ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ស្វែងយល់​អំពី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជា​តំណាង​ចៅក្រម​នៃ​សាលាជម្រះក្តី​ជាន់ខ្ពស់​

អនុលោម​តាម​មាត្រា​៤ ចំណុច​ទី​៨​នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/០៧១៤/០១៧ ចុះ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ ក្នុងចំណោម​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​១១​រូប គឺមាន​១​រូប​ជា​តំណាង​ចៅក្រម​នៃ​សាល​ជម្រះក្តី​ជាន់ខ្ពស់ ត្រូវ​ជ្រើសតាំង​តាម​ការបោះឆ្នោត​ដោយ​ចៅក្រម​នៃ​សាលាជម្រះក្តី​ជាន់ខ្ពស់ ។​

​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​លើក​ទី​១​ជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជា​តំណាង​ចៅក្រម​នៃ​សាលាជម្រះក្តី​ជាន់ខ្ពស់​មាន​ចំនួន​២​រូប គឺ​លោក ប្រាក់ គឹម​សាន អាយុ​៧១​ឆ្នាំ ជា​ចៅក្រម​តុលាការ​កំពូល និង​លោក យូ ប៊ុន​ណា អាយុ​៣៤​ឆ្នាំ ជា​ចៅក្រម​សាលាឧទ្ធរណ៍ ។​

១-​បេក្ខជន​ទី​១ គឺ​លោក​ចៅក្រម ប្រាក់ គឹម​សាន ៖ លោក ប្រាក់ គឹម​សាន អាយុ​៧១​ឆ្នាំ​០៩​ខែ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​អំឡុង​ឆ្នាំ​១៩៦៣ និង​ត្រូវបានតែងតាំង​ជា​ចៅក្រម​តុលាការ​កំពូល​ដោយ​ព្រះរាជក្រឹត្យ​លេខ​ជ​ស​/​រកត​/០៩៩៤/៧១ ចុះ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​១៩៩៤ ។ លោក​ចៅក្រម ប្រាក់ គឹម​សាន ក៏ត្រូវ​បានតែងតាំង​ផងដែរ​ជា​ចៅក្រម​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ ដើម្បី​កាត់សេចក្តី​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​នៅក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ហៅ​កាត់​ថា សាលាក្តី​ខ្មែរក្រហម ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥០៦/២១៤ ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០០៦ ។ ក្នុងនាម​ជា​ចៅក្រម​តុលាការ​កំពូល​ដែល​ដល់​អាយុ​ចូលនិវត្តន៍ លោក ប្រាក់ គឹម​សាន ត្រូវបាន​អនុញ្ញាត​ពន្យា​រ​ពេល​ការចូលនិវត្តន៍​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅទៀត រហូតដល់​ទៅ​ចំនួន​២​លើក គឺ​លើក​ទី​១​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១១/៦៩៤ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១ និង​លើក​ទី​២​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៤/៤៤៧ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ ។​

២-​បេក្ខជន​ទី​២ គឺ​លោក​ចៅក្រម យូ ប៊ុន​ណា ៖ លោក យូ ប៊ុន​ណា អាយុ​៣៤​ឆ្នាំ ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម យូ ប៊ុន​ឡេង ជា​ប្រធាន​សាលាឧទ្ធរណ៍ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បច្ចុប្បន្ន ព្រមទាំង​ជា​សមាជិក​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​លើក​ទី​១ ជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ។ លោក យូ ប៊ុន​ណា បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​១៩៩៨ ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​១​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ និង​ត្រូវបានតែងតាំង​ជា​ចៅក្រម​កម្មសិក្សា​បម្រើការ​ងារ​នៅ​សាលាដំបូង​ខេត្តកណ្តាល ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៥/៥៣៤ ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០០៥ ហើយ​ត្រូវបាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម ជា​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៧/០៦៧ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០០៧ ។ ក្រោយមក លោក​ចៅក្រម យូ ប៊ុន​ណា ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៩/១២៤ ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០០៩ និង​ដំណាក់កាល​ចុងក្រោយ​ថ្មីៗ​នេះ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាឧទ្ធរណ៍ ហើយ​ក៏បាន​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជា​តំណាង​ចៅក្រម​នៃ​សាលាជម្រះក្តី​ជាន់ខ្ពស់​តែម្តង ។​

*-​ការ​ទស្សន៍ទាយ ៖ លោក​ចៅក្រម យូ ប៊ុន​ណា អាច​នឹង​ជាប់ឆ្នោត​ត្រូវបាន​ជ្រើសតាំង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម តំណាង​ឲ្យ​ចៅក្រម​នៃ​សាលាជម្រះក្តី​ជាន់ខ្ពស់​សម្រាប់​អាណត្តិ​៥​ឆ្នាំ​លើក​ទី​១ ដែល​នឹងត្រូវ​ចាប់ផ្តើម​បោះឆ្នោត​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤​ខាងមុខនេះ ៕​

10726497_367980710031105_1474252100_n

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.