ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ករណី​បង្ក្រាប​ការ​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ប្រមាណ​៦៨​ម៉ែត្រគូប​របស់​ឈ្មួញ​ឈើ​ ព្រំ​ ថន​ ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​អស់​ជិត​កន្លះ​ឆ្នាំ​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ បាន​ឲ្យ​ដឹង​ថា​ មាន​ឈ្មួញ​ឈើ​ល្បីល្បាញ​គួរសម​ម្នាក់​ឈ្មោះ​ ព្រំ​ ថន​ កាលពី​អំឡុង​ខែមីនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ដេញថ្លៃ​ឈើ​អារ​ប្រណីត​ប្រភេទ​ធ្នង់​បាន​ចំនួន​ជាង​៥៣​ម៉ែត្រគូប​ មាន​តម្លៃ​ទឹកប្រាក់​ជាង​៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ រៀបចំ​ដោយ​ក្រសួងបរិស្ថាន​ និង​ត្រូវ​បាន​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ា​ង​ ខេត្តស្ទឹងត្រែង​ ចេញ​លិខិតអនុញ្ញាត​ឲ្យ​លោក​ ព្រំ​ ថន​ ដឹក​ជញ្ជូន​ឈើ​ប្រណីត​ដែល​ដេញថ្លៃ​បាន​នោះ​ចេញពី​ចំណុច​ស្នាក់​ការ​រង​អូរ​ចាយ​ នៃ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រែក​មាស​ ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ា​ង​ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​ អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​មេគង្គ​ នៅ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៤​ ឆ្ពោះទៅ​ភូមិ​ព្រែក​សំរោង​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ដោយ​ផុត​សុពលភាព​នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៤​ ។​

​យោង​តាម​ឯកសារ​ព័ស្តុតាង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ា​ង​ បាន​ចេញ​លិខិតអនុញ្ញាត​ចំនួន​៣​ ឲ្យ​ទៅ​លោក​ ព្រំ​ ថន​ ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ដែល​ដេញថ្លៃ​បាន​នោះ​ គឺ​លេខ​០០១​ផរ​ព​.​ល​ដ​ជ​(​លេខ​ប័ណ្ណ​០០៣៨៥១/​ខ​/PC/B)​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៤​ មាន​បរិមាណ​២០,៤២២​ម៉ែត្រគូប​(៥៥​ដុំ​)​ដឹក​ជញ្ជូន​តាម​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-2737,​ លេខ​០០២​ផរ​ព​.​ល​ដ​ជ​(​លេខ​ប័ណ្ណ​០០៣៨៥២/​ខ​/PC/B)​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៤​ មាន​បរិមាណ​១៤,៥៤២​ម៉ែត្រគូប​(៥៥​ដុំ​)​ ដឹក​ជញ្ជូន​តាម​រថយន្ត​ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-3080​ និង​លេខ​០០៣​ផរ​ព​.​ល​ដ​ជ​(​លេខ​ប័ណ្ណ​០០៣៨៥៣/​ខ​/PC/B)​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៤​ មាន​បរិមាណ​១៨,៦៩២​ម៉ែត្រគូប​(៥៥​ដុំ​)​ ដឹក​ជញ្ជូន​តាម​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-7755​ ។​

​ទោះបី​មាន​លិខិតអនុញ្ញាត​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ដែល​ដេញថ្លៃ​បាន​ដោយ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ា​ង​ក៏​ដោយ​ ក៏​ជាក់ស្តែង​គឺ​ឈ្មួញ​ឈើ​ឈ្មោះ​ ព្រំ​ ថន​ បាន​ប្រព្រឹត្ត​ល្មើសច្បាប់​យ៉ាងធ្ងន់ធ្ងរ​ ដោយ​ដឹកឈើ​លើស​បរិមាណ​កំណត់​រហូត​ដល់​ទៅ​ជិត​៦៨​ម៉ែត្រគូប​(​លើស​ជាង​២​ដង​នៃ​បរិមាណ​កំណត់​)​ ដែល​អំពើ​ល្មើសច្បាប់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់​បាន​ និង​ត្រួតពិនិត្យ​នា​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៤​ រក​ឃើញ​ថា​ រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-2737​ ដឹកឈើ​រហូត​ដល់​១១៤​ដុំ​ ស្មើនឹង​បរិមាណ​ជិត​៤១​ម៉ែត្រគូប​,​ រថយន្ត​ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-3080​ ដឹកឈើ​រហូត​ដល់​១២១​ដុំ​ ស្មើនឹង​បរិមាណ​ជាង​៤០​ម៉ែត្រគូប​ និង​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-7755​ ដឹកឈើ​រហូត​ដល់​១១៣​ដុំ​ ស្មើនឹង​បរិមាណ​ជាង​៤០​ម៉ែត្រគូប​ ។​

​សេចក្តីរាយការណ៍​ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ដែរ​ថា​ វត្ថុ​តាង​ឈើ​ល្មើសច្បាប់​ដែល​ដឹក​ជញ្ជូន​ដោយ​ឈ្មួញ​ឈើ​ឈ្មោះ​ ព្រំ​ ថន​ មាន​បរិមាណ​ជិត​៦៨​ម៉ែត្រគូប​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​នោះ​កំពុង​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​នៅឡើយ​ទេ​ ខណៈ​ករណី​បង្ក្រាប​ការ​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​របស់​ឈ្មួញ​ឈើ​ឈ្មោះ​ ព្រំ​ ថន​ នេះ​ហាក់​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​ គ្មាន​ឈើ​ញ​ចាត់ការ​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើសច្បាប់​ទាល់តែ​សោះ​ ជា​ហេតុ​នាំ​ឲ្យ​មជ្ឈដ្ឋាន​នានា​សង្ស័យ​ថា​ មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ។​

​សូម​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មេត្តា​មាន​វិធានការ​ស៊ើបអង្កេត​ និង​ចាត់ការ​ទៅ​លើ​ករណី​បង្ក្រាប​ការ​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ជិត​៦៨​ម៉ែត្រគូប​ មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​របស់​ឈ្មួញ​ឈើ​ឈ្មោះ​ ព្រំ​ ថន​ នៅ​ខេត្តស្ទឹងត្រែង​នោះ​ផង​ ដ្បិត​ស្ងាត់ឈឹង​ជិត​កន្លះ​ឆ្នាំ​ហើយៗ​មាន​ដំណឹង​រហិចរហៀង​ថា​ គេ​ចង់​បិទ​សំណុំរឿង​នេះ​ថែម​ទៀត​ ៕​  Prum-Than-Wood-(1)Prum-Than-Wood-(3)Prum-Than-Wood-(4) Prum-Than-Wood-(2)Prum-Than-Wood-(5)

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.