សេចក្តីរាយការណ៍ពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅវេលាម៉ោង០៧ព្រឹក នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងចំណុចភូមិសាស្ត្រអូរកូនតឹង តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្រុកអន្លង់វែង ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានស្ទាក់ចាប់រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងរបស់ក្រុមហ៊ុនសូគីម៉ិច(SOKIMEX) មានលោកឧកញ៉ា សុខ គង់ ជាថៅកែធំ ដែលលួចបង្កប់ដឹកឈើគ្រញូងខុសច្បាប់ជាច្រើនម៉ែត្រគូប ខណៈរថយន្តល្មើសបានព្យាយាមដឹកឈើគ្រញូងចេញពីទីរួមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះទៅកាន់ខេត្តសៀមរាប ។
ក្រុមសមត្ថកិច្ចចម្រុះបានបញ្ជាក់ឲ្យដឹងថា រថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនសូគីម៉ិចដែលលួចបង្កប់ឈើគ្រញូងខាងក្នុងនោះ ពាក់ស្លាកលេខភ្នំពេញ 3A-3461 ។
សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានអំពីបរិមាណឈើគ្រញូងដែលរថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនសូគីម៉ិចចំណុះ២៤.០០០លីត្រ លួចបង្កប់ខុសច្បាប់នោះនៅឡើយទេ ដ្បិតពេលកម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្ក្រាប អ្នកបើកបរបានចាក់សោរថយន្តរួចគេចខ្លួនបាត់ស្រមោល ខណៈបច្ចុប្បន្នរថយន្តនិងវត្ថុតាងល្មើសត្រូវបានរក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ រង់ចាំដោះស្រាយតាមនីតិវិធីនៃច្បាប់ ។
ចំណុចដែលធ្វើឲ្យសមត្ថកិច្ចចម្រុះ និងមជ្ឈដ្ឋាននានាចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺរថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនសូគីម៉ិច មានលោកឧកញ៉ា សុខ គង់ ជាថៅកែធំ ដែលលួចបង្កប់ឈើគ្រញូងខុសច្បាប់ ហើយត្រូវសមត្ថកិច្ចបង្ក្រាបបាននាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះ មានពាក់ស្លាកលេខភ្នំពេញ 3A-3461 ដូចគ្នាទៅនឹងរថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនសូគីម៉ិចដែលសមត្ថកិច្ចបង្ក្រាបបានករណីលួចបង្កប់ឈើគ្រញូងខុសច្បាប់ប្រមាណ២០តោន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ បេះបិទតែម្តង ធ្វើឲ្យគេអាចសន្និដ្ឋានបានថា រថយន្តល្មើសបានលួចដឹកឈើគ្រញូងខុសច្បាប់អស់រយៈពេលយូរឆ្នាំមកហើយ ដោយមិនខ្ចីរាងចាល និងមិនញញើតកោតក្រែងច្បាប់ ឬបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីឡើយ ។
ក្រុមអ្នករិះគន់មាត់ដាចបានលើកឡើងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ អតីតប្រធានសភាពាណិជ្ជកម្មកម្ពុជា(លោក សុខ គង់ ជាឈ្មួញដ៏មានឥទ្ធិពលនៅកម្ពុជា ត្រូវបានតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤៩៥/៣៧ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៥) មានមុខរបរជំនួញច្រើនគគោក ដូចជា កើបប្រមូលលុយពីប្រាសាទអង្គរវត្ត សណ្ឋាគារទំនើបនៅខេត្តព្រះសីហនុ រមណីយដ្ឋានឋានសួគ៌ភ្នំបូកគោ ខេត្តកំពត និងប្រេងឥន្ធនៈ…។ល។ ឥឡូវក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ បានបន្ថែមមុខរបរជំនួញថ្មីមួយទៀត គឺលួចដឹកឈើគ្រញូងខុសច្បាប់តាមរថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនសូគីម៉ិច ៕