ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតលើកទី១ សម្រាប់ជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្របខ័ណ្ឌចៅក្រម-ព្រះរាជអាជ្ញាទូទាំងប្រទេសនោះ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានចេញសេចក្តីប្រកាសលេខ១៤កយ.សជណ/១៤ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ ដោយកំណត់កាលបរិច្ឆេទរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងក្របខ័ណ្ឌចៅក្រម-ព្រះរាជអាជ្ញាទូទាំងប្រទេសនៅថ្ងៃទី២៤-២៥-២៦ ខែតុលា ឆ្នាំ២០១៤ និងបញ្ឈប់ការទទួលពាក្យឈរឈ្មោះជាបេក្ខជននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១៧ល្ងាចជាកំហិត ។
ស្រាប់តែក្រោយមក ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀតលេខ២៦កយ.សជណ/១៤ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ដោយបានប្រកាសពន្យារពេលកាលបរិចេ្ឆទឈប់ទទួលពាក្យបេក្ខជនឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១៧និង៣០នាទីល្ងាច និងពន្យារពេលកាលបរិច្ឆេទនៃការបោះឆ្នោតនៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០១៤វិញ ដែលធ្វើឲ្យមជ្ឈដ្ឋានអ្នកច្បាប់សម្តែងនូវការរិះគន់ថា គណៈកម្មការរៀបចំការបោះឆ្នោតនេះធ្វើការគ្មានប្រាកដប្រជា និងមិនចេះគិតគូរទុកជាមុនឲ្យបានច្បាស់លាស់ ហើយក៏មានការសម្តែងនូវមន្ទិលសង្ស័យយ៉ាងខ្លាំងផងដែរ ។
ក្រឡេកទៅមើលទិដ្ឋភាពមួយផ្សេងទៀត គឺតាមរយៈលិខិតរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលេខ០៨៦ឧ.ក្រ.ច/២០១៤ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ និងទទួលបានការឯកភាពពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នោះ មានចៅក្រមសាលាដំបូងរាជធានី-ខេត្ត២នាក់ ត្រូវបានតែងតាំងជាចៅក្រមតុលាការកំពូល(លោកចៅក្រម អឿង សៀង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក គង់ តារាឆាត ជាចៅក្រមសាលាដំបូងខេត្តព្រះសីហនុ) និងមានចៅក្រមសាលាដំបូងរាជធានី-ខេត្តចំនួន៥នាក់ ត្រូវបានតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍(លោក សួស សំអាត អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក យូ ប៊ុនណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ, លោកស្រី យ៉េត ម៉ូលីន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ, លោកស្រី ស្រ៊ុន ឈន់វលក្ខណ៍ ចៅក្រមសាលាដំបូងខេត្តកណ្តាល និងលោកស្រី ទិតសុទ្ធី បូរ៉ាល័ក្ខណ៍ ចៅក្រមសាលាដំបូងខេត្តកំពង់ចាម) និងលោក កេង សុម៉ារិទ្ធ ចៅក្រមសាលាដំបូងខេត្តកណ្តាល ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារនៅក្រសួងយុត្តិធម៌ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៤/១២០៧ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ ។
តមកទៀត មជ្ឈដ្ឋានអ្នកតាមដានឃ្លាំមើលដំណើរការរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានការភ្ញាក់ផ្អើលនៅពេលឃើញវត្តមានឈ្មោះលោក យូ ប៊ុនណា អាយុ៣៤ឆ្នាំ ចៅក្រមសាលាឧទ្ធរណ៍ ទើបទទួលបានការតែងតាំងថ្មីៗ និងត្រូវជាកូនប្រុសឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបច្ចុប្បន្ន ព្រមទាំងជាសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតលើកទី១ ជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឈរឈ្មោះជាបេក្ខជនតំណាងចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់ទៅវិញ(សូមចូលអានការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោត ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤បន្ថែម) ។
អនុលោមតាមដំណើររឿងហេតុខាងលើ ធ្វើឲ្យមជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា សន្និដ្ឋានថា អាថ៌កំបាំងនៃការពន្យារពេលបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺដើម្បីផ្តល់ឱកាសឲ្យលោកចៅក្រម យូ ប៊ុនណា ជាកូនប្រុសឯកឧត្តម យូ ប៊ុនឡេង បានឈរឈ្មោះជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តំណាងចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់ និងក៏ជាឱកាសឲ្យចៅក្រម-ព្រះរាជអាជ្ញាមួយចំនួនដែលមានឈ្មោះក្នុងសមាសភាពគណៈកម្មការរៀបចំការបោះឆ្នោត បានឈរឈ្មោះជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តំណាងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ផងដែរ ជាអាទិ៍ ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រះរាជអាជ្ញាក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការរៀបចំការបោះឆ្នោត និងឯកឧត្តម សេង ប៊ុនឃាង អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល ជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោត និងត្រូវជាកូនប្រសារបស់លោកជំទាវ លី វួចឡេង អតីតប្រធានសាលាឧទ្ធរណ៍ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
មជ្ឈដ្ឋានអ្នកតាមដានដំណើរការវិស័យយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា ថ្វីដ្បិតសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវមានបេសកកម្មធានាឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោម១១នាក់ មានចំនួន៧នាក់ ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតក៏ដោយ ប៉ុន្តែអ្វីៗគឺមានបង្កប់ទៅដោយការរៀបចំទុកជាមុន ទើបសូម្បីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងក្របខ័ណ្ឌចៅក្រម-ព្រះរាជអាជ្ញាទូទាំងប្រទេស ក៏ត្រូវបានពន្យារពេល បង្ហាញអំពីរបៀបរបបការងារមិនច្បាស់លាស់ មិនស័ក្តិសមជាស្ថាប័នច្បាប់ បម្រើការក្នុងវិស័យយុត្តិធម៌នៅកម្ពុជា ៕