ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ចៅហ្វាយ​ខេត្តតាកែវ​លូកដៃ​រំលោភ​«កប់​ក្លៀក​»​លើ​អំណាច​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ​

​មានរឿង​រ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ហួសចិត្ត​ពន់ពេក​មួយ​បាន​កើតឡើង​នៅ​ទឹកដី​ខេត្តតាកែវ​ ដោយ​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ បាន​ចេញ​លិខិត​កោះ​អញ្ជើញលោក​ប្រធាន​សាលាដំបូង​ខេត្ត​ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ករណី​របាយការណ៍​ចុះ​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៤​ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ ស្តី​ពី​ការ​សម្រេច​មិន​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ ពី​បទ​រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ខណៈ​ចំណាត់ការ​របស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​រូប​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​បាន​សម្តែង​នូវ​ការ​រិះគន់​ថា​ ជា​អំពើ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​អំណាច​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ​ ផ្ទុយ​ទៅ​នឹង​មាត្រា​៥១​ថ្មី​ និង​មាត្រា​១២៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​លោក​ចៅក្រម​ប្រធាន​សាលាដំបូង​ខេត្តតាកែវ​ និង​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ ត្រូវ​បាន​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ កោះ​អញ្ជើញ​តាម​លិខិត​សរសេរ​ផ្ទាល់​ដៃ​ចុះ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៤​ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ករណី​របាយការណ៍​ចុះ​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៤​ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ ស្តី​ពី​ការ​សម្រេច​មិន​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ ពី​បទ​រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ តាម​កាល​វេលា​កំណត់​ម៉ោង​១០​ព្រឹក​នា​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៤​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលា​ខេត្តតាកែវ​ បាន​ឲ្យ​ដឹង​ថា​ លោក​ចៅក្រម​ ប្លង់​ ឆ្លាម​ ប្រធាន​សាលាដំបូង​ខេត្តតាកែវ​(​បច្ចុប្បន្ន​ជាប់​ឆ្នោត​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​)​ និង​លោក​ ច្រឹង​ ខ្មៅ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ បាន​ចូលខ្លួន​ទៅ​បំភ្លឺ​រួច​ហើយ​តាម​ការ​កោះហៅ​របស់​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ ពោល​គឺ​មិន​ហ៊ាន​ប្រកែក​រឹងទទឹង​អ្វី​ឡើយ​ជាមួយនឹង​អំណាច​មហិមា​របស់​ចៅហ្វាយ​ខេត្តតាកែវ​ ដែល​ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម​ ស៊ូ​ ភិ​រិ​ន្ទ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ជុំវិញ​ការ​កោះ​អញ្ជើញលោក​ប្រធាន​សាលាដំបូង​ខេត្ត​ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ពី​សំណាក់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បែប​នេះ​ ដូច​តទៅ​ ៖

១-​អំពើ​របស់​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ ដែល​កោះ​អញ្ជើញលោក​ប្រធាន​សាលាដំបូង​ខេត្ត​ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ករណី​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ ស្តី​ពី​ការ​សម្រេច​មិន​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ពី​បទ​រក្សា​ទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នោះ​ គឺជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​អំណាច​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ​ ដូច​មាន​ចែង​ក្នុង​មាត្រា​៥១​ថ្មី​ និង​មាត្រា​១២៨​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដ្បិត​ស្ថាប័ន​តុលាការ​មាន​អំណាច​ឯករាជ្យ​របស់​ខ្លួន​ មិន​អាច​តម្រូវ​ឲ្យ​អាជ្ញាធរ​ដែនដី​ តំណាង​រាជរដ្ឋាភិបាល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​កោះហៅ​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា​នៃ​ស្ថាប័ន​តុលាការ​ ឲ្យ​មក​បំភ្លឺ​ករណី​អ្វីមួយ​បាន​ឡើយ​ វៀរលែងតែ​ករណី​កោះ​អញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ​ការងារ​ផ្សេងៗ​ ។​

២-​ការ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​របស់​លោក​ចៅក្រម​ ប្លង់​ ឆ្លាម​ ប្រធាន​សាលាដំបូង​ខេត្តតាកែវ​ និង​លោក​ ច្រឹង​ ខ្មៅ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ តាម​ការ​កោះ​អញ្ជើញ​តាម​របៀប​មិន​ត្រឹមត្រូវ​ ខុស​នីតិវិធី​របស់​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ ក៏​មាន​ចំណែក​ខុសឆ្គង​ និង​បង្អាប់បង្អោន​ដល់​កិត្យានុភាព​ និង​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​តុលាការ​ផង​ដែរ​ ពីព្រោះ​ករណី​នេះ​មិន​ត្រូវ​ទៅ​ចូលរួម​ឆ្លើយ​បំភ្លឺ​ឡើយ​ ហើយ​បើ​ចង់ទៅ​ក៏​ត្រូវ​សុំ​មតិ​ណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជា​មុន​ ទើប​ត្រឹមត្រូវ​ ។​ ប្រសិនបើ​ឯកឧត្តម អង្គ វង្សវឌ្ឍានា ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​អនុញ្ញាត​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ សឹម​ទៅ​ដើម្បី​ចូលរួម​បាន​ប្រព្រឹត្ត​ខុសច្បាប់​ទាំង​កំរោល​ និង​ថោកទាប​មួយ​ពូជ​តុលាការ​ទាំងអស់​តែ​ម្តង​ទៅ​ ។​ ចប់​ ឯវំ​ !​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.