គ្រឿងចក្រនិងរថយន្តដឹកដីជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយដីភ្នំយ៉ាងគគ្រឹកគគ្រេងនៅតំបន់ឧទ្យានជាតិរាម ឋិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីធ្វើអាជីវកម្មយកថ្ម-ដីផង និងបំបាត់ភ្នំចោលឲ្យក្លាយទៅជាដីរាបធេងផង ខណៈគ្មានមន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញណាម្នាក់ហ៊ានអើតកទៅមើល និងត្រួតពិនិត្យឡើយ ។
ឆ្លើយតបជាមួយបណ្តាញសារព័ត៌មាន បុរសម្នាក់ឈ្មោះ ហេង វណ្ណា ដែលអះអាងថាជាទីប្រឹក្សាផ្ទាល់របស់លោកឧកញ៉ា លឹម ហ៊ុយឡេង ឈ្មួញដ៏មានឥទ្ធិពលនៅខេត្តព្រះសីហនុនោះ បានបញ្ជាក់ឲ្យដឹងថា ដីភ្នំដែលកំពុងធ្វើអាជីវកម្មជីកកាយយកថ្មីនិងដីនេះ គឺជាដីកម្មសិទ្ធិរបស់លោកឧកញ៉ា លឹម ហ៊ុយឡេង ។
ដូច្នេះ យោងតាមការអះអាងរបស់ទីប្រឹក្សាផ្ទាល់ឧកញ៉ា លឹម ហ៊ុយឡេង នោះ គឺមានន័យថា ដីភ្នំឋិតក្នុងតំបន់ឧទ្យាជាតិរាម ជាទ្រព្យសម្បត្តិរដ្ឋស្របតាមមាត្រា៥៨នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១៥នៃភូមិបាលឆ្នាំ២០០១ ព្រមទាំងជាតំបន់អភិរក្សការពារដោយព្រះរាជក្រឹត្យ ត្រូវក្លាយជាទ្រព្យសម្បត្តិរបស់លោកឧកញ៉ា លឹម ហ៊ុយឡេង អស់ទៅហើយ ។
លោក លឹម ហ៊ុយឡេង ជាឈ្មួញដ៏មានឥទ្ធិពលមួយរូបនៅក្នុងទឹកដីសមុទ្រខេត្តព្រះសីហនុ និងធ្លាប់ត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាទៀតផង ។ លោកត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០០/១៤១ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០០ និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៕