ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ការ​តែងតាំង​ជន​មាន​ទ្រព្យធន​ជា​ឧកញ៉ា​ជិត​១​ពាន់​នាក់​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មិន​មាន​ស្តង់ដារ​រួម​ ខណៈ​តម្លៃ​ឧកញ៉ា​ធ្លាក់​ចុះ​ខ្លាំង​

​ជន​ដែល​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដែល​តាម​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ បញ្ជាក់​ថា​ ជា​ពាក្យ​ប្រើ​ជា​ឋានន្តរស័ក្តិ​នៃ​មន្ត្រី​ថ្នាក់ខ្ពស់​ជាង​ទី​ ឬ​អ្នកចេះ​ត្រួតត្រា​មុខការ​ក្នុង​ក្រសួង​ ឬ​នាទី​របស់​ខ្លួន​នោះ​ បាន​កើត​មាន​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ ជា​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១​ ឬ​មុន​របប​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ​ ។​

​យោង​តាម​រាជ​សារ​បើកចំហ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ កាលពី​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ និង​គង់​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ច្រក​ម្ពុ​ជាទី​២​ ចុះ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០០៣​ ទ្រង់​បាន​ព្រះ​តម្រិះ​ពី​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ ថា​ "​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​គ្មាន​មហាសេដ្ឋី​រាប់​មិន​អស់​ដូច​សព្វ​ថ្ងៃនេះ​ទេ​ ដែល​លោក​អាច​នឹង​ធ្វើ​វិភាគទាន​ស្តុកស្តម្ភ​យ៉ាង​សម្បើម​ក្នុង​មួយ​ឆ្នាំៗ​ មួយ​ខែៗ​ ក្នុង​ការ​បង្កបង្កើត​សមិទ្ធផល​តូច​ មធ្យម​ ធំ​ នៅ​គ្រប់​ទិស​ទី​ជូន​ប្រទេស​ និង​ជាតិ​ ។​ នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​មាន​មហាសេដ្ឋី​តែ​មួយ​គត់​ គឺ​លោក​ តាន់​ ប៉ា​ ដែល​គាត់​មាន​មហា​សម្បត្តិ​តាំង​តែ​ពី​សម័យ​បារាំង​ត្រួតត្រា​កម្ពុជា​ ។​ ក្រៅពី​លោក​ឧកញ៉ា​ តាន់​ ប៉ា​ មាន​ឧកញ៉ា​ចំនួន​តិច​ជាង​១០​នាក់​ គឺ​លោក​ ស​ ហី​,​ លោក​ អុង​ ប៉ា​ង​ខោល​ និង​លោក​ពីរ​ឬ​បី​នាក់​ទៀត​ដែល​មិន​ចាំ​ឈ្មោះ​ ។​ ឥឡូវនេះ​វិញ​ មាន​ឧកញ៉ា​មហាសេដ្ឋី​រាប់​មិន​អស់​ទេ​ ដែល​អាច​ជួយ​រាជរដ្ឋាភិបាល​បាន​ ។​"​ ។​

​តួលេខ​បាន​បង្ហាញ​ថា​ ជន​ដែល​ទទួល​បានការ​តែងតាំង​ជា​អ្នកឧកញ៉ា​ និង​ឧកញ៉ា​(​ទាំង​មន្ត្រី​ស៊ី​វិល​ ទាំង​មន្ត្រី​ប្រដាប់​អាវុធ​ ទាំង​អ្នកជំនួញ​…)​ ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ មាន​ចំនួន​ជាង​៧០០​នាក់​ ។​

​មាន​ចំណុច​ជា​ច្រើន​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​អ្នកមាន​ទ្រព្យធន​ជា​ឧកញ៉ា​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ដូច​តទៅ​ ៖

១-​ថ្វី​ដ្បិត​ឧកញ៉ា​ ឬ​អ្នកឧកញ៉ា​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ក៏​ពិតមែន​ ប៉ុន្តែ​ទម្រង់​ដែល​នាំ​ឈាន​ទៅ​ឲ្យ​មានការ​តែងតាំង​ជន​មាន​ទ្រព្យធន​ជា​ឧកញ៉ា​ មាន​ច្រើន​ប្រភេទ​ ជា​អាទិ៍​ ៖​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​ប្រធាន​ព្រឹទ្ធសភា​ផង​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​ប្រធានរដ្ឋសភា​ផង​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​នាយក​រដ្ឋមន្ត្រី​ផង​ និង​គ្មាន​បញ្ជាក់​អំពី​ប្រភព​នៃ​ការ​ស្នើ​ទូល​ថ្វាយ​ផង​(​ឬ​ក៏​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ផ្ទាល់​ ?)​ ពោល​គឺ​គ្មាន​ស្តង់ដារ​រួម​តែ​មួយ​ដូច​សម័យ​សង្គមរាស្ត្រនិយម​ជា​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១​ឡើយ​ ។​

២-​មាន​បាតុភាព​អសកម្ម​ជា​ច្រើន​កើត​ចេញពី​អំពើ​របស់​ឧកញ៉ា​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​តម្លៃ​កិត្តិយស​ឧកញ៉ា​ធ្លាក់​ស្រុត​ចុះ​យ៉ាង​ខ្លាំង​ ជា​អាទិ៍​ ៖​ មាន​ឧកញ៉ា​ខ្លះ​ជំពាក់​លុយ​រដ្ឋ​ មាន​ឧកញ៉ា​ខ្លះ​រំលោភ​បំពាន​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​ និង​ទ្រព្យសម្បត្តិ​ឯកជន​ ហួងហែង​យក​មក​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ មាន​ឧកញ៉ា​ខ្លះ​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ផ្តន្ទាទោស​ដាក់គុក​ មាន​ឧកញ៉ា​ខ្លះ​ប្រឡាក់ប្រឡូស​នឹង​អំពើ​ពុក​រលួយ​នឹង​រឿងអាស្រូវ​ផ្សេងៗ​ទៀត​…​។​ល​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.