នារយៈពេលកន្លងទៅថ្មីៗនេះ តាំងពីបានឡើងកាន់កាប់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ ត្រូវជាកូនប្រសារបស់ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងទទួលរងការរិះគន់ថា លូកដៃរំលោភ"កប់ក្លៀក"ទៅលើអំណាចឯករាជ្យនៃស្ថាប័នតុលាការ ក្រោយឯកឧត្តមចៅហ្វាយខេត្តវ័យក្មេងរូបនេះបានចេញលិខិតសរសេរផ្ទាល់ដៃ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ កោះអញ្ជើញលោកចៅក្រម ប្លង់ ឆ្លាម ប្រធានសាលាដំបូងខេត្ត និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ឲ្យចូលខ្លួនមកបំភ្លឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ករណីរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការសម្រេចមិនឃុំខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់រួចមក ។
ក្រៅអំពីទទួលរងការរិះគន់ថា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអំណាចឯករាជ្យរបស់ស្ថាប័នតុលាការ ដូចមានចែងក្នុងមាត្រា៥១ថ្មី និងមាត្រា១២៨ថ្មី នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ចេញចំណាត់ការខុសនីតិវិធីទៅលើថ្នាក់ដឹកនាំស្ថាប័នតុលាការសាលាដំបូងខេត្ត ឋិតក្នុងដែនដីមូលដ្ឋានរបស់ខ្លួន រឿងកោះអញ្ជើញប្រធានសាលាដំបូងខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឲ្យមកបំភ្លឺលើករណីរបាយការណ៍របស់សមត្ថកិច្ចនគរបាលនោះ គឺលោក ឡាយ វណ្ណៈ តាំងពីនៅកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តតាកែវមកម្ល៉េះ ក៏ធ្លាប់លេចធ្លាយរឿងអាស្រូវបង្កសកម្មភាពបាញ់បោះសេរីក្នុងហាងខារ៉ាអូខេមួយនាអំឡុងឆ្នាំ២០១៣ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរធ្លាក់ខ្លួនពិការរហូតទល់បច្ចុប្បន្ន ។
ប្រភពព័ត៌មានពីមន្ត្រីរាជការបម្រើការងារនៅសាលាខេត្តតាកែវ បានបង្ហើបប្រាប់ឲ្យដឹងថា សំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលរងខេត្តតាកែវ ដែលបង្កសកម្មភាពបាញ់បោះសេរីក្នុងហាងស៊ីផឹកខារ៉ាអូខេ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរធ្លាក់ខ្លួនពិការនោះ ត្រូវបានផ្អឹបទុកនៅស្នងការដ្ឋាននគរបាលខេត្ត មិនទាន់បានបញ្ជូនមកសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៃច្បាប់នៅឡើយ ជាហេតុនាំឲ្យមានវប្បធម៌និរទណ្ឌភាពយ៉ាងពេញបន្ទុកក្នុងទឹកដីខេត្តតាកែវ បង្កដោយថ្នាក់ដឹកនាំខេត្តតែម្តង ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ប្រសិនបើរឿងអាស្រូវពាក់ព័ន្ធទៅនឹងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងត្រូវជាកូនប្រសារបស់ឯកឧត្តម ស៊ូ ភិរិន្ទ ប្រព្រឹត្តអំពើបាញ់បោះសេរីក្នុងហាងផឹកស៊ីខារ៉ាអូខេ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្លាក់ខ្លួនពិការនោះ ជាការពិតមែន សមត្ថកិច្ចនគរបាលខេត្តត្រូវតែកសាងបញ្ជូនសំណុំរឿងមកស្ថាប័នតុលាការ ដើម្បីបន្តចាត់ការតាមច្បាប់ មិនត្រូវផ្អឹបទុកចោល ព្រោះលុះក្នុងអំពើអគតិឡើយ ។
ឯកឧត្តម ឡាយ វណ្ណៈ អតីតអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តតាកែវនាឆ្នាំ២០១៤នេះ និងក៏បានក្លាយជាចៅហ្វាយខេត្តវ័យក្មេងដ៏មានឥទ្ធិពលអំណាច ដ្បិតឯកឧត្តមត្រូវជាកូនប្រសារបស់ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ហើយជំទាវរបស់ឯកឧត្តម ស៊ូ ភិរិន្ទ ជាប់សាច់ញាតិជាមួយជំទាវឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលជាដន្លងដងស្នែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថែមទៀត ៕