ខួប​១០​ឆ្នាំ​ របស់​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​រាត្រី​នា​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៤​នេះ​ ដោយ​អាជ្ញាធរ​បាន​បាញ់​កាំជ្រួច​អបអរសាទរ​ ប៉ុន្តែ​បាន​ក្លាយជា​រឿង​អកុសល​ ព្រោះ​បាញ់​កាំជ្រួច​ខុស​បច្ចេកទេស​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​និស្សិត​ម្នាក់​ និង​មនុស្ស​៤​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​កន្លែង​កើតហេតុ​ ឋិត​នៅ​ត្រើយម្ខាង​នៃ​ទន្លេចតុមុខ​ ភូមិ​ក្បាលជ្រោយ​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ក្បែរ​អគារ​សណ្ឋាគារ​សុខា​របស់​លោក​ឧកញ៉ា​ សុខ​ គង់​ កំពុង​សាងសង់​ ។​

​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ យុវជន​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​បាញ់​កាំ​ជ្រូ​ច​អបអរ​ព្រះរាជ​ពិធី​ព្រះមហាក្សត្រ​ ឡើង​គ្រង​រាជសម្បត្តិ​គម្រប់​ខួប​១០​ ឆ្នាំ​ដោយ​ខុស​បច្ចេកទេស​នេះ​ មានឈ្មោះ​ ណាគ្រី​ ដា​រ៉ូ​  អាយុ​២២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ស្រុក​កោះធំ​ ខេត្តកណ្តាល​ ជា​និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ស៊ី​តិច​ ។​ រីឯ​ជន​រង​គ្រោះ​ចំនួន​៤​នាក់​ផ្សេង​ទៀត​ ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ មាន​ស្រី​ម្នាក់​ និង​ប្រុស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​

​ប្រភព​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​និង​អ្នក​រង​របួស​ ពួក​គេ​បាន​ព្យាយាម​ទៅ​ឈរ​មើល​សកម្មភាព​របស់​ក្រុម​អ្នកបច្ចេកទេស​បាញ់​កាំជ្រួច​ ប៉ុ​នែ្ត​គ្រាប់​កាំជ្រួច​ចុង​ក្រោយ​មាន​ភាព​មិន​ប្រ​ក្រ​ត្រី​ ដោយ​សម្បក​កាំជ្រួច​ផ្ទុះ​ធ្លាយ​ ធ្វើ​ឲ្យ​គ្រាប់​កាំជ្រួច​មិន​អាច​ហោះ​ឡើង​ទៅ​លើ​បាន​ ក៏​ហោះ​ទៅ​បុក​មនុស្ស​ម្នាក់​ដែល​កំពុង​ឈរ​មើល​ធ្លាយ​ពោះវៀន​ និង​របួស​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ ដោយ​ដាច់​ជើង​ និង​រយះ​ជើង​ធ្ងន់ធ្ងរ​ គួរ​ឲ្យ​តក់ស្លុត​បំផុត​ ។​

​នេះ​ជា​ហេតុការណ៍​អកុសល​លើក​ទី​២​ហើយ​ ក្នុង​ឱកាស​ព្រះរាជ​ពិធី​នៅ​មុខ​ព្រះ​បរមរាជវាំង​ ដែល​បណ្តាល​ឲ្យ​មនុស្ស​និង​របួស​ បន្ទាប់​ពី​ហេតុការណ៍​អកុសល​លើក​ទី​១​ កើតឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១0 ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ បណ្តាល​ឲ្យ​ស្លាប់​៣៥៣​នាក់​ និង​រង​របួស​ជាង​៤០០​នាក់​ នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.