ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ស្រី​ក្រមុំ​វ័យ​១៨​ឆ្នាំ​ម្នាក់​បាត់​ខ្លួន​ពេល​មក​ប្រឡង​ភាសា​កូរ៉េ​

​ស្រី​ក្រមុំ​វ័យ​១៨​ឆ្នាំ​ម្នាក់​បាន​បាត់​ខ្លួន​ពេល​មក​ប្រឡង​ភាសា​កូរ៉េ​នៅ​ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ជាមួយ​បងប្អូន​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​និង​កំពុង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​ ខ្លាចក្រែង​នាង​លង់​ចាញ់បោក​ក្រុម​ជនខិលខូច​នៅ​ក្នុង​អំពើ​មិនល្អ​ផ្សេងៗ​ ដ្បិត​មក​ដល់​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៤​នេះ​ នាង​ក្រមុំ​មិន​ទាន់​បាន​វិល​ត្រឡប់​មក​កាន់​លំនៅ​ឋាន​វិញ​នៅឡើយ​ ។​

​ស្ត្រី​ឈ្មោះ​ ឆុ​ន​ សា​វឿ​ន​ អាយុ​៣១​ឆ្នាំ​ ត្រូវជា​បង​បង្កើត​របស់​នាង​ក្រមុំ​បាត់​ខ្លួន​ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា​ ក្រុម​គ្រួសារ​មិន​ទាន់​បាន​ទទួល​ដំណឹង​អំពី​ប្អូនស្រី​នៅ​ទីណា​នៅឡើយ​សូ​ម្បី​តែ​តាម​ទូរស័ព្ទ​ គិត​ចាប់ពី​ថ្ងៃ​នាង​បាត់​ខ្លួន​មក​ ។​

​យុវជន​ឈ្មោះ​ ឆុ​ន​ រិ​ទ្ធី​ អាយុ​២៤​ឆ្នាំ​ ត្រូវជា​បងប្រុស​បង្កើត​របស់​នាង​ក្រមុំ​បាត់​ខ្លួន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ប្អូនស្រី​បង្កើត​ដែល​បាត់​ខ្លួន​មានឈ្មោះ​ ឆុ​ន​ ដា​នី​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ប្រឡាយ​រំដេង​ ឃុំ​រំលិច​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ដោយ​នាង​បាន​បាត់​ខ្លួន​ចាប់តាំងពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៤​មក​ បន្ទាប់​ពី​ខ្លួន​ជា​បងប្រុស​បាន​នាំ​ប្អូនស្រី​មក​ប្រឡង​ភាសា​កូរ៉េ​នៅ​ក្រុង​កំពង់ឆ្នាំង​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៤​ ដោយ​ជួល​បន្ទប់​សណ្ឋាគារ​មួយ​ឈ្មោះ​ សុវណ្ណ​ភូមិ​ ឋិត​ក្នុង​ក្រុង​កំពង់ឆ្នាំង​ ដើម្បី​ស្នាក់​នៅ​ ។​ យុវជន​ដែល​ជា​បងប្រុស​របស់​ស្រី​ក្រមុំ​បាត់​ខ្លួន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ នា​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៤​ ក្រោយ​ពី​ប្រឡង​ភាសា​កូរ៉េ​រួចរាល់​ ខ្លួន​បាន​នាំ​ប្អូនស្រី​មក​កាន់​សណ្ឋាគារ​ស្នាក់​នៅ​វិញ​ ខណៈ​ប្អូនស្រី​និង​មិត្តភក្តិ​ចំនួន​២-៣​នាក់​ផ្សេង​ទៀត​បាន​ចាំ​នៅ​បន្ទប់​ខាងក្រោម​សណ្ឋាគារ​ ដោយ​ខ្លួន​បាន​ឡើង​ទៅ​ជាន់​ខាងលើ​ដើម្បី​ប្រមូល​អីវ៉ាន់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​ នៅ​ពេល​ខ្លួន​ចុះ​មក​ដល់​ជាន់​ខាងក្រោម​សណ្ឋាគារ​វិញ​ ស្រាប់តែ​បាត់​ប្អូនស្រី​មិនឃើញ​ ក៏​បាន​សួរនាំ​ទៅ​មិត្តភក្តិ​របស់​នាង​ ដោយ​ពួក​គេ​ប្រាប់​ថា​ អា​ដា​នី​ និយាយ​ទូរស័ព្ទ​បណ្តើរ​ ដើរ​បណ្តើរ​សំដៅ​ទៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​បាត់​ទៅ​ហើយ​ ។​ ភ្លាម​នោះ​ ខ្លួន​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​នាង​ តែ​មិន​អាច​ទំនាក់ទំនង​បាន​ ហើយ​ខ្លួន​ជា​បងប្រុស​ក៏​តាម​រក​ប្អូនស្រី​មិនឃើញ​ដែរ​ ។​ លុះដល់​ម៉ោង​ប្រមាណ​១៥​រសៀល​នា​ថ្ងៃ​ដដែល​ ខ្លួន​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​ប្អូនស្រី​ម្តងទៀត​ ដោយ​នាង​បាន​និយាយ​តប​ថា​ "​ទៅ​ផ្ទះ​វិញ​ទៅ​"​ រួច​ហើយ​ក៏​បិទ​ទូរស័ព្ទ​រហូត​ ។​

​ក្រុម​គ្រួសារ​របស់​ស្រី​ក្រមុំ​ដែល​បាត់​ខ្លួន​ បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​សមត្ថកិច្ច​គ្រប់​ទីកន្លែង​ ក៏​ដូច​ជា​សាធារណជន​នានា​ថា​ បើ​បានឃើញ​រូប​នាង​ដូច​ក្នុង​រូបថត​ភ្ជាប់​មក​ជាមួយ​នេះ​ សូម​មេត្តា​ជូនដំណឹង​ឲ្យ​ដឹង​ជា​ព័ត៌មាន​ផង​ តាម​រយៈ​ទូរស័ព្ទ​លេខ​ ០៩៧​ ៥៩៣​ ១៨​ ១៣​ ពីព្រោះ​ក្រុម​គ្រួសារ​ទាំងមូល​បាន​និង​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​របស់​នាង​ ខ្លាចក្រែង​ចាញ់បោក​ជនខិលខូច​ ឬ​ក៏​មាន​គ្រោះថ្នាក់​ផ្សេងៗ​ដោយ​ប្រការ​ណាមួយ​ និង​ម្យ៉ាងទៀត​ បើ​នាង​បានដឹង​ព័ត៌មាន​នេះ​ សូម​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ផង​ ឬ​ក៏​ផ្តល់​ដំណឹង​មក​ក្រុម​គ្រួសារ​ជា​បន្ទាន់​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.