មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ នៅក្នុងភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបុរសចំនួន២នាក់ជាបងប្អូនបង្កើតនឹងគ្នា ចងគំនុំក្នុងរឿងទំនាស់ដីធ្លីសម្លាប់គ្នាដោយគ្រាប់បែក បណ្តាលឲ្យបងប្អូនទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបងប្អូនចំនួន៥នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលក្រុងសំរោង បានឲ្យដឹងថា បុរសជាបងប្អូនបង្កើតនឹងគ្នាចំនួន២នាក់ដែលស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍សម្លាប់គ្នាដោយគ្រាប់បែកនោះ មានឈ្មោះ រឿន ធី អាយុ៤៨ឆ្នាំ និងឈ្មោះ រឿន ថៃ អាយុ៣៩ឆ្នាំ ។ រីឯអ្នករងរបួសធ្ងន់-ស្រាល មានឈ្មោះ រឿន ភឿត ភេទស្រី អាយុ៤៣ឆ្នាំ, ឈ្មោះ រឿន ភ័ណ្ឌ ភេទស្រី អាយុ៤៣ឆ្នាំ, ឈ្មោះ គឹម សល់ ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ ធី ឡូ ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ វៃ គួន ភេទស្រី អាយុ៥៦ឆ្នាំ ។
សាក្សីជាប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា ករណីសម្លាប់គ្នាដោយគ្រាប់បែកក្នុងរង្វង់ក្រុមគ្រួសារបងប្អូនបង្កើត បណ្តាលឲ្យមានអ្នកស្លាប់ចំនួន២នាក់ និងអ្នករងរបួសធ្ងន់-ស្រាល ចំនួន៥នាក់នេះ បណ្តាលមកពីករណីទំនាស់ដីស្រែរយៈពេលយូរឆ្នាំមកហើយ តាំងពីម្តាយនៅរស់ រហូតដល់ម្តាយចែកឋានទៅបាត់ ។ លុះដល់ពេលបងប្អូនបង្កើតចំនួន២នាក់ជួបគ្នាតាមផ្លូវ ក្នុងថ្ងៃកើតហេតុក៏កើតជាភ្លើងគំនុំឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក នាំឲ្យបងប្អូន៥នាក់ផ្សេងទៀតចូលទៅឃាត់ ស្រាប់តែបុរសជាប្អូនទាញគ្រាប់បែកចេញពីហោប៉ៅខោ មកបោកឲ្យផ្ទុះឮសូរគ្រាំង បណ្តាលឲ្យអ្នកនៅក្បែរនោះដួលរាបលើដី ផ្អើលដល់អ្នកភូមិមកចោមរោមមើលឃើញមនុស្សស្លាប់ និងរបួសដោយក្តីរន្ធត់ក្រៃលែង ។
សមត្ថកិច្ចនគរបាលក្រុងសំរោង បានឲ្យដឹងដែរថា បុរសជាបងប្អូនដែលមានគ្រាប់បែកយកមកសម្លាប់គ្នានោះ គឺជាអតីតទាហានប៉ារ៉ា ហើយគ្រាប់បែកមិនដឹងជាបុរសនោះបានមកពីណាឡើយ ៕