ឯកឧត្តម ឧកញ៉ា ងិន ឃន អាយុ៦៣ឆ្នាំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានកាន់តំណែងជាប្រធានរតនាគារជាតិ ហៅកាត់ថា ប៉ុស្តិ៍ខ្លាញ់អង្គុយលើលុយរយៈពេលប្រមាណ២០ឆ្នាំនោះ ត្រូវដល់អាយុចូលនិវត្តន៍តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣មកម្ល៉េះ ប៉ុន្តែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបភ្ញាក់រលឹកនឹកឃើញធ្វើសេចក្តីក្រាបបង្គំទូលថ្វាយព្រះករុណាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលេខនស/រកត/០៨១៤/១០៦២ ដាក់ឲ្យចូលនិវត្តន៍ជាផ្លូវការក្នុងក្របខ័ណ្ឌមុខងារសាធារណៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ជាហេតុធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានឃ្លាំមើលដំណើរការកំណែទម្រង់រដ្ឋបាលនៅកម្ពុជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ។
លោក ងិន ឃន ទទួលបានការតែងតាំងឲ្យធ្វើជាប្រធានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់តាំងពីជំនាន់ឯកឧត្តម សម រង្ស៊ី អតីតធ្វើជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគារជាតិមិនទាន់បានបង្កើតជាអគ្គនាយកដ្ឋានមកម្ល៉េះ ។ បន្ទាប់ពីកាន់មុខតំណែងជាប៉ុស្តិ៍ខ្លាញ់អង្គុយលើលុយបានរយៈពេលប្រមាណត្រឹម៣-៤ឆ្នាំ លោក ងិន ឃន ត្រូវបានតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦៩៨/៤០ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៨ ។ តមកទៀត លោកឧកញ៉ា ងិន ឃន ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៣/២៩៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០០៣ ។
ដោយសារបានក្លាយខ្លួនជាស្តេចលុយ ឯកឧត្តម ឧកញ៉ា ងិន ឃន ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីផង និងជាទីប្រឹក្សាឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង ។
បច្ចុប្បន្ន ឯកឧត្តម ឧកញ៉ា ងិន ឃន លែងបានកាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៀតហើយ បន្ទាប់ពីបានកាន់មុខតំណែងខ្លាញ់នេះអស់រយៈពេលប្រមាណ២០ឆ្នាំរួចមក និងបានមកបំពេញការងារជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជាវិញម្តង ខណៈឯកឧត្តម ឧកញ៉ារូបនេះដល់អាយុត្រូវចូលនិវត្តន៍ផង និងទទួលបានឱកាសកើបលុយក្លាយជាសេដ្ឋីរួចហើយផង ៕