ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតបានសម្តែងនូវការហួសចិត្តឥតឧបមា នៅពេលដែលបានឃើញចំនួនទីប្រឹក្សារបស់ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា នីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ មកពីគណបក្សប្រជាជនកម្ពុជា ច្រើនជាងចំនួនទីប្រឹក្សារបស់ឯកឧត្តម កឹម សុខា អនុប្រធានទី១រដ្ឋសភា នីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ រហូតដល់ទៅជិត៥ដង ។
យោងតាមស្មារតីនៃព្រះរាជក្រឹត្យលេខនស/រកត/០៩១៤/១១៥៧ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថា ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា នីតិកាលទី៥ មានទីប្រឹក្សាចំនួន៦៣នាក់ ដែលក្នុងនោះ១៧នាក់មានឋានៈស្មើរដ្ឋមន្ត្រី, ២៣នាក់មានឋានៈស្មើរដ្ឋលេខាធិការ, ២២នាក់មានឋានៈស្មើអនុរដ្ឋលេខាធិការ និង០១នាក់មានឋានៈស្មើអគ្គនាយក (ក្នុងចំណោមទីប្រឹក្សារបស់ឯកឧត្តម ងួន ញ៉ិល គឺមានកូនបង្កើតរបស់ឯកឧត្តម ងួន ញ៉ិល ចំនួន២នាក់ផង ដែលមានឋានៈស្មើរដ្ឋលេខាធិការ) ។
ដោយឡែក យោងតាមស្មារតីនៃព្រះរាជក្រឹត្យលេខនស/រកត/០៩១៤/១១១៧ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថា ឯកឧត្តម កឹម សុខា អនុប្រធានទី១រដ្ឋសភា នីតិកាលទី៥ មានទីប្រឹក្សាផ្ទាល់ចំនួន១៤នាក់ ក្នុងនោះ០២នាក់មានឋានៈស្មើរដ្ឋមន្ត្រី, ១២នាក់មានឋានៈស្មើរដ្ឋលេខាធិការ និងមានជំនួយការផ្ទាល់ចំនួន០៧នាក់ ដែលមានឋានៈស្មើអគ្គនាយក ។
បើនិយាយអំពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មកពីគណបក្សប្រជាជនកម្ពុជាវិញ គិតត្រឹមដើមខែសីហា ឆ្នាំ២០១៤ មានទីប្រឹក្សាចំនួន១២៩នាក់ ក្នុងនោះ០៤នាក់មានឋានៈស្មើទេសរដ្ឋមន្ត្រី, ២២នាក់មានឋានៈស្មើរដ្ឋមន្ត្រី, ៨៣នាក់មានឋានៈស្មើរដ្ឋលេខាធិការ, ២០នាក់មានឋានៈស្មើអនុរដ្ឋលេខាធិការ និងមានជំនួយការចំនួន១១នាក់ មានឋានៈស្មើអគ្គនាយក ដែលសុទ្ធតែទទួលបានងារជាឯកឧត្តម ឬលោកជំទាវ ទាំងអស់ ។
ក្រៅពីនេះ រដ្ឋសភានីតិកាលទី៥មានទីប្រឹក្សាជាន់ខ្ពស់គិតត្រឹមខែសីហា ឆ្នាំ២០១៤កន្លងទៅ ចំនួន៣០នាក់ ដែលមានឋានៈស្មើរដ្ឋមន្ត្រី ៕