ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

អ្នក​ច្បាប់​ចាប់អារម្មណ៍​នឹង​រឿង​ឯកឧត្តម​ ហ៊ី​ សោភា​ ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​

​ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​លើក​ទី​១​ ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ ចំនួន​៦​នាក់​នោះ​ គឺ​ឯកឧត្តម​ ហ៊ី​ សោភា​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ជា​ព្រះរាជអាជ្ញា​ក្រសួងយុត្តិធម៌​(​អតីត​ជា​ចៅក្រម​ក្រសួងយុត្តិធម៌​)​ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​លើក​ទី​១​ ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ជា​បេក្ខជន​ម្នាក់​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ចាប់អារម្មណ៍​បំផុត​ ដ្បិត​ឯកឧត្តម​ ហ៊ី​ សោភា​ ជា​សមាជិក​រាជរដ្ឋាភិបាល​(​ស្ថាប័ន​នីតិប្រតិបត្តិ​)​ ធ្លាប់​ធ្វើ​ជា​អាណាព្យាបាល​ស្ថាប័ន​តុលាការ​ ក្នុង​នាម​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថែម​ទៀត​ បែរជា​មក​ឈរឈ្មោះ​ជា​បេក្ខជន​តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ទៅ​វិញ​ ខណៈ​អ្នក​ច្បាប់​ខ្លះ​បាន​លើក​ឡើង​ដែរ​ថា​ ប្រសិនបើ​ឯកឧត្តម​ ហ៊ី​ សោភា​ ធ្លាក់​មិន​ជាប់​ឆ្នោត​ ត្រូវ​បាន​ជ្រើសតាំង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ទេ​នោះ​ គឺ​នឹង​ទទួល​រង​នូវ​ភាព​អាម៉ាស់​យ៉ាងធ្ងន់ធ្ងរ​ ។​

​ឯកឧត្តម​ ហ៊ី​ សោភា​ អាយុ​៥៧​ឆ្នាំ​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​១៩៨៥​ និង​ត្រូវ​បាន​តែងតាំង​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ ដោយ​ក្រឹត្យ​លេខ​៤០​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​១៩៩៣​ ។​ ឯកឧត្តម​ ហ៊ី​ សោភា​ ធ្លាប់​កាន់​មុខ​តំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ និង​ក្រោយមក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​(​ជា​សមាជិក​រាជរដ្ឋាភិបាល​)​ ។​ ឯកឧត្តម​ ហ៊ី​ សោភា​ តាំងពី​នៅ​កាន់​មុខ​តំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ គឺ​មានកេរ្តិ៍ឈ្មោះ​ល្អ​ មិន​ដែល​មានរឿង​អាស្រូវ​ដូច​បណ្តា​ចៅក្រម​-​ព្រះរាជអាជ្ញា​មួយ​ចំនួន​ទៀត​ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ យោង​តាម​ឋានៈ​ និង​កិត្តិយស​របស់​ឯកឧត្តម​ ហ៊ី​ សោភា​ បើ​ចង់​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ក្នុង​គោលបំណង​ជួយ​ព្រះមហាក្សត្រ​ដើម្បី​ធានា​អំណាច​ឯករាជ្យ​នៃ​តុលាការ​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ គួរតែ​ជ្រើសតាំង​ដោយ​ស្ថាប័ន​ព្រឹទ្ធសភា​ ឬ​រដ្ឋសភា​ ឬ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ប្រសើរ​ជាង​ជ្រើសតាំង​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​-​ព្រះរាជអាជ្ញា​ទូ​ទាំង​ប្រទេស​ ដែល​ធ្វើ​ឲ្យ​ចៅក្រម​-​ព្រះរាជអាជ្ញា​មួយ​ចំនួន​យល់​ឃើញ​ថា​ ឯកឧត្តម​ ហ៊ី​ សោភា​ បន្ទាបខ្លួន​មក​ឈរ​ជា​បេក្ខជន​ប្រកួតប្រជែង​ជាមួយ​ព្រះរាជអាជ្ញា​ដទៃ​ជា​កូនចៅ​របស់​ខ្លួន​ ។​

​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​លើក​ទី​១​ ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ទាំង​ចំនួន​៦​នាក់​ គូប្រកួត​ប្រជែង​ខ្លាំង​ជាមួយ​ឯកឧត្តម​ ហ៊ី​ សោភា​ គឺ​ឯកឧត្តម​ សេង​ ប៊ុ​ន​ឃាង​ អាយុ​៣៨​ឆ្នាំ​ អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​ និង​ត្រូវជា​កូនប្រសា​របស់​លោក​ជំទាវ​ លី​ វួ​ច​ឡេ​ង​ អតីត​ប្រធាន​សាលាឧទ្ធរណ៍​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ លោក​ សេង​ ប៊ុ​ន​ឃាង​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​១​ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ធ្លាប់​បាន​ចាត់​ឲ្យ​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រងកម្ម​សិក្សា​នៃ​លេខាធិការដ្ឋាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ សម្រាប់​ការ​ជំនុំជម្រះ​រឿង​ក្តី​មេដឹកនាំ​ខ្មែរក្រហម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣៤​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​ការិយាល័យ​រដ្ឋបាល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ។​ ក្រោយមក​ លោក​ សេង​ ប៊ុ​ន​ឃាង​ ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៩/៧៨៦​ ចុះ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០០៩​ និង​តម​ក​ទៀត​ ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ។​

​ទោះ​យ៉ាងណា​ក្តី​ មជ្ឈដ្ឋាន​អ្នក​តាមដាន​ដំណើរការ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ បាន​សាកល្បង​ទស្សន៍​ទាយ​ថា​ ឯកឧត្តម​ ហ៊ី​ សោភា​ អាច​មាន​សង្ឃឹម​ជាប់​ឆ្នោត​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ ក្នុង​កម្រិត​ភាគរយ​ខ្ពស់​ជាង​បេក្ខជន​ដទៃ​ទៀត​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.