ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ធនធាន​ឈើ​ខ្មែរ​មាន​តម្លៃ​ជិត​២៣០​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ឆ្នាំ​ បាន​ធ្លាក់​ចូល​ហោប៉ៅ​ឈ្មួញ​ឈើ​ដ៏​ធំ​គឺ​ឧកញ៉ា​ ទ្រី​ ភាព​

​របាយការណ៍​ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ​ បាន​ទម្លាយ​ឲ្យ​ធ្លាយ​ចេញ​មក​ក្រៅ​ថា​ ឈ្មួញ​ឈើ​ដ៏​មាន​អំណាច​បំផុត​នៅ​កម្ពុជា​ គឺ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ អគ្គនាយក​ក្រុមហ៊ុន​ MDS​ Import​ Export​ Co.,​ Ltd.​ និង​ត្រូវជា​ប្អូនធម៌​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ជា​ភរិយា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​បាន​ប្រាក់​ចំណេញ​ជិត​២៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​៣​ឆ្នាំ​ ពី​ជំនួញ​ធនធាន​ព្រៃឈើ​កម្ពុជា​ ខណៈ​របាយការណ៍​ស៊ើបអង្កេត​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​បង់ប្រាក់​ឲ្យ​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ដើម្បី​ទទួល​បាន​សិទ្ធិ​អំណាច​កាប់​ និង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ស្រុក​ខ្មែរ​ នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​ ។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​អភិរក្ស​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ទទួល​បាន​សិទ្ធិ​អំណាច​ឈូស​ឆាយ​អាង​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​ និង​ដី​សម្បទាន​ចំនួន​៣​នៅ​ទី​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ ទំហំ​៣៣​ម៉ឺន​ហិ​កតា​ និង​តាម​ការ​ប៉ាន់ស្មាន​អាច​ទទួល​បាន​ប្រាក់​ស្មើនឹង​ប្រមាណ​២២៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ពី​ប្រតិបត្តិការ​កាប់​និង​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម​ឈើ​ចេញពី​ជួរ​ភ្នំក្រវាញ​ ខណៈ​ផ្អែក​លើ​ព័ស្តុតាង​អាជ្ញាប័ណ្ណ​ គឺ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​យក​ឈើ​ចំនួន​ប្រមាណ​១៦.១៣៥​ម៉ែត្រគូប​ចេញពី​តំបន់​អូរ​សោម​ ។​

​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ មាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុមហ៊ុន​ China​ Yunan​ Corporation​ ក្នុង​រឿង​កាប់​ឈើ​សម្រាប់​តំបន់​អាង​វា​រី​អគ្គិសនី​អា​តៃ​ និង​ជាមួយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ Hoang​ Anh​ Gia​ Lai​ Company(HAGL)​ រឿង​នាំ​ចេញ​ឈើ​ប្រណីត​ពី​ដី​សម្បទាន​នៅ​ខេត្តរតនគិរី​ ។​

​លើស​ពី​នេះ​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ទទួល​បាន​អាជ្ញាប័ណ្ណ​ឈូស​ឆាយដី​សម្បទាន​ដែល​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​សិង្ហ​បុរី​ HLH​ Group​ មាន​ទំនាក់ទំនង​ជាមួយ​លោក​ជំទាវ​ ហ៊ុន​ សេង​នី​ ប្អូនស្រី​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាន​ទំនាក់ទំនង​ជាមួយ​ឯកឧត្តម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឈ្មួញ​ដ៏​មាន​អំណាច​នៅ​កម្ពុជា​ ព្រមទាំង​ជា​ស្វាមី​របស់​លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ បង្កើត​ក្រុមហ៊ុន​ Hongfu-Try​ Pheap​ Mining​ Development​ Construction​ ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​ដែក​នៅ​តាម​ព្រំដែន​រវាង​ខេត្តស្ទឹងត្រែង​ និង​ខេត្តព្រះវិហារ​ ។​

​លោក​ ទ្រី​ ភាព​ ជា​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​កម្ពុជា​ មាន​ចម្ការ​ម្រេច​មួយ​កន្លែង​ ឋិត​នៅ​ស្រុក​រវៀង​ ខេត្តព្រះវិហារ​ ទំហំ​ផ្ទៃដី​ប្រមាណ​១៧០​ហិ​កតា​ និង​មាន​កាស៊ីណូ​មួយ​កន្លែង​នៅ​ខេត្តរតនគិរី​ ហើយ​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/២១៤​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០០៤​ ។​

​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/១១០​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០០៩​ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដកហូត​មុខ​តំណែង​នេះ​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១០/២៧៣​ ចុះ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០១០​ ដោយ​មិនដឹង​មូលហេតុ​ពិតប្រាកដ​ ។​

​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ឧកញ៉ា​ ទ្រី​ ភាព​ នៅឡើយ​ទេ​ ទាក់ទង​ទៅ​នឹង​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អភិរក្ស​អន្តរជាតិ​នោះ​ ៕​

Filed in: Uncategorized, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.